ក្រុមហ៊ុន Samsung មិនអាចបិទបាំងបានឡើយនូវចេតនា ក្នុងការបង្កើនទំហំអេក្រង់ស្មាតហ្វូនរបស់ ពួកគេ ជាពិសេសស្មាតហ្វូនថ្នាក់កណ្តាល Galaxy A9 ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ មានអេក្រង់ដល់ ទៅ ៦អ៊ីន។ ប្រហែលជា Samsung អាចនឹងបន្តទំនោរនេះ ជាមួយនឹង Galaxy S7 ផងដែរ។ បន្ទាប់ពីមាន ព័ត៌មានចចាម អារាមជាច្រើនពីអេក្រង់ទំហំ ៥.១អ៊ីន, ៥.២អ៊ីន, ៥.៥អ៊ីន ឬក៏ ៥.៧អ៊ីន ពេលនេះមាន ព័ត៌មានចចាមអារាមបន្ត ចេញមកថា Galaxy S7 Plus នឹងបង្ហាញណែនាំខ្លួនម្តងពីរម៉ូដែល ដែលមាន ទំហំអេក្រង់ធំជាងមុន ពោលគឺពួក វាមានទំហំអេក្រង់ដល់ទៅ ៦អ៊ីន។ សម្រាប់ម៉ូដែលអេក្រង់ទំហំ ៦អ៊ីននេះ នឹងមានម៉ូដែលអេក្រង់កោង (ម៉ូដែល Edge) និងម៉ូដែលអេក្រង់ត្រង់។ ទន្ទឹមនឹងម៉ូដែលអេក្រង់ ៦អ៊ីន ប្រភពព័ត៌មានដដែល ក៏បានបន្ថែមឲ្យដឹងថា Glaxy S7 នឹងមានទំហំអេក្រង់ពីរផ្សេងគ្នាទៀត ក្នុងនោះម៉ូដែលអេក្រង់ ៥.៥អ៊ីន ជាម៉ូដែលអេក្រង់កោង (Edge) និងម៉ូដែលអេក្រង់ ៥.១អ៊ីន មានអេក្រង់ត្រង់ធម្មតា។
នៅមិនទាន់ដឹងថា ព័ត៌មានដែលបានចេញផ្សាយមកនេះ វាត្រឹមត្រូវ ឬក៏អត់នោះទេ ប៉ុន្តែព័ត៌មាននេះ ត្រូវបានផ្គត់ ផ្គង់មកដោយ ITSKINS ដែលជាក្រុមហ៊ុនផលិតឧបករណ៍គ្រឿងផ្សំមួយ មានព័ត៌មាន ត្រឹមត្រូវច្រើនគួរសម ស្តីពីទំហំវិមាត្ររបស់បណ្តាស៊េរី Galaxy កាលពីមុនៗ។
បច្ចុប្បន្ន បណ្តាព័ត៌មានស្តីពី Galaxy S7 គឺមានភាពច្របូកច្របល់គ្នាជាខ្លាំង។ កាលពីម្សិលមិញ ក៏មានព័ត៌មាន មួយចេញពីបុគ្គលម្នាក់មានឈ្មោះហៅថា ShaiMizrachi បានឲ្យដឹងថា Galaxy S7 នឹងមានអេក្រង់ទំហំ ៥.២អ៊ីន និង ៥.៥អ៊ីន សម្រាប់ម៉ូដែលអេក្រង់កោង។ បើតាមការរំពឹងទុក Galaxy S7 នឹងធ្វើការបង្ហាញណែនាំ នៅក្នុងព្រឹត្តិការណ៍ MWC 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ ខាងមុខនេះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte