CamNews

ជីវិត និងការងារ 

មហាសេដ្ឋីចិន ក្នុងតំបន់ខ្មែរ នៅកម្ពុជាក្រោម កាន់តែមានឡើង

ចាប់ផ្ដើមពីភាពក្រីក្រ លោកត្រឹមបេ បន្ដិចម្ដងៗ បានក្លាយជាអ្នកធូរធា ហើយបន្ទាប់ពីបានលោត
ចូលប្រឡូកក្នុងវិស័យដីធ្លី លោកក៏បានក្លាយជាអ្នកមាន។ មិនយូរប៉ុន្មាន ត្រឹមបេ ក៏មានភាគហ៊ុន
នៅធនាគារ ផ្សារទំនើប ក្រុមហ៊ុនសំណង់។ល។ ហើយក្រោយមក ក៏ក្លាយជាមហាសេដ្ឋី។

មហា​សេដ្ឋី ត្រឹមបេ


ថ្មីៗនេះ នៅពេលដែលព័ត៌មានស្ដីអំពី ការរួមបញ្ចូលគ្នារវាងធនាគារ Southern Bank និងធនាគារ
Sacombank ត្រូវបានប្រកាស ការចាប់អារម្មណ៍ពីសាធារណជន ក៏បានផ្ដោតទៅលើមហាសេដ្ឋី
ម្នាក់នោះគឺលោកត្រឹមបេ (Tram Be) មានស្រុកកំណើតនៅនិគមថ្កូវ (Tra Cu) ខែត្រព្រះត្រពាំង
(Tra Vinh) វៀតណាម (កម្ពុជាក្រោម)។

ឆ្លើយតបទៅនឹងអ្នកកាសែត អំពីមូលហេតុដែលនាំឱ្យធនាគារទាំងពីរ សម្រេចច្របាច់បញ្ចូលគ្នា
លោក អគ្គនាយករបស់ធនាគារ Sacombank អះអាងថា ៖ ធនាគារទាំងពីរ មានម្ចាស់តែមួយ។
លោក ត្រឹមបេ មានឥទ្ធិពលខ្លាំង ទៅលើធនាគារទាំងនេះ។

ភូមិ​គ្រឹះ​មួយ​របស់​លោក ត្រឹមបេ នៅ​ឯ​ស្រុក​កំណើត​


នៅក្នុងធនាគារ Sacombank លោក ត្រឹមបេ រួមនឹងកូនៗទាំងបីរូបរបស់ខ្លួន កំពុងកាន់កាប់ ៨១,២
លានហ៊ុន ប្រហាក់ប្រហែលនឹង ៦,៨% នៃចំនួនមូលបត្រដែលកំពុងដាក់ឱ្យជួញដូរ ដែលមានតម្លៃ
ជាង ៨៥លានដុល្លារអាមេរិក។ ចំណែកនៅក្នុងធនាគារ Southern Bank លោក ត្រឹមបេ និងគ្រួសារ
កាន់កាប់ជាង ៨៣លានហ៊ុន ប្រហែល ២០,៨% នៃភាគហ៊ុនសរុប។

លោក ត្រឹមបេ ក៏ធ្លាប់កាន់កាប់ភាគនៅក្នុងធនាគារ Ficombank តែក្រោយមក ក៏បានលក់ភាគ
ហ៊ុនទាំងនេះ មុនពេល Ficombank និង TinNghiaBank ត្រូវបានបញ្ចូលទៅក្នុងធនាគារ SCB ។

មហា​សេដ្ឋី​ ត្រឹមបេ នៅក្នុង​ពិធី​មួយ ក្នុង​វត្ត​ខ្មែរ

យោងតាមទំព័រ Forbes វៀតណាម ការដែលលោកត្រឹមបេ មិនបានកាន់កាប់តំណែងប្រធានក្រុម
ប្រឹក្សាភិបាលធនាគារ បើទោះជាគ្រប់គ្រងភាគហ៊ុនច្រើន គឺដោយសារលោកមិនទាន់បញ្ចប់មហា
វិទ្យាល័យ។ នៅក្នុងក្រុមហ៊ុនដទៃទៀត លោកត្រឹមបេ ក៏គ្រាន់តែធ្វើជាសមាជិកនៃក្រុមប្រឹក្សា
ភិបាល ដូចជា ក្រុមហ៊ុនសាងសង់ BCCI ឬមន្ទីរពេទ្យ ទ្រីវអាន ក្រុមហ៊ុនពេជ្រហ្វឿងណាម។ល។

លោកត្រឹមបេផ្ទាល់ មានភាគហ៊ុនចំនួន   ៣% ចំណែកធនាគារហ្វឿងណាម កាន់កាប់ ១៣% នៃ
ភាគហ៊ុនសរុបរបស់ក្រុមហ៊ុន BCCI ។ រីឯ BCCI ក៏មានភាគហ៊ុន ២០%

Big C An Lac   ដែលជាក្រុមហ៊ុនមួយ មានផ្សារទំនើបចំនួន  ៣/៧ នៃផ្សារទំនើបសរុប  នៅក្រុង
ហូជីមិញ (ព្រៃនគរ) រួមមាន Big C An Lac , Big C ភាគខាងត្បូង និង Big C Hoang Van Thu ។
លោកត្រឹមបេ ក៏ត្រូវបានគេជឿថា មានភាគហ៊ុន នៅក្នុងក្រុមហ៊ុន សំណង់ Saigonnic ផងដែរ។

ក្រុមហ៊ុនធំមួយផ្សេងទៀត របស់លោក ត្រឹមបេគឺក្រុមហ៊ុនមូលបត្រ ច្នៃគ្រឿងសមុទ្រ Son son ។
កូនរបស់លោក ត្រឹមប៊េ ក៏មានភាគហ៊ុន នៅទីនេះ។

ផ្ទាំង​រូប​ថត​គ្រួ​សារ​លោក ត្រឹមបេ នៅលើ​ជញ្ជាំង​វិហារ​វត្ត​ខ្មែរ


នៅឯស្រុកកំណើត ក្នុងឃុំ ហាមយ៉ាង ស្រុកថ្កូវ ខែត្រព្រះត្រពាំង លោក ត្រឹមបេ ក៏មានក្រុមហ៊ុន
មួយទៀត គឺក្រុមហ៊ុនសាងសង់ ហាមយ៉ាង។ នៅទីនេះ លោក ក៏មានភូមិគ្រឹះដ៏ធំមួយផងដែរ។

អតីតកាលរបស់ត្រឹមបេ​ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ប៉ុន្ដែ តាមសំដីរបស់ប្រជាជនខ្មែរ
និយាយតៗគ្នាថា លោកត្រឹមបេ ដើមឡើយជាកូនចៅចិន ដ៏ក្រីក្រម្នាក់ ហើយក្រោយមក លោក
ប្រទះ ឃើញកំណប់មួយដែលមានមាស់ដ៏ច្រើន។ បន្ទាប់មក ត្រឹមប៊េ ក៏បានប្រើប្រាស់មាសទាំង
នេះ ដើម្បីរកស៊ី ក្នុងនោះ លោកក៏បានលោតចូលក្នុងវិស័យអចលនទ្រព្យ ដោយទិញដីយ៉ាងច្រើន
នៅជាយក្រុងហូជីមិញ។ ប៉ុន្ដែ ពាក្យចចាមអារ៉ាមនេះ មិនទាន់មានប្រភពណាមួយ បញ្ជាក់ថាជា
រឿងពិតនៅឡើយ។

រូប​ថត​គ្រួ​សារ​របស់​លោក ត្រឹមបេ ដែល​តាំង​នៅ​លើ​ក្លោង​ទ្វារ​វត្ត


ក្រោយពីក្លាយជាមហាសេដ្ឋី ត្រឹមបេ មានឈ្មោះល្បីទូទាំងប្រទេសវៀតណាម ពិសេសគឺតំបន់
ដែលមានខ្មែររស់នៅ ដោយសារថា ត្រឹមប៊េ បានចំណាយប្រាក់ដ៏ច្រើន សម្រាប់កសាងវត្តអារាម
សាលារៀន ផ្ទះមនុស្សធម៌។ល។ ប៉ុន្ដែ រូបថតរបស់លោកត្រឹមប៊េ និងគ្រួសារ ដែលត្រូវបានដាក់
តាំងនៅលើជញ្ជាំងវិហារ ជញ្ជាំងកុដ និងក្លោងទ្វារវត្តខ្មែរ បានធ្វើឱ្យប្រជាជនមួយចំនួនធំ មិនពេញ
ចិត្ត៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH


Tags: Vietnam billionaires Tram Be