CamNews

ផលិតផលថ្មី 

Galaxy S6 និង S6 Edge បង្ហាញខ្លួនជាផ្លូវការ ៖ សូម្បី iPhone ក៏ត្រូវភ្ញាក់ផ្អើល

ដូចទៅនឹងព័ត៌មានចចាមអារ៉ាមមុននេះ ក្រុមហ៊ុន Samsung បានឧទ្ទេសនាមនូវកំពូលផលិតផល
ចំនួនពីររបស់ខ្លួន គឺ Galaxy S6 និង Galaxy S6 Edge ។ ដោយមានការប្រឹងប្រែងដើម្បីនាំមកនូវ
បទពិសោធថ្មីៗជូនដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបំពាក់ បច្ចេកវិទ្យាកំពូលៗសម្រាប់ផលិតផលចុងក្រោយរបស់ខ្លួន។

ក្នុងនោះ ចំនុចសំខាន់ដែល Samsung បាននាំមកបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC ២០១៥ នេះ នោះគឺយុទ្ធសាស្ដ្រឧទ្ទេសនាមផលិតផលថ្មី ព្រោះថា Samsung បានធ្វើការកប្រៀបធៀបជាបន្ត
បន្ទាប់ រវាង Galaxy S6 និង iPhone 6 Plus របស់ Apple ។

តាមអ្វីដែលក្រុមហ៊ុនកូរ៉េខាងត្បូង បានប្រកាស Galaxy S6 Edge គឺជាស្មាតហ្វូនពិសេសបំផុត
ក្នុងពិភពលោក ដោយមានអេក្រង់កោងទាំងពីរចំហៀង។ ពិសេស វត្ថុធាតុដែល Samsung ប្រើ
ប្រាស់សម្រាប់ផលិត Galaxy S6 និង Galaxy S6 Edge មានភាពរឹងមាំជាងដល់ទៅ ៥០% បើ
ធៀបនឹងវត្ថុធាតុចាស់។

មើលជារួម អេក្រង់កោង និងវត្ថុធាតុលោហធាតុរបស់ Galaxy S6 មានរូបរាងខុសប្លែកទាំងស្រុង
និងមានភាពទាក់ទាញ។ ចាប់ពីពេលនេះ ស្មាតហ្វូនរបស់ Samsung នឹងគេចផុតអំពីការរិះគន់
ទាក់ទិននឹងវត្ថុធាតុជ័រ តម្លៃថោកដូចមុន។ “យុគសម័យ” ថ្មីរបស់ Galaxy បានកើតឡើង។

អំពីគ្រឿងម៉ាស៊ីន Galaxy ជំនាន់ថ្មី នឹងមានអេក្រង់ Super AMOLED Quad HD ស្រស់ស្អាតជាង
មុន ទំហំ 5,1 inch ។ Galaxy ថ្មីនេះ ប្រើប្រាស់ RAM DR4 មានល្បឿនលឿនជាងមុន ៨០%
ធៀបនឹង RAM DDR3។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់មិនបាច់បើកទូរស័ព្ទក៏ដឹងថា អ្នកណាជាអ្នកទូរស័ព្ទមកខ្លួន។ ពិសេស
ជាងនេះ ម្ចាស់ទូរស័ព្ទ ក៏មិនបាច់ព្រួយបារម្ភអំពីបញ្ហាអស់ថ្ម ដោយសារតែ Samsung បានបំពាក់ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មគ្រប់ពេលវេលា គ្រប់កន្លែង ដោយមិនប្រើខ្សែ។

មិនតែប៉ុណ្ណោះ ល្បឿនបញ្ចូលថាមពលថ្ម នៅលើ Galaxy S6 ក៏ត្រូវបានគេអះអាងថា លឿនជាង
បើធៀបនឹង iPhone 6 ហើយម្ចាស់ទូរស័ព្ទគ្រាន់តែចំណាយពេលបញ្ចូលថាមពលថ្ម ១០នាទី នឹង
អាចប្រើបាន៤ម៉ោង។

អំពីប្រព័ន្ធកាមេរ៉ា Samsung សង្កត់ធ្ងន់ថា កាមេរ៉ារបស់ Galaxy S6 តែងតែដំណើរការល្អបំផុត
សម្រាប់គ្រប់កាលៈទេសៈ ហើយសូម្បីតែ iPhone 6 Plus ក៏មិនអាចប្រដូចបាន។

បន្ថែមពីនេះ Samsung ក៏ប្រកាសឱ្យប្រើប្រាស់ប្រព័ន្ធទូរទាត់ Samsung Pay របស់ខ្លួន ដើម្បី
ប្រជែងនឹង Apple Pay របស់ Apple ។ ថ្នាក់ដឹកនាំ Samsung អះអាងថា នេះគឺជាប្រព័ន្ធមួយ
ដែលមានសុវត្ថិភាព និងមានប្រយោជន៍បំផុត ហើយវាដំណើរការតាមរយៈ NFC ដែលបានភ្ជាប់
នឹង MASTER Card និង VISA Card។

ចុងក្រោយ តម្លៃរបស់ Galaxy S6 និង Galaxy S6 Edge មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងនៅ
ឡើយ។ គេគ្រាន់តែដឹងថា វាមានអង្គចងចាំចំនួន ៣ប្រភេទ គឺប្រភេទ 32GB, 64GB និង128GB។
Galaxy S6 និង Galaxy S6 Edge របស់ Samsung នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃទី
១០មេសា ខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge


Tags: Samsung Galaxy S6 S6 Edge