ពេលដែលទូរស័ព្ទ iPhone 4S បង្ហាញវត្តមានដំបូងរបស់ខ្លួន មានមហាជនជាច្រើនសំដែងការ
ខកចិត្តយ៉ាងខ្លាំងទាំងលើការរចនារូបរាងរបស់វានិងការរក្សានូវទំហំអេក្រង់ដដែលដូចទូរស័ព្ទ
iPhone 4 ជំនាន់មុន ។ ប៉ុន្តែអ្នកជំនាញផ្នែករចនាម៉ូដជាជនជាតិអាមេរិកលោក Dustin Curtis
បានធ្វើការបកស្រាយពន្យល់ថា ទំហំអេក្រង់ធំមិនប្រាកដថាមានប្រសិទ្ធិភាពល្អនោះឡើយ ។
អ្នកជំនាញរូបនោះបានប្រើប្រាស់ទាំងទូរស័ព្ទ iPhone 4 និងទូរស័ព្ទ Galaxy S II (អេក្រង់ទំហំ
៤,៣អ៊ីង) លោកបានធ្វើការកត់សំគាល់ឃើញថាទូរស័ព្ទរបស់ Samsung មានការពិបាកប្រើ
ប្រាស់ជាខ្លាំងជាមួយដៃម្ខាង ។
លោក Dustin បានសរសេរនៅលើប្លុករបស់ខ្លួនថា៖"នៅពេលបើកនូវកម្មវិធី Google Maps,
Galaxy S II បង្ករអោយមានអារម្មណ៍ពិបាកយ៉ាងខ្លាំងពីព្រោះតែម្រាមដៃមិនអាចលូកទៅដល់
ផ្នែកមួយចំនួនទៀតនៅលើអេក្រង់។ ប៉ុន្តែជាមួយ iPhone 4 គឺផ្ទុយស្រឡះ គ្រប់កិច្ចការមាន
លក្ខណៈងាយស្រួលបំផុតដោយគ្រាន់តែកាន់ទូរស័ព្ទនៅដៃខាងស្តាំហើយប្រើម្រាមដៃមេ គឺ
អាចលូកទៅដល់ស្ទើរតែគ្រប់ទីតាំងទាំងឡាយនៃអេក្រង់ជា Touch Screen របស់ទូរស័ព្ទ" ។
តាមការអោយដឹងពីក្រុមអ្នកជំនាញទាំងឡាយថា ទូរស័ព្ទមានអេក្រង់ទំហំ ៣,៥អ៊ីង គឺមាន
លក្ខណៈល្អប្រសើរបំផុតសំរាប់អ្នកប្រើប្រាស់ភាគច្រើន ជាពិសេសគឺភាគីខាងស្ត្រី ។ ដោយ
ឡែកទំហំនៃអេក្រង់នេះក៏ជួយមួយផ្នែកធំក្នុងការសន្សំថាមពលថ្មអោយបានកាន់តែយូរជាង
ផងដែរ មានរបៀបរៀបរយជាង ងាយស្រួលដាក់តាមហោប៉ៅ និងមិនសូវធ្ងន់ទៀតផង ។
ប៉ុន្តែមានមួយចំនួនចង់បានអេក្រង់ធំពីព្រោះអេក្រង់ធំគឺផ្តល់ភាពងាយស្រួលដល់ពួកគេក្នុង
ការចូលអានដំណឹងពត៌មានផ្សេងៗបានកាន់តែច្បាស់ រឺក៏ទស្សនាវីដេអូ ជាដើម ។
នៅលើទីផ្សារ,បណ្តាឧបករណ៍ smartphone "ទំហំយក្ស"ភាគច្រើនគឺរបស់ HTC និងរបស់
Samsung ជាមួយម៉ូដែល Galaxy Note (៥,៣អ៊ីង), Infuse 4G (៤,៥អ៊ីង), HTC Titan, HTC
Sensation XL (៤,៧អ៊ីង) ខណៈពេលដែលសមិទ្ធិផលរបស់ក្រុមហ៊ុនដទៃទៀតដូចជា Nokia
រឺក៏ Apple សុទ្ធតែមានអេក្រង់មានទំហំប្រហាក់ប្រហែលគ្នាគឺក្រោម ៤អ៊ីងប៉ុណ្ណោះ ៕
ប្រភព៖ ione.net
ដោយ៖ រស្មី