(អាមេរិក)៖ តើលោកអ្នកចង់ទទួលទាន អាហារថ្ងៃត្រង់ជាលក្ខណៈឯកជន ជាមួយលោក Tim Cook នាយកប្រតិបត្តិ(CEO) របស់ក្រុមហ៊ុន Apple ដែរ ឬទេ? លោកអ្នកប្រហែលជា ត្រូវចំណាយច្រើនបន្តិចហើយ ពោលគឺត្រូវចំណាយប្រាក់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ទើបអាចទទួលអាហារថ្ងៃត្រង់ និងញ៉ាំកាហ្វេជាមួយលោក Tim Cook ជាលក្ខណៈឯកជនបាន។
ថ្មីៗនេះ គេហទំព័រ CharityBuzz បានចាប់ផ្ដើមធ្វើការដេញថ្លៃ «ទទួលទានអាហារថ្ងៃត្រង់ ជាលក្ខណៈឯកជន» ជាមួយលោក Tim Cook ដើម្បីប្រមូលប្រាក់ទាំងនោះ បរិច្ចាគទៅឲ្យអង្គការសិទ្ធិមនុស្ស ឬកុមារកំព្រា ដែលគិតត្រឹមថ្ងៃនេះ ទំហំទឹកប្រាក់នៃការចេញថ្លៃ បានកើនឡើងដល់ ១២៥,០០០ដុល្លារអាមេរិក ហើយបើតាមការប៉ាន់ប្រមាណ ទឹកប្រាក់ នៃការដេញថ្លៃអាចនឹងកើនឡើងដល់ ២០ម៉ឺនដុល្លារអាមេរិក។
អ្នកដែលឈ្នះក្នុងការដេញថ្លៃនេះ នឹងត្រូវទទួលបានការញ៉ាំអាហារថ្ងៃត្រង់ និងកាហ្វេ ក្នុងរយៈពេល ៣០នាទី ជាមួយ លោក Tim Cook នៅការិយាល័យកណ្ដាល របស់ក្រុមហ៊ុន Apple ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងជំនួបអាហារនោះ អ្នកដែលឈ្នះក្នុងការដេញថ្លៃ អាចសួរនូវសំណួរផ្សេងៗមួយចំនួនបាន ប៉ុន្តែគេមិនបានបញ្ជាក់ថា អាចសួរសំណួរផ្ទាល់ខ្លួន ឬសំណួរពាក់ព័ន្ធ នឹងក្រុមហ៊ុននោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ទំហំទឹកប្រាក់ដែលបានមកពីការដេញថ្លៃ ទទួលទានអាហារថ្ងៃត្រង់ ជាមួយលោក Tim Cook មានរហូតដល់ ៣៣ម៉ឺនដុល្លារអាមេរិក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង