សារព័ត៌មានល្បីឈ្មោះ Reuters ទើបតែធ្វើការចុះផ្សាយនូវព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ ឲ្យដឹងថា ក្រុម ហ៊ុនផលិតផលស្មាតហ្វូន ដែលមានមូលដ្ឋាននៅប្រទេសកាណាដាគឺ BlackBerry កំពុងតែមានផែនការ បង្ហាញណែនាំនូវទូរស័ព្ទមួយប្រភេទ ជាមួយនឹងការដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android ពោលគឺមិនមែនជា BlackBerry 10 នោះទេ។
អាចនិយាយថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលក៏ត្រូវម្យ៉ាង ព្រោះថា BlackBerry គឺជាក្រុមហ៊ុនទូរស័ព្ទមួយ ដែលតែងតែធ្វើការផលិត បង្កើត Hardware និង Software ដោយខ្លួនឯង។ ការដែលបញ្ចេញនូវទូរស័ព្ទ មួយដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនផ្សេង គឺធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល។ ប៉ុន្តែជាក់ស្តែង មិនមែនប្រព័ន្ធប្រតិបត្តិការ BlackBerry 10 នឹងត្រូវបោះបង់ចោលនោះទេ។ បើសិនជា មិនមានអ្វីប្លែកជាងនេះទេ គឺដោយសារតែស្ថានភាពជំនួញរបស់ BlackBerry ចាំបាច់ដែលបង្ខំឲ្យ ក្រុមហ៊ុនត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីរកប្រាក់ចំណូលមកវិញ។
អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch
ហេតុផលមួយក្នុងចំណោមហេតុផលមួយចំនួនទៀត ដែលសារព័ត៌មានល្បីឈ្មោះខាងលើ ចុះផ្សាយគឺ ប្រព័ន្ធគ្រប់គ្រងឧបករណ៍របស់ BlackBerry ដែលមានឈ្មោះថា BES12 ប្រើបានសម្រាប់ទាំង Android, iOS, Windows ទន្ទឹមគ្នានឹង BlackBerry។ ការដែលបញ្ចេញឧបករណ៍ Android នឹងជួយឲ្យ BlackBerry ធ្វើឲ្យ BES12 មានភាពពេញនិយម ដល់អ្នកប្រើប្រាស់ចូលចិត្តប្រព័ន្ធប្រតិបត្តិការ Android មួយភាគធំ ហើយវាអាចក្លាយជាចំនុចមានសក្តានុពលមួយផងដែរ។
ឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នេះ ត្រូវបានឲ្យដឹងថា នឹងមានរូបរាងជាប្រភេទហូត ឡើងលើ ដែលធ្លាប់បានបង្ហាញខ្លួននៅ MWC កន្លងទៅនេះ ហើយវាអាចនឹងត្រូវក្រុមហ៊ុនបង្ហាញណែនាំ នៅលើទីផ្សារ នៅក្នុងរដូវវិស្សមកាលឆ្នាំនេះ ពោលគឺអំឡុងពេល ចុងឆ្នាំនេះ។
អាន៖ Galaxy Tab E អេក្រង់ 9.6 inch ថែប្ល៊ែតថ្មីមួយទៀតរបស់ Samsung លេចចេញរូបរាង
បច្ចុប្បន្នទាំង BlackBerry និង Google នៅមិនទាន់មានប្រតិកម្ម ឆ្លើយតបយ៉ាងណានោះទេ ចំពោះការ ចុះផ្សាយនូវព័ត៌មានខាងលើនេះ៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ Reuters, Tinhte