នៅក្នុងពិធីបទបង្ហាញនៅ CES 2016 នាយកប្រតិបត្តិរបស់ Intel លោក Brian Krzanich បានឲ្យមនុស្សគ្រប់ គ្នាទស្សនាវីដេអូនៃការសម្តែងរបស់យន្តហោះគ្មានមនុស្សបើក (Drone) ចំនួន ១០០ គ្រឿងក្នុងពេលតែមួយ ដែលទទួលបានការកត់ចូលក្នុងកំណត់ត្រា Guinness ពិភពលោក។ គម្រោងមានឈ្មោះថា “Drone 100” នេះ ត្រូវបាន Intel ធ្វើការសហការជាមួយ Ars Electronica Futurelab ហើយបានអនុវត្តកាលពីខែវិច្ឆិកា ឆ្នាំមុន នៅ Flugplatz Ahrenlohe ប្រទេសអាល្លឺម៉ង់។ តាមរយះនេះ អង្គភាព Guinness ពិភពលោកបានទទួលស្គាល់ ការសម្តែងរបស់ "Drone 100" គឺជាកំណត់ត្រាឯកត្តកម្មស្តីពី “យន្តហោះគ្មានមនុស្សបើក ហោះឡើងរួមពេល ជាមួយគ្នាច្រើនជាងគេបំផុត”។
គួរបញ្ជាក់ផងដែរថា មានមនុស្សប្រហែលជា ១៥នាក់មកពី Futurelab និង Intel បានរៀបចំគ្រប់រឿងទាំងអស់ តាំងពី ការបំពាក់ Software, បំពាក់ពន្លឺនៅលើ Drone, ដាក់ចេញផែនការហោះហើរ, រយៈពេលឲ្យពន្លឺបិទបើក ដើម្បីបង្កើតជារូបភាព។ វីដេអូនេះនឹងធ្វើឲ្យអ្នកបានឃើញ Drone ចំនួន ១០០គ្រឿង ត្រូវបានបញ្ជាដោយបណ្តា កុំព្យូទ័រ (ពិតណាស់គឺប្រើអង្គដំណើរការ និង Software របស់ Intel) ជាមួយនឹងពន្លឺបិទបើកតាមចង្វាក់តន្រ្តីបទ Symphony No.9 របស់ Beethoven ដែលបានប្រគុំលេងដោយក្រុមតន្រ្តីករ នៅខាងក្រោមនៃការសម្តែងរបស់ Drone 100 តែម្តង៕
អានអត្ថបទ៖ នាឡិកាឆ្លាតវៃ Moto 360 ម៉ូដែល Sport បញ្ចេញលក់ជាផ្លូវការហើយ ក្នុងតម្លៃ ៣០០ ដុល្លារ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Guinness, TT