CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ត្រូវបានផាកពិន័យ ៦៦៧០០០ ដុល្លារ ព្រោះអន្តរាគមន៍ចូលក្នុង តំលៃលក់របស់ iPhone នៅតៃវ៉ាន់

តាមកាសែត Wall Street Journal បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គណៈកម្មការពាណិជ្ជកម្ម សមភាព តៃវ៉ាន់ បានធ្វើការផាកពិន័យ ក្រុមហ៊ុន Apple នូវចំនួនទឹកប្រាក់ ២០លាន TWD (ប្រហាក់ ប្រហែលនឹង ៦៦៧០០០ ដុល្លារ អាមេរិច)។

គណៈកម្មការពាណិជ្ជកម្ម សមភាព តៃវ៉ាន់ បាននិយាយឲ្យដឹងថា ពួកគេមាននៅក្នុងដៃនូវ Email មួយចំនួន បានបង្ហាញឲ្យឃើញថា Apple បានអន្តរាគមន៍ចូលក្នុងតំលៃលក់រាយរបស់ iPhone ក៏ដូចជាកញ្ចប់តំលៃមួយចំនួនរបស់ ប្រព័ន្ធទូរស័ព្ទចល័ត Chunghwa Telecom, Far EasTone និង Taiwan Mobile។ ប្រភពបានឲ្យដឹងថា ប្រព័ន្ធទូរស័ព្ទចល័ត ទាំងបីនេះ ត្រូវប្រមូលព័ត៌មានទាំងអស់ ស្តីពីតំលៃលក់ ឲ្យទៅ Apple ដើម្បីរង់ចាំការអនុម័ត និងយល់ព្រម មុននឹងធ្វើការដាក់លក់នៅលើ ទីផ្សារ ដែលក្នុងនោះមានករណីមួយចំនួន Apple បានស្នើឲ្យ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តទាំង នោះ ធ្វើការកែប្រែតំលៃលក់ឡើងវិញ ផងដែរ។

បច្ចុប្បន្ន នៅមិនទាន់បានដឹងច្បាស់ថា ហេតុអ្វីបានជា គណៈកម្មការពាណិជ្ជកម្ម សមភាព តៃវ៉ាន់ ទទួលបាននូវ Email ដែលបាននិយាយខាងលើនេះ នៅឡើយទេ ប៉ុន្តែ Apple មានសិទ្ធិប្តឹងឧទ្ធរណ៍ តបតវិញ ចំពោះសេចក្តីសម្រេចនេះ។ នៅក្នុងករណី ដែលក្រុមហ៊ុន Apple ត្រូវកាត់ក្តីចាញ់ទាំង ស្រុង នោះចំនួនទឹកប្រាក់ដែលត្រូវពិន័យ នឹងអាចឡើងដល់ ៥០លាន TWD គឺប្រហាក់ប្រហែល នឹង ១,៧ លានដុល្លារ អាមេរិច៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Apple Fined $ 667000 iPhone price Taiwan Hightech