បន្ទាប់ពីធ្លាយព័ត៌មានសម្ងាត់ជាច្រើនថា អាមេរិកបានឈ្លបយកការណ៍ទៅលើបណ្ដាក្រុមហ៊ុនបច្ចេក វិទ្យា ដូចជា Google, Yahoo, Facebook, Microsoft និង Apple ជាដើម នៅពេលនេះ ក្រុមហ៊ុនទាំង នោះ បានសហការគ្នាទប់ស្កាត់ និងប្រឆាំងនឹងការឈ្លបយកការវិញ។
ដើម្បីបញ្ឈប់ការតាមដាន និងឈ្លបយកការណ៍របស់ ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក (NSA) ក្រុម ហ៊ុនធំៗទាំង ៨មានដូចជាង AOL, Apple, Facebook, Google, LinkedIN, Microsoft, Twitter និង Yahoo បានចុះហត្ថលេខាលើលិខិត មួយដើម្បីផ្ញើទៅកាន់លោក ប្រធានាធបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងសភាក្នុងការបញ្ឈប់ កម្មវិធីឈ្លបយកការណ៍នេះ។
នៅក្នុងលិខិត បានស្នើសុំឲ្យរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនធ្វើការពិចារណ និងកំណែទម្រង់ច្បាប់នោះ ឡើងវិញ ព្រោះវាជាការរំលោភសិទ្ធិបុគ្គល និងខុសពីច្បាប់រដ្ឋធម្មនុញ្ញ ហើយនៅពេលនេះវាជា ពេលវេលាដែលត្រូវផ្លាស់ប្ដូរ។
លោក Larry Page សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Google បាននិយាយថា “សុវត្ថិ ភាពទិន្នន័យ របស់អ្នកប្រើគឺ មានសារៈសំខាន់ ដែលជាមូលហេតុធ្វើឲ្យយើង ចំណាយលុយ ជាច្រើន ក្នុងការ Encrypt ដើម្បីប្រយុទ្ធប្រឆាំង នឹងការវាយប្រហារ ពីសំណាក់ក្រុម Hacker ប៉ុន្តែមិនគួរណា រដ្ឋាភិបាលអាមេរិក លួចយកការណ៍ បែបនេះនោះទេ។ រដ្ឋាភិបាលគួរតែធ្វើកំណែ ទម្រងទៅលើ ច្បាប់មួយនេះ ដើម្បីផ្ដល់សេរីភាព និងសិទ្ធិជាឯកជន ដល់ប្រជាពលរដ្ឋ ”។
ចំណែកអ្នកស្រី Marissa Mayer នាយកប្រតិបត្តិក្រុមហ៊ុន Yahoo បាននិយាយថា “ការការពារទៅ លើភាពជាឯកជន និងទិន្នន័យរបស់អ្នកប្រើ គឺជាការសំខាន់ណាស់សម្រាប់ Yahoo។ នៅថ្ងៃនេះ យើង សូមចេញមុខប្រឆាំង និងស្នើសុំឲ្យរដ្ឋាភិបាល គិតគូឡើងវិញលើបញ្ហានេះ”។
មេធាវីទូទៅ និងជាអនុប្រធានប្រតិបត្តិកិច្ចការច្បាប់ និងសាជីវកម្មក្រុមហ៊ុន Microsoft លោក Brad Smith បាននិយាយថា “មនុស្សនឹងមិនប្រើនូវបច្ចេកវិទ្យា នៅពេលដែលគេគិតថា វាមិនផ្ដល់ទំនុកចិត្ត ហើយនៅពេលនោះ អ្នកដែលខាងបង់គឺជា ពួកយើងទាំងអស់គ្នា ដូច្នេះរដ្ឋាភិបាល ត្រូវគិតឡើងវិញ ក្នុងការស្ដាស្ថានការណ៍”៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល