CamNews

បច្ចេកវិទ្យា 

អ្នកឯកទេសវ័យក្មេងរបស់ Microsoft ទទួលមរណៈភាព នៅអាយុ ១៦ឆ្នាំ

អ្នកឯកទេសវ័យក្មេងម្នាក់ក្នុងចំណោមអ្នកឯកទេសមានវ័យក្មេងបំផុតក្នុងពិភពលោករបស់
Microsoft ឈ្មោះនាង Arfa Karim Randhawa ដែល Camnews ធ្លាប់បានចុះផ្សាយម្តងរួចមក
ហើយស្តីអំពីដំណឹងដែលថានាងធ្លាក់ក្នុងសភាពដុនដាបបំផុតនិងដែលបាននាំយកទៅ
សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមួយក្នុងប្រទេស ប៉ាគីស្ថាននោះ
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ
២០១២ ម្សិលមិញនេះនាងបានទទួលមរណៈភាពហើយ។

នាង Arfa Karim Randhawa ជាជនជាតិប៉ាគីស្ថាន បានទទួលវិញ្ញាបនប័ត្របញ្ជាក់ឯកទេស
ផ្នែក Microsoft តាំងតែពីនាងមានអាយុបាន ៩ឆ្នាំមកម៉េ្លះ។ ហើយកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ
២០១១ កន្លងមកនាងស្រាប់តែមានជំងឺប្រគ្រីវកាច់តំរូវអោយនាំយកទៅសង្គ្រោះជាបន្ទាន់
នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសរបស់នាង។ ក្រុមគ្រូពេទ្យបានអោយដឹងថាស្ថានភាពជំងឺ
របស់នាងស្ថិតក្នុងសភាពប្រឈមនឹងគ្រោះថ្នាក់បំផុតនិងគ្មានសង្ឃឹមនោះឡើយ។ ដោយ
ឡែកឪពុករបស់នាងឈ្មោះ Amjad Karim Randhawa មិនទាន់អស់សង្ឃឹមនោះទេ គាត់តែង
តែនឹកសង្ឃឹមជានិច្ចថានឹងមានអព្ភូតហេតុចំឡែកណាមួយអាចជួយសង្គ្រោះជីវិតកូនស្រីជាទី
ស្រលាញ់របស់គាត់បានជាក់ជាមិនខាន ប៉ុន្តែគួរអោយសោកស្តាយអព្ភូតហេតុចំឡែកនោះ
ពុំបានកើតឡើងដូចអ្វីដែលគាត់រំពឹងទុកនោះឡើយ។

ការចាកចេញទៅរបស់ Arfa បានធ្វើអោយប្រជាជន ប៉ាគីស្ថាន មានការសោកស្តាយជាខ្លាំង
ជាពិសេសចំពោះអ្នកដែលស្រលាញ់វិស័យបច្ចេកវិទ្យានិងអ្នកដែលធ្លាប់ស្គាល់ឈ្មោះរបស់
នាង។ សពរបស់នាង Arfa នឹងត្រូវបញ្ចុះនៅក្នុងភូមិតូចមួយដែលគ្រួសាររបស់នាសកំពុង
រស់នៅ និងដែលស្ថិតនៅក្បែរទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន។

នាង Arfa Karim Randhawa ធ្លាប់បាននិយាយថា៖ " ប្រសិនបើអ្នកចង់ធ្វើនូវរឿងអ្វីមួយដែល
អស្ចារ្យសំរាប់ឆាកជីវិតរបស់ខ្លួន អ្នកត្រូវចងចាំថាភាពកំសាកខ្លាចញញើតមិនត្រូវអោយមាន
នៅក្នុងផ្នត់គំនិតរបស់អ្នកនោះឡើយ។ ប្រសិនបើអ្នកមានភាពកំសាកខ្លាចញញើត អ្នកនឹង
ប្រព្រឹត្តធ្វើទាំងការខ្មាសអៀន ហើយប្រសិនបើអ្នកមានភាពជឿជាក់អ្នកនឹងប្រព្រឹត្តធ្វើប្រកប
ដោយភាពជឿជាក់។ ដូច្នេះដាច់ខាតមិនត្រូវអោយភាពកំសាកខ្លាចញញើតគ្រប់ដណ្តប់លើ
ផ្នត់គំនិតរបស់អ្នកនោះឡើយ"៕

ប្រភព៖ Hothardware
ដោយ៖ រដ្ឋា

Tags: electronicmicrosofttechnologyarfa karim randhawaarfa karim