(ឡុងដ៍)៖ មិនបាច់និយាយច្រើនទេ លោក Boris Johnson ដែលជាអ្នកកាន់ពានរង្វាន់ធំ ក្រោយយុទ្ធនាការ បំផុសបំផុល ឲ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបបានសម្រេចនោះ ហាក់បង្ហាញពីចរឹតដូចក្មេងលេងដី ដោយលោកបានឆ្លើយតបមកវិញយ៉ាងច្បាស់ថា លោកនឹងមិនឈរឈ្មោះ យកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ដែលត្រូវរ៉ាប់រងថ្មបាក់ពីលោក David Cameron នោះទេ បើទោះបីជារូបលោក ត្រូវទទួលរងការចោទប្រកាន់ថា ជាមេខ្យល់ បង្ករឿងនេះក៏ដោយ។
សារព័ត៌មាន CNN របស់អាមេរិក បាននិងកំពុងតាមដានស្ថានការណ៍ អង់គ្លេសយ៉ាងដិតដល់ រហូតមកដល់ល្ងាចថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានរយៈពេលមួយសប្តាហ៍ត្រឹម ក្រោយពីអង់គ្លេសបោះឆ្នោតចាកចេញពី EU ទាំងមិនដាច់អាល័យ។ ចំពោះមុខអ្នកប្រឆាំង ការចាកចេញពីអឺរ៉ុប ដែលជិះឡានក្រុងជាច្រើនគ្រឿង តវ៉ានៅតាមដង ផ្លូវទីក្រុងឡុងដ៍នោះ អតីតអភិបាលទីក្នុងឡុងដ៍ គឺលោក Boris Johnson បានប្រញាប់ប្រញាល់ឡើងរថយន្ត ជិះចេញ យ៉ាងលឿនពីការិយាល័យ សំដៅទៅកាន់លំនៅដ្ឋានវិញ យ៉ាងសុខសាន្ត។
ប្រការនេះ វាបានបង្ហាញថាលោក Boris Johnson ទំនងជាមិនអាចស្មានដឹងជាមុនទេ ថាលទ្ធផលចេញមកបែបនេះ បានបង្ករឿងឲ្យអាក្រក់ធ្ងន់ធ្ងរ លើសការស្មាន។ វាត្រូវបានចាត់ទុកជាថ្ងៃ ដ៏គួរឲ្យតក់ស្លុតបំផុត លើផ្លូវនយោបាយ របស់ចក្រភពអង់គ្លេស ដែលមួយសប្តាហ៍មកហើយ បញ្ហាកាន់តែវិវឌ្ឍន៍ខ្លាំងឡើង ដូចជំងឺមហារីក។ ពេលនេះ ចក្រភព អង់គ្លេសទាំងមូល ហាក់កំពុងបែងចែកកន្លែងរស់នៅ ជាពីរទៅហើយ គឺ «នៅបន្ត» និង «ចាកចេញ» ពីសហភាពអឺរ៉ុប។
ចំពោះលោក David Cameron ដែលកន្លងមក បានចង់ឲ្យតែអង់គ្លេសបន្តនៅក្នុង អឺរ៉ុប ដដែលនោះ ក៏បាននិយាយរួចទៅហើយដែរថា កាតព្វកិច្ចដ៏មហាឈឺក្បាល ថាតើចក្រភពអង់គ្លេស ត្រូវធ្វើអ្វីជាបន្តទៀតនោះ លោកសូមទុកឲ្យ មេដឹកនាំក្រោយ ជាអ្នកធ្វើទៅចុះ ព្រោះលោកនឹងចុះចេញពីតំណែង នៅខែតុលាខាងមុខនេះហើយ។ មិនថាតែ រដ្ឋាភិបាលប៉ុណ្ណោះទេ ដែលមានការប្រេះស្រាំរឿងនិន្នាការ សូម្បីតែបក្សប្រឆាំងនៅអង់គ្លេសក៏មានភាពរំជើបរំជួល និងផ្លាស់ប្តូរថ្នាក់ ដឹកនាំរបស់ខ្លួនដែរ ដូចជាគណបក្ស Labour Party ជាដើម ដែលត្រូវបានហែកជាបំណែកហើយ។
ងាកមកមើលបញ្ហាសេដ្ឋកិច្ចវិញ គ្រាន់តែពីរថ្ងៃប៉ុណ្ណោះ ទីផ្សារសេដ្ឋកិច្ចសកលបានបាត់បង់ទឹកប្រាក់ ៣ពាន់ពាន់លានដុល្លារអាមេរិក ដែលវាជារឿងអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ។ ប្រាក់ផោនរបស់អង់គ្លេស បានលិចលង់តម្លៃ ១២ភាគរយទៅហើយ គិតចាប់តាំងពីថ្ងៃបោះឆ្នោត មកមួយសប្តាហ៍នេះ។ ភាគច្រើននៃវិនិយោគិន បានមើលឃើញចក្រភពអង់គ្លេស ក្នុងផ្លូវវិជ្ជមានទៅហើយ ដោយរដ្ឋាភិបាល ក៏មិនទាន់មានចំណាត់ការអ្វីទៅរឿងនេះ ឲ្យមានប្រសិទ្ធភាពដែរ ព្រោះអ្វីៗបាន កើតឡើងភ្លាមពេក។ នៅពេលនេះ មានតែសំណួរប៉ុណ្ណោះ ថាតើអង់គ្លេស នឹងមានអនាគតដូចម្តេច?
ផ្តល់សិទ្ធដោយ៖ ខ្មែរថកឃីង