CamNews

សុខភាព 

ថ្នាំសាកល្បង សំរាប់ព្យាបាលជំងឺEbola ត្រូវបានរកឃើញហើយ

មន្រ្តីផ្លូវការបាននិយាយថា៖ បុគ្គលិកជំនួយជនជាតិអាមេរិច២រូប ដែលបានឆ្លងជំងឺ Ebola ហាក់ដូចជា មានការធូរស្បើយ បន្ទាប់ពីបានទទួលការព្យាបាលដោយថ្នាំសាកល្បង។ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា ថ្នាំ ZMapp ដែលត្រូវបានគេយកទៅពិសោធន៍លើសត្វស្វានោះ អាចធ្វើឲពួកគេគ្រាន់បើឡើង។ 




ទីព្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិច លោកស្រី Susan Rice បាននិយាយកាលពីថ្ងៃអង្គារថា៖  គ្រោះថ្នាក់នៃការឆ្លងជំងឺEbola ក្នុងសហរដ្ឋអាមេរិចនៅមានកំរិតទាប ដោយសារយើងមាន វិធីសាស្ត្រក្នុងការបំបែក និងគ្រប់គ្រងអ្នកជំងឺដែលមានរោគសញ្ញាជំងឺEbola នេះ។

ទន្ទឹមនឹងនេះ មានបុរសម្នាក់កំពុងសំរាកព្យាបាលនៅឯមន្ទីរពេទ្យ Mount Sinai Hospital ក្នុងទីក្រុង New York បន្ទាប់ពីគាត់ត្រលប់មកពីអាហ្វ្រិចខាងលិចវិញ។ ខាងមន្ទីរពេទ្យបាននិយាយថា៖ គាត់ត្រូវបានដាក់ឲនៅដាច់ពីគេ ហើយមានស្ថានភាពប្រក្រតីពេញមួយយប់។

ធនាគារពិភពលោកនឹងផ្តល់ជំនួយ២០០លានដុល្លារសហរដ្ឋអាមេរិច ជាជំនួយបន្ទាន់ដល់ប្រទេស ដែលកំពុងឆ្លងជំងឺ Ebolaនេះ។

សេចក្តីថ្លែងការណ៏អាកាសចរបាននិយាយថា៖ ប្រទេសអង់គ្លេស បានផ្អាកជើងហោះហើរសំរាប់ ការទៅមកប្រទេសលីបេរីយ៉ា និងសេរ៉ាលីអន រហូតដល់ថ្ងៃទី ៣១ សីហា ឆ្នាំ២០១៤ ដោយសារតែ វិបត្តិជំងឺនេះ។

វាគ្មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារ សំរាប់ជំងឺEbola ទេ ក៏ប៉ុន្តែអ្នកជំងឺអាចមានឱកាសរស់រាន ប្រសិនបើពួកគេទទួលបានការព្យាបាលទាន់ពេល។

វេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា៖ ការធ្វើតេស្តវ៉ាក់សាំងសាកល្បងនឹងត្រូវចាប់ផ្តើម ក្នុងខែកញ្ញានេះ។​ គាត់បានប្រាប់ កម្មវិធី BBC's Newsday ថា៖ យ៉ាងហោចណាស់ ពាក់កណ្តាល ឆ្នាំ២០១៥ យើងនឹងមានវ៉ាក់សាំងការពារជំងឺ Ebola សំរាប់បុគ្គលិកសុខភាព ដែលប្រថុយ គ្រោះថ្នាក់មើលថែអ្នកជំងឺ។ 



ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc 


Tags: ebola Zmapp drug ebola trial drug