ថ្ងៃបង្ហាញខ្លួន កំពូលស្មាតហ្វូន Galaxy S5 ថ្មីរបស់ Samsung បានបន្តឡើងកំដៅ នៅពេលដែល មានលេចឮព័ត៌មានចចាមអារាម កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ស្មាតហ្វូននេះ នឹងត្រូវបានបង្ហាញ ណែនាំ នៅថ្ងៃទី ២៣ ខែកុម្ភះ ខាងមុខនេះ។
កាលដំបូងឡើយ Galaxy S5 ត្រូវបានឲ្យដឹងថា វានឹងបង្ហាញខ្លួន នៅក្នុងខែមីនា ឆ្នាំ២០១៤ ហើយក្រោយមក អ្នកដឹកនាំថ្នាក់ខ្ពស់ម្នាក់ របស់ Samsung បានបញ្ជាក់ដូច្នេះដែរ។ ជាក់ស្តែង ក្រោយមកទៀត នាយក Samsung ផ្សេងម្នាក់ទៀត បានបង្ហើបឲ្យដឹងថា គំរូស្មាតហ្វូននេះ នឹង មិនបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC ដែលនឹងជិតប្រារព្ធឡើងនេះទេ។
ពេលនេះ ប្រភពព័ត៌មានពី Mobile Review បានផ្គត់ផ្គង់ព័ត៌មានផ្សេងវិញ ដោយថា Galaxy S5 នឹងបង្ហាញណែនាំខ្លួន នៅឆាប់ៗនេះ គឺនៅថ្ងៃទី ២៣ ខែកុម្ភះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ អ្នក ដែលនិយាយព័ត៌មាននេះគឺលោក Eldar Murtazin ដែលជាអ្នកធ្វើការសន្និដ្ឋាន បានយ៉ាងត្រឹមត្រូវ នូវថ្ងៃបង្ហាញខ្លួនរបស់ Galaxy S4 កាលពីឆ្នាំ២០១៣។ Murtazin ក៏បានប៉ាន់ស្មានថា Galaxy S5 នឹងនៅតែរក្សាតំលៃដដែលដូច Galaxy S4 ហើយវានឹងដាក់លក់នៅខែមេសា។ មកជាមួយ S5 គឺជា TouchWiz ថ្មី និងលក្ខណៈសម្បត្តិដូចនឹងបណ្តា ព័ត៌មានចចាមអារាម មុនៗនេះ។
បើតាមលោក Murtazin ដដែល, Samsung នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយ សម្រាប់ Galaxy S5 នៅថ្ងៃទី ២៣ ខែកុម្ភះ នៅទីក្រុង បាសេឡួណា ប្រទេសអេស្បាញ គឺតែមួយថ្ងៃមុន ព្រឹត្តិការណ៍ MWC 2014 ប្រារព្ធឡើងជាផ្លូវការ។ ស្មាតហ្វូនរបស់ Samsung ត្រូវបានចចាមអារាមថា នឹងបំពាក់ នូវអេក្រង់ 5.2 inch រីសូលុយហ្សិន 2.560 x 1.440 pixel, chip Qualcomm Snapdragon 805 ឬ Samsung Exynos, RAM 3GB, កាមេរ៉ា 16MP, Sensor ស្គែនម្រាមដៃ, interface TouchWiz ថ្មី, ថាមពលថ្ម 3.000mAh ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing