CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រវត្តិ​ជូរចត់​នៃ​ការបង្កើត WhatsApp

កាលពីថ្មីៗនេះ ក្រុមហ៊ុន Facebook បានប្រកាសទិញកម្មវិធី WhatsApp ក្នុងតម្លៃ ១៩ពាន់លាន ដុល្លារអាមេរិក ដោយសារតែកម្មវិធីមួយនេះ មានចំនួនអ្នកប្រើប្រាស់ ច្រើនរហូតដល់ជាង ៤៥០លាន នាក់។

តើ WhatsApp កើតឡើងនៅពេលណា? កើតឡើងដោយសារអ្វី? បើយោងតាមរបាយការណ៍នៅលើ WiKi បានឲ្យដឹងថា កាលពីឆ្នាំ ១៩៩៨ លោក Brian Acton និង Jan Koum បានជួបគ្នានៅក្នុងក្រុមហ៊ុន Yahoo ប៉ុន្តែប៉ុន្មានជា ៩ឆ្នាំក្រោយពួកគេទាំងពីរនាក់ បានសម្រេចចិត្តលាឈប់។

ក្រោយពីលាឈប់ពី Yahoo ទាំងពីរនាក់នេះ បានដាក់ពាក្យចូលបម្រើ ការងារនៅក្នុងក្រុមហ៊ុន Facebook នឹង Twitter ប៉ុន្តែត្រូវបាន Facebook និង Twitter បដិសេធមិនទទួលយក។ ក្រោយពេលអត់ការងារធ្វើ ពួកគេទាំងពីរនាក់បានទិញ iPhone ម្នាក់មួយ ហើយបានស្រាវជ្រាវទៅលើ App Store អស់រយៈពេល ៧ខែ រួចក៏បង្កើតបានគំនិតថ្មីមួយ។ នៅថ្ងៃមួយ អ្នកទាំងពីរបានជួប នឹងមិត្តភ័ក្តិរបស់ពួកគេ ម្នាក់ឈ្មោះថា Alex Fishman រួចក៏ពិភាក្សាពីគម្រោងបង្កើត App។ លោក Koum ក៏បានសម្រេចចិត្តដាក់ ឈ្មោះកម្មវិធីនោះថា "WhatsApp" ដោយយើងតាមពាក្យ "What's up" ។ មួយសប្ដាហ៍ក្រោយមក WhatsApp ក៏បានលេចចេញជារូបរាង នៅថ្ងៃទី២៤ខែកុម្ភៈ ២០០៩ ដែលជាថ្ងៃខួបកំណើតរបស់ Koum ផងដែរ។

ក្រោយពីចាប់ផ្ដើម WhatsApp បានប៉ុន្មានមក លោក Koum បានបបួល Acton ស្វែងរកការងារថ្មីធ្វើ ប៉ុន្តែ Acton បានប្រាប់ Koum ឲ្យបន្តការងារ WhatsApp។ នៅពេលចេញ WhatsApp 2.0 ស្រាប់តែមានមនុស្ស ២៥០.០០០នាក់ បានប្រើ WhatsApp ភ្លាមនោះ Koum បានជួប Acton ដើម្បីពិភាក្សា គួរតែមានបុគ្គលិក និងមានអ្នកវិនិយោគ ដើម្បីទទួលបានជោគជ័យ។

នៅខែតុលា លោក Acton បានបញ្ចុះបញ្ចូល អតីតមិត្តរួមការងារ នៅក្នុងក្រុមហ៊ុន Yahoo ចំនួន ៥ ដើម្បីឲ្យវិនិយោគមកលើ WhatsApp ពេលនេះ អ្នកទាំង ៥នាក់ បានយល់ព្រម និងប្រមូលបាន ២៥០.០០០ដុល្លារអាមេរិក ដោយផ្ដល់នូវតំណែង ឲ្យពួកគេជាសហស្ថាបនិក និងស្ដុក ។

គួរបញ្ជាក់ផងដែរថា លោក Koum និង Acton បានថ្លែងអំណរគុណ ដល់មិត្តភ័ក្តិទាំងអស់ ដែលបានជួយជា កម្លាំងចិត្ត ថវិកា និងកម្លាំងកាយក្នុងការបង្កើត WhatsApp ជាពិសេសគឺ Chris Peiffer ដែលបានជួយបង្កើត WhatsApp សម្រាប់ BlackBerry៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Whatsapp 's history Facebook Hightech