CamNews

បច្ចេកវិទ្យា 

អ្នកឯកទេសវ័យក្មេងរបស់ Microsoft កំពុងស្ថិតក្នុង ស្ថានភាពដុនដាបបំផុត

Arfa Karim Randhawa,យុវនារីអាយុ ១៦ឆ្នាំ និងជាអ្នកឯកទេសម្នាក់ក្នុងចំណោមអ្នកឯក
ទេសមានវ័យក្មេងបំផុតក្នុងពិភពលោករបស់ Microsoft គឺចាប់តាំងពីនាងមានអាយុ ៩ឆ្នាំ
មកម្ល៉េះ។ បច្ចុប្បន្ននាងកំពុងតែស្ថិតនៅក្នុងស្ថានភាពដុនដាបបំផុត បន្ទាប់ពីនាងមានជំងឺ
ប្រគ្រីវកាច់កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ។

នាង Arfa Karim Randhawa ជាជនជាតិប៉ាគីស្ថាន ហើយនាងក៏ធ្លាប់បានជួបផ្ទាល់ជាមួយ
លោក Bill Gates និងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ឯកទេសផ្នែក Microsoft កាលពីនាង
មានអាយុបាន ៩ឆ្នាំផងដែរ។ បច្ចុប្បន្ននាងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដុនដាបបំផុត
និងកំពុងតែធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យមួយក្នុងប្រទេសប៉ាគីស្ថាន។ ហើយជីវិតរស់នៅ
របស់នាងពេលនេះអាចរក្សាបានដោយពឹងផ្អែកលើឧបករណ៍ម៉ាស៊ីនប៉ុណ្ណោះ។ គ្រូពេទ្យ
ជំនាញរបស់មន្ទីរពេទ្យបានអោយដឹងថាស្ថានភាពរបស់អ្នកជំងឺពេលនេះគឺមិនមានអ្វីជាក្តី
សង្ឃឹមទៀតនោះឡើយ ហើយនាង Arfa អាចនឹងបាត់បង់ជីវិតនៅពេលណាមួយមិនខាន
ទៀតផង។

ឪពុករបស់នាង Arfa លោក Amjad Karim Randhawa អោយដឹងថាកូនស្រីរបស់គាត់មាន
ជំងឺប្រគ្រីវកាច់ និងបង្កអោយប៉ះពាល់ដល់ខួរក្បាល បេះដូងរបស់នាងក៏ឈប់ធ្វើចលនា។
លោកបន្តថា"ពេលនេះមានតែអព្ភូតហេតុចំឡែកមួយប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះជីវិត
កូនស្រីរបស់គាត់បាន"។

បន្ទាប់ពីដំណឹងស្តីពីស្ថានភាពជំងឺរបស់នាង Arfa ត្រូវបានផ្សព្វផ្សាយនៅលើទំព័រកាសែត
នានានោះ អភិបាលខេត្ត Punjab Shahbaz Sharif ក៏បានធ្វើលិខិតប្រកាសស្នើសុំរកជំនួយ
ពីសប្បុរសជនជួយដល់ក្រុមគ្រួសាររបស់នាង Arfa ។ ប៉ុន្តែជំនួយនោះត្រូវបានគ្រួសាររបស់
នាង Arfa បដិសេធមិនទទួលយក។

ក្តីស្រលាញ់ខាងផ្នែកបច្ចេកវិទ្យារបស់ Arfa បានកើតមានឡើងតាំងពីនាងមានអាយុបាន
៥ឆ្នាំម្ល៉េះ គឺនៅពេលដែលឪពុករបស់នាងបានទិញកុំព្យូទ័រមួយគ្រឿងជាកាដូដល់នាង។
ក្រោយមកបន្ទាប់ពីសិក្សាស្វែងយល់ពីកុំព្យូទ័រអស់រយៈពេលដ៏យូរបំផុតមួយ នាង Arfa ក៏
បានឆ្លងផុតនូវដំណាក់កាលធ្វើតេស្តរបស់ Microsoft និងបានប្រែក្លាយជាអ្នកឯកទេសវ័យ
ក្មេងបំផុតក្នុងពិភពលោករបស់ Microsoft និងទទួលបានវិញ្ញបនប័ត្របញ្ជាក់ពេលនាងមាន
អាយុ ៩ឆ្នាំ។

នៅក្នុងឆ្នាំនោះដដែលនាង Arfa ក៏បានធ្វើដំណើរទៅកាន់ទីស្នាក់ការធំរបស់ Microsoft នៅ
ក្នុងប្រទេសអាមេរិក និងបានជួបផ្ទាល់ជាមួយលោក Bill Gates ទៀតផង។ នៅពេលបាន
ជួបជាមួយលោក Bill Gates, នាង Arfa បានចោទសួរសំនួរពីរទៅកាន់លោក Bill Gates គឺ៖
ទី១ " ហេតុអ្វីបានជាក្មេងមិនត្រូវបានទទួលការអនុញ្ញាតធ្វើការងារអោយ Microsoft ?" ទី២
"ហេតុអ្វីបានជាមានស្រ្តីតិចតួចបំផុតអាចបំរើការងារអោយក្រុមហ៊ុនមួយនេះ?"។

ឪពុករបស់ Arfa រំលឹកឡើងវិញកាលពីពេលដែលកូនស្រីរបស់ខ្លួនទទួលបានវិញ្ញាបនប័ត្រ
បញ្ជាក់របស់ Microsoft ៖" នៅពេលដែល Arfa បានឆ្លងផុតពីដំណាក់កាលនៃការប្រលង
ធ្វើតេស្តកាលពីនាងមានអាយុ ៩ឆ្នាំ សមាជិកគ្រប់គ្នាក្នុងគ្រួសារសុទ្ធតែបានគិតថា ប្រាកដ
ជាមានការភ័ន្តច្រឡំណាមួយចំពោះលទ្ធផលប្រលងនោះហើយ។ ប៉ុន្តែជាក់ស្តែងនាងពិត
ជាអាចធ្វើវាបាន។ Arfa ចង់បង្កើតនូវកម្មវិធី Software ផ្សេងៗដូចអ្វីដែលលោក Bill Gates
ធ្លាប់បានធ្វើនាពេលកន្លងមកនោះដែរ , នាងចង់ជួយដល់កុមារទាំងឡាយនិងមនុស្សក្រីក្រ
ទូទៅផងដែរ"។

មានកំណើតនៅក្នុងគ្រួសារក្រីក្រមួយ ប៉ុន្តែ Arfa តែងតែមានក្តីស្រម៉ៃចង់សិក្សាស្វែងយល់
អោយបានច្រើនពីបច្ចេកវិទ្យា ក៏ដូចជាចំណេះដឹងថ្មីផ្សេងៗនៅទូទាំងពិភពលោក ដើម្បីនាង
អាចយកចំណេះដឹងទាំងនោះមកជួយដល់ប្រជាជនក្នុងភូមិស្រុករបស់នាង។

ស្របពេលជាមួយនឹងទេពកោសល្យដ៏អស្ចារ្យខាងផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នាង Arfa
ក៏មានសម្ថភាពអាចសិក្សាស្វែងយល់បានលឿនរហ័សជាងមនុស្សទូទៅទៀតផង។ ទន្ទឹម
នឹងនោះ Arfa ថែមទាំងអាចបើកបរយន្តហោះបាននៅពេលដែលនាងមានអាយុ ១០ឆ្នាំ នៅ
ឯក្លឹបយន្តហោះមួយនៅ Dubai។

ទេពកោសល្យរបស់ Arfa មិនត្រឹមតែត្រូវបាន Microsoft ទទួលស្គាល់ប៉ុណ្ណោះទេ។ នៅពេល
នាងមានអាយុ ១៦ឆ្នាំ ជានិច្ចកាលនាងតែងតែជាអ្នកជំនួសមុខអោយប្រទេសប៉ាគីស្ថាននៅ
ក្នុងកិច្ចប្រជុំអន្តរជាតិផ្សេងៗផងដែរ។ ឆ្នាំ ២០០៥ នៅពេលដែលនាងមានអាយុ ១០ឆ្នាំ នាង
ធ្លាប់បានទទួលមេដាយ Fatimah Jannah ដែលផ្តល់ជូនដោយរដ្ឋាភិបាលប្រទេសប៉ាគីស្ថាន
សំរាប់អ្នកមានទេពកោសល្យវ័យក្នេង, មេដាយរបស់ស្ថាប័នឯកទេសផ្នែកពត៌មានវិទ្យារបស់
ពិភពលោក ក៏ដូចជាអ្នកតំណាងមុខអោយក្រុមហ៊ុនទូរគមនាគមន៍របស់ប៉ាគីស្ថានផងដែរ
កាលពីឆ្នាំ ២០១០។

បច្ចុប្បន្នស្ថានភាពជំងឺរបស់នាងត្រូវពឹងផ្អែកទាំងស្រុងលើឧបករណ៍ម៉ាស៊ីនជំនួយ ចំពោះ
សមាជិកក្រុមគ្រួសារក៏នៅតែមិនទាន់បោះបង់ចោលក្តីសង្ឃឹមនេះដែរ៕

ប្រភព៖ Tribune
ដោយ៖ រស្មី

Tags: electronicmicrosofttechnologybill gatesarfa karim randhawafatimah jannah