ត្រឡប់ទៅប្រទេសអាហ្សង់ទីន ដើម្បីរៀបចំខ្លួនសម្រាប់ World Cup Messi បានប្រកាសឲ្យដឹងថា រូប គាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចាកចេញពីក្លឹប Barcelona បើសិនជាបណ្តាអ្នកគាំទ្រក្លឹប ចង់ បានរឿងនោះ។
Messi ទើបតែចុះហត្ថលេខា លើកិច្ចសន្យាថ្មីជាផ្លូវការជាមួយ Barcelona ក្នុងកំរិតប្រាក់បៀវត្សបំបែក ឯកត្តកម្មពិភពលោក ២០លានអឺរ៉ូ ក្នុងមួយរដូវកាលប្រកួត។ ក្រោយមក តារាបាល់ទាត់សញ្ជាតិ អាហ្សង់ទីនរូបនេះ បានធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីផ្តោតអារម្មណ៍រួមជាមួយក្រុម ជម្រើសជាតិ ដើម្បីត្រៀមខ្លួនសម្រាប់ World Cup 2014។ មានវត្តមាននៅព្រលានយន្តហោះ Ezeiza ឯទីក្រុង Buenos Aires កាលពីថ្ងៃម្សិលមិញ Messi ត្រូវបានក្រុមអ្នកសារព័ត៌មាន ចោមរោមថតរូប ជាមួយនឹងសំណួរជាច្រើន ស្តីពីអនាគតរបស់រូបគាត់។
ភាពភ្ញាក់ផ្អើលបានកើតឡើងដល់អ្នកគ្រប់គ្នា នៅពេលដែល Messi កំណត់បញ្ជាក់ថា រូបគាត់បាន ត្រៀមខ្លួនជាស្រេច ក្នុងការចាកចេញពី Barcelona បើសិនជាអ្នកគាំទ្រក្លឹប ត្រូវការដូច្នេះ: “ខ្ញុំតែងតែ និយាយថា Barcelona គឺពិតជាផ្ទះរបស់ខ្ញុំ។ ប៉ុន្តែបើនៅថ្ងៃណាមួយនោះ អ្នកទាំងអស់គ្នា មិនចង់ ឃើញខ្ញុំបង្ហាញវត្តមានទៀត ខ្ញុំនឹងចាកចេញទៅភ្លាម។ ខ្ញុំស្រលាញ់ Barcelona នោះគឺជាការពិត បើ ទោះជាពួកគេជឿជាក់ខ្ញុំ ឬក៏អត់ គឺមិនមានបញ្ហាអ្វីនោះទេ”។
បន្ទាប់មក Messi ក៏បានបង្ហាញពីអារម្មណ៍ធូរស្រាលចិត្តបន្តិចផងដែរ បន្ទាប់ពីមួយរដូវកាល មិន ទទួលបានពានអ្វីមួយសោះ ជាមួយនឹង Barcelona: “ខ្ញុំចង់ធ្វើការផ្លាស់ប្តូរខ្លះ ក្នុងការគិត។ ខ្ញុំបាន មានពេលវេលា លេងមិនសូវបានល្អដល់ ក្រុមជម្រើសជាតិអាហ្សង់ទីន និង Barcelona។ ខ្ញុំកំពុងតែ ខិតខំបំភ្លេចចោលនូវរឿងទាំងនោះ ដើម្បីប្រមូលអារម្មណ៍ឲ្យល្អ សម្រាប់លេងក្នុង World Cup”៕
ប្រែសម្រួល៖ សិលា
ប្រភព៖ 24h