(អាមេរិក)៖ របាយការណ៍ថ្មី បានបង្ហាញថា FBI ចំណាយប្រាក់មិនដល់ ១លានដុល្លារអាមេរិកនោះទេ សម្រាប់ជួយក្រុមអ្នកជំនាញឲ្យ Hack ទូរស័ព្ទ iPhone 5C របស់ភេរវករ និងជាមេជួញដូរគ្រឿងញៀន ដ៏ធំ Syed Farook ដែលត្រូវបានស្លាប់ និងប្រតិបត្តិការរបស់ប៉ូលិស។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា។
នៅមុននេះ លោក James Comey ប្រធាន FBI បានថ្លែងឲ្យដឹងថា ស្ថាប័ន FBI បានចំណាយលុយ ១,៣លានដុល្លារអាមេរិក ក្នុងការជួយក្រុមជំនាញៗ ឲ្យ Hack នូវ Passcode lock ទូរស័ព្ទ iPhone 5C របស់ភេរវករ Farook ក្រោយពេលដែល Apple បដិសេធមិនព្រម ជួយដោះ Passcode មួយនេះ។
ដោយឡែកនៅពេលនេះ ប្រភពជិតស្និទ្ធនឹងភ្នាក់ងារ FBI បានឲ្យដឹងថា ការសម្រាប់ជួយក្រុមមនុស្សជំនាញៗឲ្យ Hack ទូរស័ព្ទ iPhone 5C មិនត្រូវបានចំណាយប្រាក់ដល់ ១,៣លានដុល្លារអាមេរិក ដូចការលើកឡើងរបស់លោក Comey ពោលគឺចំណាយតិចជាង ១លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្រោយពេលភេរវករ Syed Farook ត្រូវបានបាញ់សម្លាប់ នៅក្នុងប្រតិបត្តិការរបស់ប៉ូលិស ទីភ្នាក់ងារ FBI បានស្នើឲ្យក្រុមហ៊ុន Apple ជួយដោះ Passcode ទូរស័ព្ទ iPhone 5C ដែលជាកម្មសិទ្ធិរបស់ Syed Farook ប៉ុន្តែសំណើរបស់ FBI ត្រូវបាន Apple ច្រានចោល ដោយបានលើកឡើងថា ការធ្វើបែបនោះ វាបានរំលោភទៅលើសិទ្ធិរបស់អ្នកប្រើប្រាស់ និងល្មើសទៅលើច្បាប់ក្រុមហ៊ុន ដែលបានកំណត់ ហើយការធ្វើបែបនេះ វានាំឲ្យបាត់ទំនុកចិត្តពីអ្នកប្រើប្រាស់៕
ប្រភព ៖ CNA