ដូចដែលយើងខ្ញុំ បានចុះផ្សាយមុននេះ ៖ Apple បានកំណត់ថ្ងៃជាក់លាក់ និងផ្លូវការ សម្រាប់
មហាព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 ដែលនឹងត្រូវធ្វើឡើង នៅម៉ោង ១០ព្រឹក នៃថ្ងៃទី ៩កញ្ញា
នៅអាមេរិក ត្រូវនឹងពាក់កណ្ដាលអធ្រាត្រ ឆ្លងចូលថ្ងៃទី ១០ កញ្ញា នៅកម្ពុជា។
ក្នុងអំឡុងពេលនៃការរង់ចាំដល់ថ្ងៃទី ៩កញ្ញា សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាឡើងវិញនូវ
iPhone 6 ចំនួនពីរ ម៉ូដែល ដែលកើតឡើងពីកំពូលស្នាដៃរចនារបស់ Martin Hajek។
ម៉ូដែលក្រៅផ្លូវការ បែប 3D ស្ដីអំពី iPhone 6 នេះ គឺត្រូវបានរចនាឡើង ដោយយោងទៅតាម
បណ្ដាកំណែ mock-up បែកធ្លាយរយៈពេលកន្លង និងយោងទៅតាមគំនិតនៃរចនាបទដែលត្រូវ
បានគេជឿថា ជាកំណែផ្លូវការរបស់ Apple ដែលទើបត្រូវបានក្រុមហ៊ុនអ៊ីនធឺរណែត ចិន China
Telecom បង្ហោះលើបណ្ដាញសង្គម Weibo កាលពីចុងសប្ដាហ៍មុន។
បើទោះជា មានរូបរាងស្រដៀងគ្នាផ្នែករចនាបទ ដោយសារតែម៉ូដែលទាំងពីរ មានជ្រុងកោង
“ទន់ភ្លន់“ ប៉ុន្ដែ ភាពខុសគ្នារបស់វា គឺស្ថិតនៅផ្នែកខាងខ្នង។ រូបភាពដែលយោងទៅលើកំណែ
mock-up គឺមានពណ៌តែមួយ រួមនឹងគំនូសអង់តែនវែង ក្រសោបយកផ្នែកខាងលើ និងខាង
ក្រោម។ ចំណែកម៉ូដែល ដែលត្រូវគេយល់ថា ជាកំណែផ្លូវការ ដែលចេញផ្សាយដោយក្រុម
ហ៊ុន China Telecom គឺមានការបែងចែកពណ៌យ៉ាងច្បាស់ ដូចទៅនឹងស្មាតហ្វូនរបស់ Apple
មុនៗ គឺ iPhone 5/5s ប៉ុន្ដែ គំនូសអង់តែន ត្រូវបានគេរចនាឱ្យតូច និងស្ដើង ជាងផលិតផល
របស់ Apple ។
ពេលនេះ សូមទស្សនារូបភាព iPhone 6 ចំនួនពីរម៉ូដែល ដែលអាចដូចទៅនឹងកំណែផ្លូវការ
របស់ Apple ដេលគ្រោងនឹងបង្ហាញខ្លួន នៅក្នុងថ្ងៃទី ៩កញ្ញាខាងមុខ ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Camnews/Cnet/Macrumors