CamNews

ទូរស័ព្ទ 

Samsung មួម៉ៅនឹង iPhone 6 កាត់បន្ថយការផលិត Galaxy S5 ដល់ទៅ ២៥%

វាដូចជាប្រាកដណាស់ហើយដែលថា Apple នឹងធ្វើការឧទ្ទេសនាម iPhone អេក្រង់ធំពីរផ្សេងគ្នាគឺ (4.7 inch និង 5.5 inch) ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ដូច្នេះ ៣ខែចុងក្រោយនៃរដូវ វិស្សមកាល មុន iPhone 6 បង្ហាញខ្លួន វានឹងជាការរង់ចាំដ៏អន្ទះសារបំផុតមួយ សម្រាប់អ្នកគាំទ្រ iPhone (និយាយដោយឡែក) និងសម្រាប់អ្នកគាំទ្រស្មាតហ្វូន (និយាយជារួម)។ ក៏ដូចជារៀងរាល់ឆ្នាំ ដែរ អតិថិជនដែលមានសក្តានុពល (មានទ្រព្យធន) ជាច្រើននាក់ បានធ្វើការពន្យារពេលក្នុងការទិញ ស្មាតហ្វូនថ្មី ដើម្បីរង់ចាំការមកដល់ ថ្ងៃដែល iPhone ថ្មីបង្ហាញខ្លួន។ 

រឿងដែលពិសេសបំផុតនៅរដូវវិស្សមកាលឆ្នាំនេះនោះគឺ iPhone 6 មិនត្រឹមតែជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់ប្រាក់ចំណូលរបស់ Apple ប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់បណ្តាគូប្រជែងមួយចំនួន ទៀត ដែលក្នុងនោះប្រាកដណាស់មានទាំងគូប្រជែងគីឡូធ្ងន់បំផុតរបស់ខ្លួនគឺ Samsung ផងដែរ។ 

ក្នុងឆ្នាំនេះ មិនត្រឹមតែអ្នកគាំទ្រ iPhone នោះទេ បណ្តាអ្នកគាំទ្រស្មាតហ្វូនអេក្រង់ធំ (ដែលភាគច្រើន គឺជាស្មាតហ្វូនប្រើ Android) សុទ្ធតែកំពុងរង់ចាំមើលថា iPhone 6 ទំហំធំ នឹងអាចធ្វើបានរឿងអ្វីខ្លះ ដែលល្អជាងបណ្តាគូប្រជែងខ្លួន ដូចជា Galaxy S5 ជាដើម។ កត្តានេះបានធ្វើឲ្យ Samsung ចាំបាច់ បង្ខំចិត្តត្រូវបន្ថយបរិមាណផលិត Galaxy S5 ដើម្បីចៀសវាងការខាតបង់ច្រើន ដោយនៅក្នុងស្តុក នៅមិនទាន់លក់អស់នៅឡើយ។

តាមប្រភពពី UDN  បរិមាណការបញ្ជាទិញឧបករណ៍គ្រឿងផ្សំរបស់ Galaxy S5 នៅក្នុងត្រីមាសទី៣ ត្រូវបាន Samsung កាត់បន្ថយអស់ ២៥% ដើម្បីរៀបចំ និងចាំមើលការបង្ហាញខ្លួនរបស់ iPhone 6៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: samsung iphone 6 smartphone hightech