CamNews

ទូរស័ព្ទ 

Nokia X2 នឹងក្លាយជាទីចាប់អារម្មណ៍ របស់អ្នកមាន ប្រាក់ចំណូលទាប

នេះគឺជាផលិតផលមួយក្នុងចំណោមផលិតផលដំបូង ដែលត្រូវបានបញ្ចេញដោយ Microsoft
ក្រោយពីក្រុមហ៊ុននេះ ទិញយកផ្នែកផលិតទូរស័ព្ទ និងសេវាកម្មរបស់  Nokia ។

ក្រោយពីសម្រេចបាននូវការទិញយកផ្នែកផលិតទូរស័ព្ទ និងសេវាកម្មរបស់ Nokia ក្រុមហ៊ុន
Microsoft នៅតែបន្ដអភិវឌ្ឍគម្រោងដែលកំពុងនៅសល់របស់ក្រុមហ៊ុននេះ ក្នុងចំណោមនោះ
ក៏មានគម្រោងផលិតស្មាតហ្វូន Nokia X2 ដែលជាកំណែថ្មីរបស់ Nokia X ។ តាមប្រភពមួយ
ចំនួន ឱ្យដឹងថា Nokia X2 រួមនឹងផលិតផលផ្សេងៗទៀត អាចនឹងត្រូវបាន Microsoft ឧទ្ទេស
នាម នៅក្នុងព្រឹត្តិការណ៍មួយ ដែលនឹងត្រូវបានប្រារព្ធឡើង នៅថ្ងៃទី ១៤ខែមិថុនា។
 
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេ នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ នោះគឺការបង្ហាញខ្លួនរបស់
Nokia X2 ។ Nokia X2 គឺជាកំណែបន្ទាន់សម័យមួយ ដែលនឹងមានគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់
ជាងច្រើន ធៀបនឹង Nokia X ។ Nokia X2 នឹងប្រើប្រាស់ឈីប Snapdragon 200 និង RAM
1GB ហើយតាមរយៈគ្រឿងម៉ាស៊ីនបែបនេះ គេជឿថា Nokia X2 នឹងទទួលបានការ និយម ច្រើនពីសំណាក់អតិថិជនដែលមានប្រាក់ចំណូលមធ្យម។

ទន្ទឹមនឹងវត្តមានរបស់ Nokia X2 បណ្ដាកំណែរបស់ Lumia 1520, Lumia 930 ក៏ត្រូវបានគេ
រំពឹងថានឹងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ខាងមុខនេះផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/cnet