CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីអាមេរិក ខ្លាចប្រពន្ធ ទើបឈប់ជក់បារី (មាន​វីដេអូ)

លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​និយាយ​សារភាពតិចៗ ប៉ុន្ដែ​ត្រូវ​មីក្រូហ្វូន​ស្រូប​សម្លេង​បាន ៖ “ខ្ញុំ​បាន​បោះបង់​បារី​ហើយ នោះ​ព្រោះតែ​ខ្លាច​ប្រពន្ធ។


 
ប្រធានាធិបតី Obama និង​ភរិយា Michelle

មេដឹកនាំ​របស់​អាមេរិក​រូបនេះ បាន​បង្ហើប​ព័ត៌មាន​ខាងលើ នៅក្រៅ​ព្រឹត្តិការណ៍​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ក្រុង New York ស្ដីអំពី​សារសំខាន់​នៃ​សង្គម​ស៊ីវិល កាលពី​ថ្ងៃទី ២៣កញ្ញា ឆ្នាំ២០១។

នៅក្នុង​ខ្សែ​អាត​សម្លេង​មួយ​ដែល​ត្រូវបាន​អ្នកសារព័ត៌មាន​អាមេរិក​ថត​បាន លោក Obama កំពុង​ឈរ​ជជែក​គ្នា ក្រោយ​កិច្ចប្រជុំ និង​បាន​សួរ​បុរស​ម្នាក់​ឈរ​នៅក្បែរ​ថា លោក​បាន​បោះបង់​បារី​ហើយ ឬ​នៅ។ នៅពេល​បុរស​នៅក្បែរនោះ​សួរ​ត្រឡប់មកវិញ លោក Obama ឆ្លើយតប​ដោយ​សប្បាយ​ថា ៖ “រយៈពេល ៦ឆ្នាំ​មកនេះ ខ្ញុំ​មិនបាន​ជក់បារី​មួយ​ដើម​ណា​នោះទេ។ នោះ​ក៏​ដោយសារតែ​ខ្ញុំ​ខ្លាច​ប្រពន្ធ” ។

ការសន្ទនា​ដ៏​ខ្លី​ខាងលើ ត្រូវបាន​មីក្រូហ្វូន​ថត​សម្លេង​បាន ដោយ​អ្នក​ទាំងពីរ​មិនបាន​ដឹងខ្លួន​សោះ។ លោក Obama ធ្លាប់បាន​ញៀន​បារី​អស់​មួយរយៈ​ពេល​វែង ហើយ​លោក​បាន​ហៅ​ខ្លួនឯង​ថា ជា​មនុស្ស​ញៀន​បារី នៅក្នុង​សៀវភៅ​កំណត់ហេតុ​វ័យក្មេង​របស់គាត់ ដែលមាន​ឈ្មោះថា “ក្ដី​ស្រមៃ​ពី​ឪពុក​ខ្ញុំ” ។

គួររំឭកថា ទម្លាប់​ជក់បារី និង​ការខិតខំ​ដើម្បី​បោះបង់​ទម្លាប់​នេះ​របស់លោក Obama បាន​ក្លាយជា​ប្រធានបទ​សំខាន់​នៅលើ​ទំព័រសារព័ត៌មាន​អាមេរិក ចាប់តាំងពី​លោក​ចូលរួម​ប្រ​ជែក​យក​កៅអី​ប្រធានាធិបតី នា​ឆ្នាំ ២០០៨ ។

ក្នុង​ឆ្នាំ​ដំបូង​នៃ​ការឡើង​ធ្វើជា​ប្រធានាធិបតី លោក Obama បាន​បង្ហើប​ឱ្យដឹងថា ខ្លួន​បាន​បោះបង់​បារី​អស់ ៩៥% ប៉ុន្ដែ​ក៏បាន​សារភាពថា ជួនកាល​ក៏​លួច​ជក់ខ្លះ។

អ្នកនាំពាក្យ​របស់​សេត​វិមាន លោក Robert Gibbs កាលពី​ខែតុលា ឆ្នាំ ២០១០ ឱ្យដឹងថា លោក Obama បោះបង់​បារី បាន ៩ខែ ហើយ​លោក​កំពុង​ព្យាយាម​បោះបង់​បារី​ទាំងស្រុង បើទោះជា​មាន​សម្ពាធ​ខ្លាំង​ពី​ការងារ​ក៏ដោយ។

លោកស្រី Michelle Obama ដែលជា​សកម្មជន​ផ្នែក​សុខភាព​សាធារណៈ ធ្លាប់បាន​បង្ហាញ​អំពី​ការមិន​ចូលចិត្ត​ស្វាមី​ជក់បារី ប៉ុន្ដែ លោកស្រី​ឱ្យដឹងថា លោក Obama មិនដែល​ជក់បារី​នៅ​ចំពោះមុខកូនៗនោះដែរ។ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១១ លោកស្រី Michelle Obama ក៏បាន​ថ្លែងថា ស្វាមី​របស់លោក​ស្រី បោះបង់​បារី​បាន​មួយឆ្នាំ​ទៅហើយ។

 

ដោយ ៖ តារា
ប្រភព ៖ nydailynews

 

 


Tags: Barack Obama cigarette Michelle