CamNews

ទូរស័ព្ទ 

លេចរូបភាពពិតៗរបស់ Galaxy Note 4 ដែលនឹងត្រូវ ឧទ្ទេសនាមនៅថ្ងៃទី ៣ កញ្ញាខាងមុខ

Note 4 មានចំនុចខ្លះ ដូចទៅនឹង Galaxy Note 3 ដូចជា ស៊ុមជុំវិញ មានជ្រុងស្ទើរស្មើ ចំណែក
ខ្នងរបស់វា ត្រូវបានបំពាក់ សម្បកក្លែងស្បែក ដោយប្រើប្រាស់វត្ថុធាតុថ្មីបំផុត។


បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមស្ដីអំពីកំពូលផលិតផល Galaxy Note 4 ថ្មីៗនេះ នៅលើ
បណ្ដាញសារព័ត៌មាន ក៏ចាប់ផ្ដើមលេចចេញនូវរូបភាពពិតរបស់ ហ្វាប្លេត (phablet) ជំនាន់ថ្មី
របស់Samsung ។ ប្រភពព័ត៌មាន ឱ្យដឹងថា Galaxy Note 4 មានរូបរាងខាងក្រៅស្រដៀងនឹង
“រាមចម្បង” របស់វា គឺ Galaxy Note 3 ។


ក្រៅពីរចនាបទផ្ទៃខាងមុខ ប្រហាក់ប្រហែលនឹង Note 3 ហ្វាប្លែត Galaxy Note 4 ក៏ប្រើប្រាស់
គែមជុំវិញ ដែលធ្វើអំពីលោហធាតុ ប៉ុន្ដែវាត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងមានទ្រង់
ទ្រាយ ស្រដៀងនឹង ស្មាតហ្វូន Galaxy Alpha ដែលធ្លាប់បានបែកធ្លាយរូបភាពមុននេះ។ នៅ
ពេលមើលមួយភ្លែត គេនឹងឃើញថា Galaxy Note 4 មានលក្ខណៈជាបុរស ដោយសារតែរូប
រាងមាំមួនរបស់វា និងអាចប្រដូចទៅនឹងកំពូលផលិតផល នាពេលបច្ចុប្បន្ន។


បើទោះជារក្សាបាននូវរចនាបទ សម្បកជ័រពាសស្បែក ដូចទៅនឹង Note 3 ប៉ុន្ដែ វត្ថុធាតុស្បែក
ត្រូវបានប្រើប្រាស់នៅផ្នែកខាងក្រោយ (ខ្នង) របស់ Galaxy Note 4 ហាក់ត្រូវបានធ្វើឱ្យមាន
សភាពគ្រើមបន្តិច ដើម្បីធ្វើឱ្យមានអារម្មណ៍ជាប់ណែន នៅពេលកាន់ក្នុងដៃ។ ក្រៅពីនេះ ផ្នែក
ខាងក្រោយរបស់វា ក៏មានបំពាក់កាមេរ៉ា និងមានសេនសឺរសម្រាប់វាស់ចង្វាក់បេះដូងផងដែរ។

រូប​ភាព​ Note 4 នៅ​លើ​ប្រអប់

ជាងនេះ ប្រភពព័ត៌មានបន្ថែមថា Note 4 អាចនឹងត្រូវបំពាក់អេក្រង់ 5,7 inch ដែលមានរីសូលូសឹន
2K រួមនឹងគ្រឿងម៉ាស៊ីនលំដាប់ខ្ពស់។ តាមគម្រោង ម៉ាស៊ីននេះ នឹងត្រូវបានឧទ្ទេសនាមជាផ្លូវការ
នៅថ្ងៃទី ៣ កញ្ញាខាងមុខ ក្នុងពិព័រណ៍ IFA នៅក្រុង Berlin ហើយវាក៏នឹងត្រូវបានដាក់លក់ បន្ទាប់
ពីពិព័រណ៍ ២សប្ដាហ៍។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena


Tags: Samsung Galaxy Note 4 leak