“អ្នកមិនចាំបាច់រង់ចាំរហូតដល់ពេលពេញវ័យ ប្រសិនអ្នកពិតជាចូលចិត្ត ចូរធ្វើឱ្យវាក្លាយជាការពិត” នេះគឺជាការចែករំលែករបស់ម្ដាយកុមារា Moziah Bridges ដែលជាអ្នកជំនួញ វ័យ ១១ឆ្នាំ ក្លាយជាអ្នកមានដោយសារបូ។
Moziah Bridges និយាយថា ភាពប៉ិនប្រសប់ មិនរង់ចាំពេលវេលានោះទេ នៅពេលក្មេងៗអាចច្នៃជារបស់អ្វីមួយ ហើយរកប្រាក់បានពីរបស់នោះ។
អាចរកកន្លែងឈរជើងបាននៅក្នុងវិស័យម៉ូដែល ដោយការផលិតបូ កុមារាអាយុ ១១ឆ្នាំ Moziah Bridges បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ ពេលដែលកុមារនេះបានធ្វើឱ្យគំនិតជំនួញនេះរបស់ខ្លួនក្លាយជាការពិត។
ខណៈដែលមិត្តទាំងឡាយ ចូលចិត្តផលិតផលបច្ចេកវិទ្យា Moziah Bridges កើត និងរស់នៅក្នុងក្រុង Memphis ភាគនិរតីអាមេរិក បានក្លាយជាម្ចាស់ក្រុមហ៊ុនតូចមួយ មានឈ្មោះថា Mo's Bows ជាក្រុមហ៊ុនផលិតបូ ដ៏ស្រស់ស្អាត។
គំនិតជំនួញនេះ បានចាប់ផ្ដើមនៅពេលលោយយាយ បានណែនាំវិធីធ្វើបូមេអំបៅ ដល់ Moziah ដោយប្រើក្រណាត់ចាស់ៗ យកមកដេរ។ ដំបូង Moziah Bridges គ្រាន់តែចាត់ទុកថា វាជារបស់លេងធម្មតា ប៉ុន្ដែបន្ទាប់ពីទទួលបានការសរសើរយ៉ាងច្រើន Moziah Bridges ក៏នឹកឃើញដល់ការធ្វើជំនួញ។
នៅពេលមានអាយុ ៩ឆ្នាំ Moziah Bridges ចាប់ផ្ដើមបើកក្រុមហ៊ុនផលិតបូ ក្រោយពីបានឃើញ “ចន្លោះប្រហោង” មួយរបស់ទីផ្សារម៉ូដែល។ Moziah Bridges បានថ្លែងនៅលើទំព័រ Daily Mail ថា ៖ “ពេលខ្លះ ក្មួយមិនអាចរកបានបូដែលក្មួយពេញចិត្តសម្រាប់ឈុតខោអាវ ហើយអ្នកដទៃក៏ដូច្នេះដែរ។ ហើយតាំងពីនោះមក ក្មួយបានសួរខ្លួនឯង ៖ ហេតុអ្វីយើងមិនបង្កើតក្រុមហ៊ុនផលិតបូ ដើម្បីបំពេញចន្លោះប្រហោងនេះ?។
Moziah Bridges បានធ្វើបូតូចៗ ហើយលក់វានៅលើទំព័រលក់ទំនិញ Etsy ។ គិតមកដល់ខែសីហា ឆ្នាំ ២០១៣ នេះ Moziah Bridges រកបានប្រាក់ជាង ៣០,០០០ដុល្លារ នេះបើតាមតួលេខរបស់ Forbes ។
Moziah Bridges មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលជ្រើសរើសក្រណាត់ដើម្បីយកមកធ្វើបូ។ ជាងនេះ Moziah Bridges ក៏តែងស្វែងយល់ និងបង្កើតបូដែលមានម៉ូដែលថ្មីៗ ស្រស់ស្អាត ទាំងពណ៌ ទាំងរូបភាព។ បូរបស់ Moziah Bridges លក់ក្នុងតម្លៃចាប់ពី ២៥ ដល់ ៥០ដុល្លារ ក្នុងមួយឈុត។
ក្រៅពីដាក់លក់នៅលើអ៊ីនធើរណិត បូរបស់ Moziah Bridges ក៏មានវត្តមាននៅក្នុងបណ្ដារដ្ឋមួយចំនួន ដូចជា Tennessee, Alabama, Texas, Louisiana, South Carolina និង Arkansas ហើយថ្មីៗនេះ មហាសេដ្ឋីទូរគមនាគមន៍ Oprah Winfrey បានវាយតម្លៃខ្ពស់ទៅលើគំនិតនេះ។ គេប្រាកដថា នៅថ្ងៃអនាគត កុមារា Moziah នឹងបោះជំហានទៅមុខបានឆ្ងាយជាងនេះ។
ក្នុងកិច្ចសម្ភាសមួយនៅលើទស្សនាវដ្ដី Forbes កុមារា Moziah ថ្លែងថា ៖ “ក្មួយនឹងប្រើប្រាស់ប្រាក់មួយចំនួន ចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ក្មេងៗ ឱ្យមានឱកាសទៅបោះជុំរុំកម្សាន្ដនៅរដូវក្ដៅ។ ទន្ទឹមនឹងនេះ ក្មួយក៏ចង់រកប្រាក់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើតក្រុមហ៊ុនផលិតរបស់សម្រាប់ក្មេងៗ ដ៏គួរឱ្យស្រឡាញ់ ដូចជា blazer ឬខោសម្រាប់ក្មេង។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
យកជីវិតទៅប្ដូរនឹងប្រាក់ជាង ៥ដុល្លារ ក្នុងមួយថ្ងៃ នៅមាត់ភ្នំភ្លើង
កំពូលមហាសេដ្ឋី វ័យក្មេងបំផុត របស់អាមេរិក
ស្រីស្អាត បោះបង់មហាវិទ្យាល័យ បែរមកចិញ្ចឹមកង្កែប
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/Forbes