CamNews

បច្ចេកវិទ្យា 

ភាគហ៊ុននិងប្រាក់ចំណូលរបស់ស្ថាបនិក​ Facebook


នៅ​ក្នុង​ឯកសារ ដែលត្រូវបាន​​បញ្ជូន​ទៅ​អោយគណៈកម្មការ​មូលបត្រដើម្បីសុំចុះឈ្មោះលក់ភាគ
ហ៊ុនជាសាធារណៈ ក្រុមហ៊ុន Facebook បាន​បង្ហាញ​អោយដឹងថា ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ របស់ខ្លួនគឺមានចំនួន ៣.៧១១​​លាន​ដុល្លារ​ រីឯប្រាក់ចំណេញសុទ្ធ គឺ ១.០០០​លានដុល្លារ។

គេបានដឹងជាទូទៅហើយថា ប្រាក់ចំណូលចម្បងរបស់គេហទំព័រមួយគឺបានមកពីការផ្សព្វផ្សាយ
ពាណិជ្ជកម្មផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននានា ដូច្នេះ Facebook ក៏រកប្រាក់បានដោយសារ
ប្រការខាងលើនេះដែរ។ ក្នុងឆ្នាំ ២០១១ Facebook ទទួលបានប្រាក់ចំនួន ៣.១៥០ ​​លាន​ដុល្លារ​ពី
ការផ្សាយពាណិជ្ជកម្ម គឺប្រមាណជា ៨៥% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំ  នេះគឺជាប្រាក់ចំណូល
សំខាន់បំផុតរបស់គេហទំព័រសង្គមនេះ។ ក្រៅពីការផ្សាយពាណិជ្ជកម្ម Facebook ​ក៏អាចរកប្រាក់
បាន ១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​ ២០១១ តាមរយៈក្រុមហ៊ុន ផលិតហ្គេមអ៊ីនធើរណែត Zynga ។

បើទោះជា Facebook រកបានប្រាក់ចំណូលដល់ទៅ ៣.៧១១​​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗក៏ដោយ ប៉ុន្ដែ លោក Mark Zuckerberg ​ជាស្ថាបនិក និងជាអគ្គនាយករបស់ Facebook ក៏មិនទទួលបានប្រាក់ច្រើន
ប៉ុន្មាននោះដែរ ព្រោះថា លោកមិនមែនជាម្ចាស់ភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុននេះនោះទេ។ ភាគហ៊ុនរបស់លោក Mark Zuckerberg ​មានចំនួន ២៨,៤% ដូច្នេះ បើគិតទាំងប្រាក់ខែ រួមជាមួយ
និងប្រាក់ចំណូលបានមកពីភាគហ៊ុន នោះលោក Mark Zuckerberg ​ទទួលបានប្រាក់ចំណូលសរុប
(សម្រាប់ឆ្នាំ ២០១១) គឺ ១.៤៩០.០០០ ដុល្លារអាមេរិក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ pnmt


Tags: facebook hightech techno