យោងតាមគេហទំព័រ BRG បានអោយដឹងថា Amazon មានគំរោងនឹងធ្វើការបង្ហាញវត្តមាន
គំរូឧបករណ៍ Tablet ជំនាន់ថ្មីរបស់ខ្លួនបន្តទៀតបន្ទាប់ពីទទួលបានជោគជ័យដ៏ធំធេងរបស់
សមិទ្ធិផល Kindle Fire កន្លងមក។ ក្រៅពីកំណែ ៧ អ៊ីង Amazon ក៏នឹងធ្វើការបង្ហាញនូវគំរូ
ថ្មីមួយទៀតផងដែរដែលមានទំហំប្រហាក់ប្រហែលគ្នានឹង iPad (១០ អ៊ីង) និងប្រើប្រាស់
chip ប្រភេទ Quad core Tegra 3 (ដូចគ្នានឹង Asus Transfomer Prime) ដែលស្រឡាយនៃ
គំរូ Processor នេះមានសមត្ថភាពដំណើរការបានយ៉ាងប្រសើរ និងអាចលេង Game កំសាន្ត
ប្រភេទ 3D បានយ៉ាងឥតខ្ចោះទៀតផង។
កន្លងមក យោងតាមប្រភពពត៌មានពី China Times បានអោយដឹងថា Amazon បានធ្វើការ
កំណត់យកដៃគូរផ្សេងៗដើម្បីចូលរួមក្នុងការផលិតសមាសភាគផ្សំសំរាប់ Kindle Fire 2 របស់ខ្លួនរួមមានដូចជា Quanta, ACES, Prime View, Singatron, CviLux និង Foxconn។ និង
រាល់សមាសភាគផ្សំខាងក្នុងទាំងអស់ បន្ទាប់ពីត្រូវបានផលិតរួចរាល់ហើយ នឹងត្រូវបាន
បញ្ជូនបន្តទៅអោយ Quanta និង Foxconn ដើម្បីធ្វើការរៀបចំដំឡើងចេញជាផលិតផលពិត
ប្រាកដ។
យោងតាមស្ថិតិរបស់ IHS iSuppli អោយដឹងថា Amazon បាននាំមុខក្រុមហ៊ុន Samsung និង
បានក្លាយជាក្រុមហ៊ុនផលិតឧបករណ៍ tablet Android លំដាប់នាំមុខគេ ដោយពឹងផ្អែកលើ
Tablet Kindle Fire របស់ខ្លួន។ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ កន្លងមក ក្រុមហ៊ុន Amazon
លក់បានចំនួន ៣,៦ លានគ្រឿងនៃឧបករណ៍ tablet Kindle Fire នេះ គឺដណ្តើមបានចំនួន
១៤% នៃចំណែកនៅលើទីផ្សារ គឺគ្រាន់តែស្ថិតនៅក្រោយ iPad របស់ Apple ប៉ុណ្ណោះ។ ប៉ុន្តែ
ទោះជាយ៉ាងនេះក្តី ដើម្បីអាចទទួលបាននូវតួលេខដ៏គួរអោយមោទនភាពនេះ Amazon ត្រូវ
ប្រឈមនឹងការបញ្ចុះតំលៃរាប់សិបដុល្លាអាមេរិកឯណោះសំរាប់ឧបករណ៍ Tablet នីមួយៗ
ដែលបានលក់ចេញនោះ៕
ប្រភព៖ Androidandme
ដោយ៖ រស្មី