ពេលវេលាបង្ហាញខ្លួនរបស់ iPhone ជំនាន់បន្ទាប់ គឺកាន់តែខិតជិត ចូលមកដល់ ក្នុងពេលដែល Foxconn ដែលជាដៃគូសហការរបស់ Apple ទើបតែធ្វើការពិសោធផលិតគំរូ iPhone ថ្មី ១០០ គ្រឿង ប្រើអេក្រង់ធ្វើពីកញ្ចក់ sapphire។ គួរបញ្ជាក់ថា iPhone 5s របស់ Apple គឺគ្រាន់តែបំពាក់នូវអេក្រង់ ធ្វើពីកញ្ចក់ធម្មតា ដែលត្រូវបានផលិតដោយក្រុមហ៊ុន Gorilla។
ការដំឡើងនេះ ត្រូវបាន Foxconn អនុវត្តធ្វើនៅសាខាឯ Shenzhen ប្រទេសចិន។ បើប្រៀបជាមួយ ដំណើការផលិត iPhone អេក្រង់កញ្ចក់ Gorilla, ការផ្លាស់ប្តូរមកផលិត iPhone អេក្រង់ sapphire មានភាពស្មុគស្មាញ និងលំបាកជាង។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ Foxconn គឺនៅតែទទួល បានជោគជ័យ ក្នុងការបំពាក់នូវអេក្រង់សារធាតុថ្មី សម្រាប់ iPhone ជំនាន់បន្ទាប់។
Sensor ស្គែនក្រយៅដៃ TouchID របស់ iPhone 5s ត្រូវបានធ្វើពីសារធាតុ sapphire
Apple បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែប្រើប្រាស់វត្ថុធាតុដើម ពីក្រុមហ៊ុនពីរគឺ Synopsys និង Bern Optics ។ ក្រុមហ៊ុនទាំងពីរនេះ ធ្លាប់បានផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីច្នៃបង្កើតកាមេរ៉ាក្រោយ និង Sensor ស្គែនម្រាមដៃ TouchID នៅលើ Apple iPhone 5s។
ទាក់ទងនឹងរឿង iPhone ប្រើប្រាស់អេក្រង់កញ្ចក់ sapphire លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានកំណត់បញ្ជាក់ថា ក្រុមហ៊ុនទើបតែបង្កើតនូវសាខាថ្មីមួយនៅ Arizona អាមេរិច ដើម្បីធ្វើការ ផលិតអេក្រង់កញ្ចក់ sapphire ដល់បណ្តាគំរូ iPhone និង iWatch ក្នុងពេលអនាគត៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview