CamNews

ទូរស័ព្ទ 

Samsung អាចបាត់បង់អស់ប្រាក់ចំនួន ១៧ពាន់លានដុល្លារ ព្រោះ Galaxy Note 7

ចំនួនតួរលេខបាត់បង់ សម្រាប់ការប៉ាន់ប្រមាណលើកនេះ ខ្ពស់ជាងច្រើន បើប្រៀបនឹងកម្រិត ៥ពាន់​លានដុល្លារ ដែលបានដាក់ចេញមក ពេលដែល Samsung ប្រមូលចូលវិញនូវ Galaxy Note 7 ចំនួន​២,៥លានគ្រឿង កាលពីលើកទី១។

ការប្រមូលចូលវិញផលិតផល អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ Samsung អាចនឹងបាត់បង់ប្រហែល​១៧ពាន់លានដុល្លារ បន្ទាប់ពីពួកគេឈប់ដាក់លក់ Galaxy Note 7 ជាលើកទី២។ Reuters បានបញ្ជាក់​ថា៖ វាដូចជាប្រាកដណាស់ហើយដែលថា ម៉ូដែលនេះ នឹងត្រូវលុបឈ្មោះចោល។

Samsung បានប្រកាសប្រមូលចូលវិញ Note 7 ចំនួន ២,៥លានគ្រឿង កាលពីដើមខែកញ្ញា បន្ទាប់ពី មានរបាយការណ៍ជាច្រើន ស្តីពីការផ្ទុះឆេះនៃឧបករណ៍នេះ។ វិបត្តិកាន់តែធ្ងន់ឡើងជាងមុន បន្ទាប់ពី ថ្មីៗនេះ Samsung បានស្នើសុំប្រព័ន្ធទូរស័ព្ទចល័ត ហាងលក់រាយ ឈប់លក់ ឬប្តូរថ្មី Note 7 ហើយថែម​ទាំងប្រាប់ទៅបណ្តាអ្នកប្រើប្រាស់ទាំងអស់ ឲ្យបិទស្មាតហ្វូនឈប់ប្រើ ក្នុងកំឡុងពេលត្រួតពិនិត្យបញ្ហា​ដែល​​កើតមានឡើងលើ Note 7។

Samsung ឈប់លក់ Note 7 មានន័យថា បរិមាណលក់ដែលបានរំពឹងទុករបស់ក្រុមហ៊ុន នឹងថយចុះ​ចំនួន ១៩លានគ្រឿង ដែលមានតម្លៃប្រហាក់ប្រហែល ១៧ពាន់លានដុល្លារ នេះបើតាមការឲ្យដឹងពី​ Credit Suisse៕

- លេចចេញលិខិតអញ្ជើញ បង្ហើបឲ្យដឹងពីថ្ងៃបង្ហាញខ្លួន Galaxy S8
- Samsung បានផ្ញើប្រអប់ និងស្រោមដៃមួយគូ ដល់អ្នកប្រើ Galaxy Note 7 ដែលបានទិញពីក្រុមហ៊ុន (មានវីដេអូ)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Reuters, Credit Suisse, Zing


Tags: Samsung Galaxy Note 7 Devices exploding Smartphone Hightech