អ្នកប្រើប្រាស់ Reddit ម្នាក់ បានបង្ហោះរូបភាព iPhone 7 របស់ខ្លួន ដែលត្រូវបានផ្ទុះ នៅតាមផ្លូវនៃការផ្ញើផលិតផល ទៅឲ្យអតិថិជន។
បន្ទាប់ពីមានកំហុសបញ្ហាថ្ម ដែលធ្វើឲ្យស្មាតហ្វូន Galaxy Note 7 ផ្ទុះឆេះ អ្នកប្រើប្រាស់ជាច្រើននាក់បានគិតថា Apple នឹងជាក្រុមហ៊ុនដែលទទួលបានផលប្រយោជន៍ជាងគេពី Samsung។ ជាក់ស្តែង Apple អាចនឹងភ្ញាក់ខ្លួន នៅពេលបានឃើញករណី iPhone 7 ដំបូងគេនៅលើពិភពលោក បានផ្ទុះឆេះ។
តាមប្រភពពីសារព័ត៌មាន BGR បានឲ្យដឹងថា គណនីមួយមានឈ្មោះថា "kroopthesnoop" បានបង្ហោះឡើងនៅលើ Reddit នូវរូបភាពដែលបានបង្ហាញឲ្យថា iPhone 7 បានឆេះខ្លោច ខូចទ្រង់ទ្រាយដើម ត្រូវបានគេដាក់ជិតប្រអប់។ អ្នកប្រើប្រាស់រូបនេះ បានឲ្យដឹងថា iPhone 7 អាចនឹងផ្ទុះ នៅក្នុងពេល ដែលគេផ្ញើផលិតផល មកដល់ផ្ទះគាត់។
រឿងហេតុនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ ហើយបច្ចុប្បន្នក៏នៅមិនទាន់មានការត្រួពិនិត្យណាមួយ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់ ដែលធ្វើឲ្យ iPhone 7 បានផ្ទុះនោះដែរ។ បើយោងតាមរូបភាពនោះ មនុស្សជាច្រើននាក់ បានប៉ាន់ស្មានថា ឧបករណ៍នេះអាចទទួលរងនូវកម្លាំងសង្កត់ណាមួយ ពីខាងក្រៅដែលបានធ្វើឲ្យតួស្មាតហ្វូនកោង និងផ្ទុះតែម្តង។
Apple នៅមិនទាន់មានប្រតិកម្មណាមួយ ស្តីពីបញ្ហានេះនៅឡើយទេ។ កាលពីឆ្នាំមុន មានករណី iPhone ផ្ទុះជាច្រើនគ្រឿង ទូទាំងពិភពលោក ប៉ុន្តែមូលហេតុត្រូវបានកំណត់បញ្ជាក់ថា មកពីអ្នកប្រើប្រាស់ ប្រើនូវឆ្នាំងសាក មានគុណភាពអន់ ដែលមិនមែនផ្គត់ផ្គង់ពីខាងក្រុមហ៊ុន Apple៕
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?
- មិនធម្មតាមែន! អ្នកប្រើប្រាស់ ៩០% នៅតែស្មោះស្ម័គ្រជាមួយនឹង Note 7 ជំនួសឲ្យការប្តូរយកលុយវិញ ឬប្តូរយកម៉ាកផ្សេង
ប្រែសម្រួល៖ មង្គល
ប្រភព៖ BGR, Zing