សហភាពក្រុមអ្នកធ្វើការអភិវឌ្ឍន៍បង្កើតល្បែងកំសាន្តសំរាប់ទូរស័ព្ទចល័ត (CPU -Content
Provider Union) កាលពីថ្ងៃទី ២១ ខែវិច្ឆិការ ២០១១ ម្សិលម៉ិញ បានប្រកាសថាខ្លួនបានប្តឹង
Baidu ទាមទារអោយក្រុមហ៊ុនមួយនេះសងជំងឺចិត្តជាប្រាក់ចំនួន ៣០លានយាន់ ដែលស្មើ
នឹងប្រមាណជា ៤,៧លានដុល្លាអាមេរិក ក្រោមបទចោទប្រកាន់ថា Baidu បានរំលោភលើ
កម្មសិទ្ធិបញ្ញារបស់ខ្លួន។ នេះគឺជាបណ្តឹងចោទប្រកាន់ថ្មីមួយដែលក្រុមហ៊ុន អ៊ីនធើណែត ធំ
បំផុតរបស់ចិនត្រូវប្រឈមមុខនៅពេលនេះ។
Tian Lifeng ស្រ្តីអ្នកនាំពាក្យរបស់ CPU បានអោយដឹងថា សហភាពនេះប្តឹង Baidu ពីបទថា
ក្រុមហ៊ុននេះបានធ្វើការផ្គត់ផ្គង់អនុញ្ញាតអោយអ្នកប្រើប្រាស់ទាញយក (download )ដោយ
សេរី នូវប្រភេទល្បែងលេងប្រមាណជាជាង ៣៥០ ប្រភេទដែលជាល្បែងលេងសំរាប់ទូរស័ព្ទ
និងរចនាបង្កើតឡើងដោយ CPU ដោយមិនមានការអនុញ្ញាត។
ស្រ្តីអ្នកនាំពាក្យនោះបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា" យើងខ្ញុំស្នើសុំអោយធ្វើការបង់ប្រាក់
ជាងឺចិត្តចំនួន ៣០លានយាន់ ពីព្រោះ Baidu គិតរហូតមកដល់ពេលនេះបានលួចល្បែង
លេងរបស់ CPU រហូតដល់ ៣៥៤ ប្រភេទ "។
មានក្រុមហ៊ុនទាំងអស់ចំនួន ២៥ក្រុមហ៊ុនដែលពាក់ព័ន្ធនៅក្នុងរឿងក្តីបណ្តឹងខាងលើ និងត្រូវ
បាន CPU ធ្វើជាតំណាងជំនួសមុខ ហើយក៏សុទ្ធតែជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍បង្កើតល្បែង
លេងធុនតូចនៅក្នុងប្រទេសផងដែរ។ ពាក្យបណ្តឹងនោះត្រូវបានតុលាការមួយនៅក្នុងទីក្រុង
ប៉េកាំងជាអ្នកកាត់ក្តី។
ដោយឡែកចំពោះ Baidu ក៏បានធ្វើច្រានចោលនូវពាក្យបណ្តឹងនោះវិញភ្លាមៗផងដែរ ដោយ
បានធ្វើការបកស្រាយថាក្រុមហ៊ុនរុករករបស់ខ្លួនគឺគ្រាន់តែធ្វើការផ្តល់ជូនជា link ដល់អ្នកប្រើ
ប្រាស់ដើម្បីទាញយកដោយខ្លួនឯងពីក្រុមហ៊ុនទីបីប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់ Baidu លោក
Kaiser Kuo បានបញ្ជាក់ជាមួយ AFP ថា" ក្រុមហ៊ុនយើងខ្ញុំមិនបានទាញយកល្បែងកំសាន្ត
ទាំងនោះចូលមកក្នុង platform របស់ខ្លួនម្តងណានោះទេ ហេតុដូច្នេះ យើងខ្ញុំមិនមានទោស
រំលោភកម្មសិទ្ធិអ្វីដូចដែលបានចោទប្រកាន់នោះឡើយ"៕
ប្រភព៖ AFP
ដោយ៖ រដ្ឋា