CamNews

ព័ត៌មានបច្ចេកវិទ្យា 

Huawei ចង់ដណ្ដើមតំណែងរបស់ Apple ក្នុងរយៈពេលពីរឆ្នាំទៀត

ក្រុមហ៊ុនចិន Huawei បានដាក់គោលដៅក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទីពីរក្នុងពិភពលោក
ដោយនៅពីក្រោយតែ Samsung ក្នុងឆ្នាំ ២០១៨។

Richard Yu អះអាងថា នឹង​ដណ្ដើម​តំណែង​ពី Apple ក្នុងរយៈពេល២ឆ្នាំ​ទៀត

Richard Yu អគ្គនាយកប្រតិបត្តិផ្នែកអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានថ្លែងនៅលើទំព័រ
Reuters ថា ជាជំហានៗ ពួកគេនឹងកាន់កាប់តំណែងរបស់ Apple ក្នុងវិស័យស្មាតហ្វូន។

លោក Richard Yu បានអះអាងថា “មានឱកាសជាច្រើនដែលអាចនាំឱ្យយើងខ្ញុំឈានឡើង នោះគឺ
បច្ចេកវិទ្យាខួរក្បាលសិប្បនិម្មិត និងបច្ចេកវិទ្យា Virtual Reality។ ដូចទៅនឹងការប្រណាំងឡាន នៅ
ត្រង់កន្លែងកោង ឬផ្លូវបំបែក នឹងមានឱកាសដើម្បីឱ្យអ្នកវ៉ាទៅមុខគូប្រជែង”។

នៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei កំពុងតែបង្ហាញនូវ “សមត្ថភាព” របស់ខ្លួនក្នុងវិស័យ
ស្មាតហ្វូន។ លោក Richard Yu បន្តថា “កាលពី៤ឆ្នាំមុន នៅពេលដែលយើងខ្ញុំនិយាយថា នឹងលក់
ទូរស័ព្ទ អ្នករាល់គ្នាយល់ថា យើងខ្ញុំពិតជាឆ្កួត។ ហើយនៅពេលយើងខ្ញុំប្រកាសថានឹងលក់ទូរស័ព្ទ
១០០លានគ្រឿង ពួកគេនៅតែនិយាយថា យើងខ្ញុំពិតជាឆ្កួត។ ចំណែកបច្ចុប្បន្ន Huawei បានក្លាយ
ជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេលំដាប់ទីបីនៅក្នុងពិភពលោក។”

ថ្មី​ៗនេះ Huawei បាន​បញ្ចេញ​ស្មាតហ្វូន Huawei Mate 9 កំណែ Porsche Design ដែលមានតម្លៃ
ថ្លៃជាង iPhone 7 ដល់ទៅពីរដង

នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៦ Huawei លក់ទូរស័ព្ទបានចំនួន ៣៣,៦លានគ្រឿង ដែលកាន់កាប់
៩% នៃចំនួនស្មាតហ្វូនក្នុងទីផ្សារ នេះបើតាមស្ថិតិរបស់ Strategy Analytics ។ ចំណែកក្រុមហ៊ុន
Apple បានលក់ចេញស្មាតហ្វូនចំនួន ៤៥,៥លានគ្រឿង កាន់កាប់ ១២% នៃចំនួនស្មាតហ្វូនក្នុងទីផ្សារ
ខណៈដែល Samsung កំពុងនាំមុខគេ ដោយបានលក់ចេញ ៧៥,៣លានគ្រឿង កាន់កាប់ ២០,១%
នៃចំនួនស្មាតហ្វូនក្នុងទីផ្សារពិភពលោក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters


Tags: Huawei