CamNews

សុខភាព 

ប្រទេសនីហ្សេរីយ៉ា បានប្រកាសឲបិទសាលាទាំងអស់ ខណៈពេលមានការរាតត្បាត ជំងឺ Ebola (មានវីដេអូ)

គ្រប់សាលាទាំងអស់នៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានបញ្ជាឲបិទរហូតដល់ថ្ងៃទី ១៣ តុលា ជាផ្នែកមួយ នៃវិធានការក្នុងការទប់ស្កាត់ការរាតត្បាតនៃមេរោគដ៏សាហាវនេះ។








ឆ្នាំសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ប៉ុន្តែមន្ត្រីក្រសួងអប់រំ បានបង្គាប់ថា ក្នុងកំឡុងពេលបិទនេះ បុគ្គលិកសាលា នឹងត្រូវបានបណ្តុះបណ្តាលពីរបៀប ដោះស្រាយករណីជំងឺ Ebola។

មនុស្សចំនួន ៥នាក់ហើយ ដែលបានស្លាប់ដោយសារ មេរោគ Ebola នៅក្នុង ប្រទេសនីហ្សេរីយ៉ា។ ការផ្ទុះឡើង នៅអាហ្រ្វិចខាងលិច បានក្តោបយកប្រទេសហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន ដែលបាន សំលាប់មនុស្សអស់ជាង ១,៤០០ នាក់។ វាគឺជាការផ្ទុះឡើង ដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយមាន មនុស្សរហួតដល់ ២,៦១៥ នាក់បានឆ្លងជំងឺនេះ ហើយពាក់កណ្តាលបានបាត់បង់ជីវិត។

ប្រធានធនាគារអភិវឌ្ឍន៏អាហ្រ្វិច Donald Kaberuka បានអំពាវនាវដល់ ក្រុមហ៊ុន អាកាសចរ ឲចាប់ផ្តើម ដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ ចំពោះប្រទេស ដែលបានឆ្លងជំងឺនេះ។ ក្រុមហ៊ុនអាកាសចរ និង ប្រទេសនៅទ្វីបអាហ្រ្វិចមួយចំនួន បានផ្អាកជើងហោះហើរ ទៅកាន់ប្រទេស ហ្គីណេ លីបេរីយ៉ា និងសេរ៉ាលីអន ទោះបីអង្គការសុខភាពពិភពលោក ឲយោបល់ថា ការផ្អាកនេះវាមិនមានប្រសិទ្ធិភាព ឡើយ។ ម្សិលមិញ អាកាសចរប្រទេសបារាំង បានប្រកាសផ្អាកជើងហោះហើរ ទៅកាន់ប្រទេស សេរ៉ាលីអន ដោយធ្វើតាមបង្គាប់រដ្ឋាភិបាលបារាំង។

រដ្ឋាភិបាលប្រទេសនីហ្សេរីយ៉ា សង្ឃឹមថា រាល់ការខិតខំប្រឹងប្រែងទាំងអស់ អាចជួយ បង្រ្កាបការរាតត្បាត មេរោគនេះបាន។ មន្ត្រីក្រសួងអប់រំ Ibrahim Shekarau បាននិយាយថា៖ ក្រសួងអប់រំនៅក្នុងរដ្ឋ ទាំងអស់ ត្រូវរៀបចំជាបន្ទាន់ និង ធានាថា យ៉ាងហោចណាស់ត្រូវមានបុគ្គលិក ២នាក់មកពីសាលា នីមួយៗ ទាំងសាលារដ្ឋ និង ឯកជន ត្រូវបានបណ្តុះបណ្តាលដោយបុគ្គលិកសុខភាព។

លោក Kaberuka បាននិយាយថា៖ ធនាគារអភិវឌ្ឍន៏អាហ្រ្វិច AFDB បានចុះ កិច្ចព្រមព្រៀង ជាមួយ អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ថវិការ ៦០លានដុល្លារអាមេរិក ដើម្បីជាជំនួយក្នុងការប្រយុទ្ធ ប្រឆាំង នឹងមេរោគ Ebola នេះ។

កាលពីថ្ងៃ អង្គារ  អង្គការសុខភាពពិភពលោក បាននិយាយថា៖ ចំនួនវេជ្ជបណ្ឌិត និង គិលានុប្បដ្ឋាយិកា បានឆ្លងមេរោគនេះ មិនធ្លាប់កើតមានពីមុនមកទេ ដោយសារតែ កង្វះខាតបុគ្គលិក និងឧបករណ៏ការពារ។ នៅក្នុ្ងងប្រទេសមួយចំនួន ដែលបានឆ្លង ជំងឺនេះ មាន វេជ្ជបណ្ឌិតតែ ម្នាក់ រឺ២នាក់ប៉ុណ្ណោះសំរាប់ ព្យាបាល អ្នកជំងឺ ១០០,០០០នាក់។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  bbc 

 


Tags: Ebola Nigeria schools