តាមប្រភពព័ត៌មានមួយ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូន Galaxy S8 ខាងមុខរបស់ Samsung នឹងមានអេក្រង់ដែលអាចបង្ហាញភាពច្បាស់បានដល់កម្រិត 4K ឯណោះ និងគាំទ្រ VR (Virtual Reality)។
(រូបតំណាង)
បើតាមកាលវិភាគរបស់ Samsung នៅសល់រយះពេលជាង ៤ខែទៀត Galaxy S8 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមលេចចេញនូវ បណ្តាព័ត៌មានចចាមអារ៉ាម ដែលពាក់ព័ន្ធដល់ស្មាតហ្វូនត្រកូល S ជំនាន់បន្ទាប់របស់ Samsung ខ្លះៗហើយ។
ព័ត៌មានចចាមអារ៉ាមមួយ ក្នុងចំណោមនោះ បានបញ្ជាក់ឲ្យដឹងថា Galaxy S8 នឹងត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ដល់ទៅ UHD (2160 x 3840 (pixel)។ បច្ចុប្បន្ន បណ្តាស្មាតហ្វូនកំពូលៗបំផុតរបស់ Samsung ដូចជា Galaxy S7 មានអេក្រង់ Quad HD ពោលគឺត្រឹមតែ 1440 x 2560 pixel។
ហេតុផលមួយ ក្នុងចំណោមបណ្តាហេតុផលមួយចំនួនទៀត ដែលធ្វើឲ្យ Samsung បំពាក់អេក្រង់ដល់ទៅ UHD គឺរឿងដែល Galaxy S8 នឹងគាំទ្របណ្តាឧបករណ៍ VR ។ បណ្តាស្មាតហ្វូនសព្វថ្ងៃរបស់ Samsung ដូចជា Galaxy S7 ក៏មានគាំទ្រ VR ប៉ុន្តែក្រោយពីដោនឡូត និងដំឡើងកម្មវិធី Oculus VR ឧបករណ៍បានចំណាយអស់ថាមពលថ្មដល់ទៅ ៧០% តែក្នុងរយះពេល ៣ម៉ោងប៉ុណ្ណោះ។ នេះគឺជា បញ្ហាមួយ ក្នុងចំណោមបញ្ហាដទៃទៀតដែល Samsung ចាំបាច់ត្រូវដោះស្រាយឲ្យបានល្អ បើសិនជាចង់ពាំនាំមកឲ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ VR ល្អជាងមុននៅលើ Galaxy S8។
ព័ត៌មានចចាមអារ៉ាមមួយផ្សេងទៀត ក៏បានឲ្យដឹងថា Galaxy S8 នឹងបោះបង់ចោលនូវរន្ធដោតកាស ប្រភេទ 3.5mm ដូច iPhone 7 ដែរ និងមានអេក្រង់ត្រូវបានការពារដោយកញ្ចក់ Gorilla Glass 5។ ស្មាតហ្វូនក៏មានគាំទ្រនូវរន្ធតំណភ្ជាប់ USB-Type C ដើម្បីភ្ជាប់ជាមួយនឹងបណ្តាឧបករណ៍សម្លេងដូចទៅនឹងរន្ធប្រភេទ Lightning នៅលើបណ្តាឧបករណ៍ iOS ដូច្នេះដែរ។
លទ្ធភាពច្រើន Galaxy S8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ៕
- iPhone 8 នឹងមានសំបកប្រភេទថ្មី ធ្វើពីដែកថែបភ្លឺរលោង និងអាចមានម៉ូដែលអេក្រង់ ៥,៨អ៊ីន
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview