Apple អាចនឹងបង្កើតនូវការផ្លាស់ប្តូរ ដ៏ភ្ញាក់ផ្អើលថ្មីមួយ ក្នុងការលក់ជាមួយផលិតផល iPhone
របស់ក្រុមហ៊ុនក្នុងរយះពេលខាងមុខនេះ។ ជាក់ស្តែង ជំនួសដោយការបន្ថយតំលៃបណ្តា iPhone
ម៉ូដែលឆ្នាំមុនៗ លើកនេះក្រុមហ៊ុន នឹងបញ្ឈប់ការលក់ចេញ iPhone 5 ទាំងស្រុងភ្លាម ពេលចាប់
ផ្តើមដាក់លក់ iPhone 5S ថ្មី, នេះបើតាមប្រពភពីគេហទំព័រ CTech របស់ចិន។
តាមគេហទំព័រ Phonearena ព័ត៌មានចចាមអារាមខាងលើ មានលក្ខណៈសមហេតុផលច្រើនដែរ
ដោយសារតែតាមរបាយការណ៍ហិរញ្ញវត្ថុថ្មីបំផុតរបស់ Apple បានបង្ហាញឲ្យឃើញជាក់ស្តែងថា
បរិមាណលក់ចេញ iPhone ស៊េរីចាស់ៗ ដណ្តើមបានមួយផ្នែក មិនតិចឡើយ ពីបរិមាណលក់
របស់បណ្តាគំរូ iPhone 5 ដែលជាម៉ូដែលថ្មីបំផុត ហើយរឿងនេះ វាបានធ្វើឲ្យមានការថយចុះ
ប្រាក់ចំណេញរបស់ក្រុមហ៊ុន។
យុទ្ធសាស្រ្តលក់ថ្មីនេះ មិនគ្រាន់តែអាចជួយឲ្យ Apple អាចលក់ចេញ iPhone 5S បានច្រើនជាង
មុននោះទេ ថែមទាំងអាចជួយលក់ចេញ iPhone តំលៃទាប បានច្រើនផងដែរ។
ជាក់ស្តែង នៅពេលបច្ចុប្បន្ន នៅមិនទាន់មានភាពពិតប្រាកដណាមួយ ដែលកំណត់ថា Apple
នឹងធ្វើការផ្លាស់ប្តូរ តាមយុទ្ធសាស្រ្តថ្មីនេះទេ។ ត្រីមាសកន្លងទៅ បើទោះបីជា Apple បានលក់
ចេញ iPhone បានយ៉ាងច្រើន ប៉ុន្តែក្រុមហ៊ុននៅតែមានការថយចុះប្រាក់ចំណូល ដោយសារតែ
ការថយចុះបរិមាណលក់របស់ iPad ក៏ដូចជាលទ្ធផលដ៏អស់សង្ឃឹម នៅលើទីផ្សារប្រទេសចិន៕
ដោយ៖ សិលា
ប្រភព៖ VReview