ថ្ងីៗនេះ Nokia បានប្រកាសចេញលក់ទូរស័ព្ទដៃស៊ីមពីរថ្មីចំនួនពីរម៉ូដែលទៀត គឺ Nokia 110
និង Nokia 112 សម្រាប់ផ្តល់ជូនយុវវ័យដែលនិយមភ្ជាប់ ទំនាក់ទំនងតាមអ៊ិនធឺណិតលឿន
ដោយចំណាយអស់តិច។
Nokia 110
ទូរស័ព្ទទាំងពីរម៉ូដែលនេះ មានលក្ខណៈល្អក្នុងការប្រាស្រ័យទាក់ទងគ្នាតាមបណ្តាញ Facebook,
Twitter ឬបណ្តាញសង្គមផ្សេងៗទៀត ដែលកម្មវិធីទាំងនេះមានដាក់ផ្ទាល់នៅលើអេក្រង់តែម្តង។
យោងតាមសេចក្តីប្រកាសរបស់ Nokia បានឲ្យដឹងថ ដោយមានភ្ជាប់មកជាមួយនូវ Nokia Browser
វាមិនត្រឹមតែធ្វើឲ្យអ៊ិនធឺណិតដើរលឿននិងរលូនប៉ុណ្ណោះទេ គឺថែមទាំងជួយកាត់បន្ថយទំហំនៃ
ទិន្នន័យរហូតដល់ទៅ ៩០% ទៀត ដែលជាកត្តាធ្វើឲ្យការប្រើប្រាស់អ៊ិនធឺណិត ចំណាយអស់តិច។
ដោយឡែក Nokia 112 មានភ្ជាប់មកជាមួយនូវកម្មវិធីជជែកកម្សាន្ត eBuddy ដើម្បីជួយសម្រួល
ដល់អ្នកប្រើប្រាស់ក្នុងការជជែកគ្នាតាមរយៈផ្ញើសារជាអក្សរឲ្យគ្នាទៅវិញទៅមកភ្លាមៗបាន ២៤
ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។
ដូចទូរស័ព្ទចល័តនានារបស់Nokia ដែរគឺ ម្ចាស់ Nokia 110 និង Nokia 112 អាចជ្រើសរើស
កម្មវិធីរាប់ពាន់រាប់ម៉ឺនពី Nokia Store យកមកប្រើប្រាស់។ ដោយមានផ្តល់ជូននូវកាមេរ៉ាកែលំអ
ថ្មី អ្នកប្រើប្រាស់អាចយករូបភាពមកដាក់ជាមួយលេខទូរស័ព្ទរបស់មិត្តភក្តិនិងគ្រួសារ ឬផ្ញើរូប
ភាពចែកគ្នាមើលតាមបណ្តាញសង្គម ឬ Bluetooth។
លោកស្រី Mary T. McDowell នាយកប្រតិបត្តិរងនៃក្រុមហ៊ុនNokia ទទួលបន្ទុកផ្នែកទូរស័ព្ទដៃ
(Mobile Phone) បានគូសបញ្ជាក់ថា ៖ អ្នកប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្ននេះ ចង់បាន
អ៊ិនធឺណិតលឿន និងចំណាយតិច ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជូនទិន្នន័យជាព័ត៌មាន
ឬរូបភាពជាដើម។ Nokia 110 និង Nokia 112ធ្វើឲ្យក្តីបំណងរបស់អតិថិជនក្លាយជាការពិត ដោយ
ដាក់កម្មវិធីបើកអ៊ិនធឺណិត និងបណ្តាញសង្គមបញ្ចូលគ្នា បូកផ្សំនឹងថាមពលថ្មប្រើប្រាស់បានយូរ
និងកម្មវិធីកែកម្សាន្តលំដាប់ថ្នាក់ពិភពលោកទៀតផង។
Nokia 112
ទូរស័ព្ទទាំងពីរនេះ មានអេក្រង់ទំហំ 1.8”សមល្មមនឹងលេងហ្គែម។ ក្នុងអំឡុងពេលប៉ុន្មានខែខាង
មុខនេះ Nokia 110 និង Nokia 112 នឹងនាំមកជូនអ្នកប្រើប្រាស់នូវហ្គែម EA ចំនួន ៤០ ហ្គែមដោយ
ឥតគិតថ្លៃ ដែលក្នុងនោះមានហ្គែមល្បីៗជាច្រើនដូចជា Tetris®, Bejeweled®, Need for Speed™
The Run, Monopoly Here & Now, and SimCity™ Deluxe (បើគិតជាទឹកប្រាក់ ហ្គែមទាំងនោះមាន
តំលៃប្រហាក់ប្រហែល ១០០ ដុល្លា)។
ទូរស័ព្ទទាំងពីរម៉ូដែលខាងលើអាចដាក់អង្គចងចាំបន្ថែមបានរហូតដល់ ៣២ ហ្គីកាបៃត៍ ដែលអាច
ដាក់ចម្រៀងបានរហូតដល់ទៅជាង ៦០០០ (ប្រាំមួយពាន់) បទ ឬរូបភាពប្រមាណ ៩០០០០ (កៅ
សិបពាន់) រូបភាព។ ក្រៅពីមានវិទ្យុ, ទូរស័ព្ទទាំងនេះអាចឲ្យអ្នកប្រើប្រាស់សន្ទនាគ្នាបានរហូត
ដល់ទៅ ១០ម៉ោងនិងអាចបើកចោលរយៈពេលមួយខែពេញ។
ទូរស័ព្ទ Nokia 110 និង Nokia 112សុទ្ធសឹងជាទូរស័ព្ទស៊ីមពីរ ដែលផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់
ក្នុងការប្តូរ ស៊ីមទីពីរដោយពុំចាំចាប់បិទទូរស័ព្ទឬដកថ្មចេញពីទូរស័ព្ទឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វា
ថែមទាំងចំណាំរាល់ព័ត៌មានទាំងឡាយដែលអ្នកប្រើប្រាស់ការកំណត់លើស៊ីមកាតនីមួយៗរហូតដល់
ទៅ ៥ ស៊ីមកាត។
តំលៃលក់រាយមិនទាន់គិតពន្ធរបស់ទូរស័ព្ទNokia 110គឺប្រហាក់ប្រហែល ៤៥ ដុល្លាសហរដ្ឋ ហើយនឹងត្រូវផ្គត់ផ្គង់លើទីផ្សារនៅក្នុងត្រីមាសទីពីរនេះ។ ចំណែកឯទូរស័ព្ទ Nokia 112 មានតំលៃលក់រាយ
មិនទាន់គិតពន្ធ ប្រមាណ ៤៩ ដុល្លាសហរដ្ឋ ហើយនឹងត្រូវផ្គត់ផ្គង់នៅលើទីផ្សារនៅក្នុងត្រីមាសទីបីឆ្នាំ
២០១២។
ប្រភព៖ Nokia Cambodia