CamNews

ទូរស័ព្ទ 

iPhone 6 នឹងមាន RAM 1GB ដូចទៅនឹង iPhone 5/5s ?

ក្រោយពីបែកធ្លាយព័ត៌មាន ស្ដីអំពីកម្រិតថាមពលថ្ម របស់ iPhone 6 ទាំងកំណែ iPhone 4.7
និង 5.5 inch ថ្ងៃនេះ សាធារណជននឹងបានជ្រាបអំពីព័ត៌មានគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត
ទាក់ទិននឹងស្មាតហ្វូនចុងក្រោយរបស់ Apple ។

iPhone 6 នឹងមាន RAM 1GB ដូចទៅនឹង iPhone 5/5s ?


ប្រភពព័ត៌មានពីចិន បានឱ្យដឹងថា iPhone 6 ត្រូវបានបំពាក់ RAM ត្រឹមតែ 1GB ប៉ុណ្ណោះ គឺ
ប្រហាក់ប្រហែលនឹង RAM របស់ iPhone 5/5s ។ ទិន្នន័យនេះ បានបង្ហើបអំពីព័ត៌មានលំអិតជា
ច្រើន នៃ ឈីប RAM ដែលនឹងត្រូវបំពាក់ឱ្យ iPhone 6 ។ បើទោះជាមាន RAM ទាបជាងបណ្ដា
ស្មាតហ្វូន Android (ដែលអាចឡើងដល់ 4GB) ប៉ុន្ដែ សមត្ថភាពគ្រប់គ្រងកម្មវិធីដែលកំពុង
ដំណើរការលើប្រព័ន្ធ iOS គឺពិតជាល្អបំផុតនាពេលបច្ចុប្បន្ន ហើយវានាំមកនូវបទពិសោធដ៏
អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់អាចដំណើរការម៉ាស៊ីន ជាបន្តបន្ទាប់ និងមិនចាំ បាច់បិទកម្មវិធីដែលដំណើរការដោយសម្ងាត់ ប៉ុន្ដែ ម៉ាស៊ីននៅតែមិនមានភាពរអាក់រអួល ឬ
យឺតនោះទេ។

នេះ​ជា​រូប​ភាព​ដែល​ត្រូវ​គេ​ជឿ​ថា ជា​ iPhone 6 របស់ Apple


Apple ហាក់មិនយកចិត្តទុកដាក់ប៉ុន្មាន ទៅលើការដំឡើងកម្រិតរបស់ RAM ជាក់ស្ដែង បណ្ដា
ផលិតផល iPhone ជំនាន់មុនៗ ចាប់ពី iPhone 3G ដែលប្រើ RAM 128MB, iPhone 3G  មាន
RAM 256MB , iPhone 4 និង iPhone 4S ប្រើ RAM 512MB ហើយបច្ចុប្បន្ន គេឃើញថាស្មាត
ហ្វូន iPhone 5/5c និង 5s ក៏មាន RAM មិនធំប៉ុន្មាននោះដែរ គឺត្រឹមតែ 1GB ប៉ុណ្ណោះ។ ដូច្នេះ
គេជឿថា Apple អាចនឹងនៅតែបំពាក់ RAM 1GB ឬលើសជាងនេះបន្តិច នៅលើ iPhone កំណែ
ទី ៨ ដែលមានឈ្មោះថា iPhone 6 ។

ប៉ុន្ដែ ប្រភព​ខ្លះ​ថា iPhone 6L ដែល​មាន​អេក្រង់ 5.5 inch អាច​នឹង​មាន​ RAM 2GB


តាមគម្រោង ឆ្នាំនេះ Apple នឹងបញ្ចេញបន្ថែម នូវម៉ូដែល iPhone 6L ដែលមានអេក្រង់ 5.5
inch សម្រាប់អ្នកចូលចិត្តទូរស័ព្ទធំ និងម៉ូដែល អេក្រង់ 4.7 inch សម្រាប់អ្នកចូលចិត្តកាន់របស់
តូចៗ។ ប្រភពព័ត៌មាន ឱ្យដឹងថា កម្រិតថាមពលរបស់ថ្មនៃម៉ូដែលស្មាតហ្វូនទាំងពីរនេះ ក៏មាន
ភាពខុសគ្នា ហើយបណ្ដាគ្រឿងម៉ាស៊ីនរបស់ កំណែ 5.5 inch និង 4.7 inch ក៏ខុសគ្នាផងដែរ។
មិនយូរប៉ុន្មានទៀតនោះទេ អ្នកគាំទ្រ Apple និងសាធារណជន អាចនឹងបានទស្សនាផ្ទាល់នូវ
ស្មាតហ្វូនជំនាន់ថ្មីបំផុតរបស់ Apple ។ តាមគម្រោង ក្រុមហ៊ុននេះ នឹងឧទ្ទេសនាម iPhone 6
របស់ខ្លួន នៅក្នុងថ្ងៃទី ៩កញ្ញាខាងមុខ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet


Tags: iPhone 6 RAM