កាលពីថ្ងៃទី 7/7, Samsung ទើបតែបង្ហាញជាផ្លូវការនូវមូលហេតុពិតប្រាកដដែលធ្វើឲ្យ
ទូរស័ព្ទទំនើប Galaxy S III របស់អតិថិជនម្នាក់នៅ Ireland ផ្ទុះកាលពីមុន។
សេចក្តីប្រកាសនេះត្រូវបានអ្នកជំនាញដែលស៊ើបអង្កេតពីការផ្ទុះឆេះ Fire Investigations UK (FIUK,
នៅអង់គ្លេស) បានឲ្យដឹងថា ប្រភពថាមពលមួយពីខាងក្រៅគឺជាមូលហេតុសំខាន់បំផុតដែលបង្ក
ឲ្យមានការផ្ទុះ ដែលកំហុសនេះមិនមែនមកពីការរចនាម៉ូដ រឺកំហុសមកពីទូរស័ព្ទឡើយ។
បើតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញ ប្រភពកំដៅដែលធ្វើឲ្យ Galaxy S III ផ្ទុះឆេះនោះអាច
មកពីអ្នកណាម្នាក់បានយកទូរស័ព្ទទៅសំងួតក្នុងម៉ាស៊ីន Microwaveក្រោយពីធ្វើឲ្យចូលទឹកដោយ
អចេតនា។ សព្វថ្ងៃម្ចាស់ទូរស័ព្ទដែលផ្ទុះនេះ បានទទួលស្គាល់នូវទង្វើរបស់ខ្លួនដែលបានធ្វើ ហើយ
បានធ្វើការសុំទោសជាសាធារណៈ។កត្តានេះបង្ហាញថា Galaxy S IIIកំពុងតែដំណើរការល្អជាធម្មតា
មិនមានជួបបញ្ហាអ្វីឡើយ ហើយអ្នកប្រើប្រាស់អាចស្ងប់ចិត្តក្នុងការប្រើទូរស័ព្ទទំនើបមួយនេះ។
Galaxy S III ក្រោយការផ្ទុះឆេះ
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី20/6 នៅក្នុងពិភពបច្ចេកវិទ្យាបានទទួលដំណឹងមិនគួរឲ្យជឿ
មួយ នៅពេលដែលទូរស័ព្ទស៊េរីទំនើប Samsung Galaxy S III នៅសុខៗក៏ផ្ទុះ និងឆេះឡើង។
តាមការរៀបរាប់របស់ម្ចាស់ទូរស័ព្ទ Dylan Kershaw (រស់នៅ Ireland), Smartphone កំពុងតែដាក់
នៅលើជើងទម្រទូរស័ព្ទប្រើក្នុងរថយន្ត ស្រាប់តែផ្ទុះឆេះឡើងជាមួយនឹងផ្កាភ្លើងពណ៌ស និងសំលេង
ផ្ទុះតិចៗ៕
ដោយ៖ សិលា
ប្រភព៖ K14