CamNews

ទូរស័ព្ទ 

Apple នឹងធ្វើឲ្យចោរលួចចោរឆក់ លែងហ៊ាននឹកចង់បាន iPhone របស់អ្នកតទៅទៀត

សូម្បីតែពេល iPhone បានបិទទៅហើយក៏ដោយ ក៏អ្នកនឹងនៅតែអាចស្វែងរកទូរស័ព្ទឃើញ​វិញ តាមវិធីដ៏ងាយស្រួលមួយ។​

តាំងពីដើមរៀងមក Apple នៅតែធ្វើការបំពាក់នូវ Feature Find My Phone នៅលើបណ្តា​ឧបករណ៍​របស់ខ្លួន ដូចជាវិធានការមួយដើម្បីឲ្យអ្នកប្រើប្រាស់អាចស្វែងរក iPhone របស់ខ្លួន​ឃើញវិញ នៅ ពេលវង្វេងដៃបាត់ ឬត្រូវចោរលួចឆក់។ ជាក់ស្តែង Feature នេះ អាចនឹងត្រូវពួក​ចោរលួចឆក់ ធ្វើឲ្យ​គ្មានន័យខ្លឹមសារអ្វីទៀតទាំងស្រុងបាន តាមរបៀបដ៏ងាយស្រួលមួយ។


ដូច្នេះហើយ Apple បានស្វែងរកវិធីដើម្បីធ្វើឲ្យប្រសើរឡើងនូវ Feature Find My iPhone ដែលជួយ​ឲ្យ អ្នកនៅតែអាចស្វែងរកឃើញទូរស័ព្ទ iPhone របស់ខ្លួនវិញ ពេលដែលមិនបានតភ្ជាប់ Network ឬក៏បិទទូរស័ព្ទចោលហើយក៏ដោយ។ តាមរយះបច្ចេកវិទ្យានេះ Apple នឹងធ្វើឲ្យបណ្តាពួកចោរ​លួច​ចោរឆក់ នឹងលែងនឹកឃើញ ចង់បានទូរស័ព្ទ iPhone របស់អ្នកតទៅទៀត។

បច្ចេកវិទ្យាថ្មីនេះត្រូវបាន CNBC រកឃើញតាមរយះប័ណ្ណប៉ាតង់ថ្មីមួយរបស់ Apple។ វាអនុញ្ញាត​ឲ្យ iPhone មួយគ្រឿង ដែលបានបិទទូរស័ព្ទទៅហើយ ក៏នៅតែអាចផ្ញើទិន្នន័យ​ទីតាំង ដល់ម្ចាស់​ទូរស័ព្ទបានដែរ។ រឿងនេះកើតឡើងយ៉ាងស្ងៀមស្ងាត់ និងមិនមានលេច​ចេញនូវសញ្ញាណណាមួយ ដែលធ្វើឲ្យពួកចោរឆក់លួច អាចនឹងដឹងខ្លួននោះឡើយ។​

លក្ខខណ្ឌតែមួយគត់ដែលត្រូវការ គឺបណ្តាញទូរស័ព្ទចល័ត ហើយនិងធ្វើការជ្រើសរើសជាមុន​ នូវវិធី​សាស្រ្តផ្ញើទិន្នន័យ ដោយអ្នកអាចជ្រើសរើសយកវិធីសាស្រ្តផ្ញើតាមរយះ SMS, Email ឬវិធីផ្សេងៗ​មួយចំនួនទៀត។ វានឹងផ្ញើទិន្នន័យជាច្រើនលើកដល់ម្ចាស់ទូរស័ព្ទ ក្នុងរយះពេល មួយដែលបាន​កំណត់ទុកជាមុន រហូតដល់ពេលម្ចាស់ ស្វែងរកទូរស័ព្ទ iPhone របស់ខ្លួនឃើញ​វិញ។

ប័ណ្ណប៉ាតង់ដែល Apple ទើបតែចុះឈ្មោះនេះមានឈ្មោះថា “បច្ចេកវិទ្យា និងវិធីសាស្រ្តដើម្បី​កំណត់​ទីតាំងឧបករណ៍ចល័តមួយ បន្ទាប់ពីបិទឧបករណ៍”។ ប័ណ្ណប៉ាតង់នេះ Apple បានសុំធ្វើការចុះ​ឈ្មោះ កាលពីថ្ងៃទី​៦​ខែឧសភា កន្លងទៅ និងត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃម្សិលមិញនេះ។ ជាក់ស្តែង យើង​នៅមិនទាន់ដឹងច្បាស់ថា ពេលណាទើប Apple នាំយកបច្ចេកវិទ្យាថ្មីនេះ ដាក់ចូលបណ្តា​ឧបករណ៍​របស់ខ្លួន​ នោះទេ៕

- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?
- Samsung បានទិញពាណិជ្ជកម្មនៅលើ សារព័ត៌មានធំៗបំផុត នៅអាមេរិច ដើម្បីធ្វើការសុំទោស ស្តីពី Galaxy Note 7


ប្រែសម្រួល៖ មង្គល
ប្រភព៖ BGR, Genk


Tags: Apple iPhone Find Your iPhone Smartphone Hightech