CamNews

ទូរស័ព្ទ 

Nokia ចាប់ផ្តើមសង់រោងចក្រជាផ្លួវការនៅវៀតណាម

ក្រុមហ៊ុន Nokia ប្រកាសចាប់ផ្តើមសាងសង់រោងចក្រនៅប្រទេសវៀតណាមហើយ ដើម្បីបំពេញ
សេចក្តីត្រូវ ការទូរស័ព្ទចល័តរបស់ប្រជាជននៅទូទាំងពិភពលោក។ ពិធីខាងលើមានការអញ្ជើញ
ចូលរួមពីលោកស្រី Nguyen Thi Kim Nganលេខាធិការគណៈកម្មការមជ្ឈិមបក្សនិងជាអនុប្រធាន
រដ្ឋសភាជាតិវៀតណាម, លោក Nguyen Quan រដ្ឋមន្ត្រីនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា,
លោក KimmoLahdevirta ឯកអគ្គរដ្ឋកាទូតនៃប្រទេសហ្វាំងឡង់ប្រចាំនៅប្រទេសវៀតណាម ព្រមទាំង
មន្ត្រីជាងខ្ពស់ជាច្រើននាក់ទៀត សរុបទាំងអស់ប្រមាណជាង ២០០​ រូប។

 

មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវៀតណាម-សឹង្ហបុរីនៃខេត្តបាក់នីញ រោងចក្រ Nokia កំពុង
តែត្រូវបាន​រៀបចំតំលើងនៅលើផ្ទៃដីចំនួន ១៧ ហិកតា ហើយគេរំពឹងថានឹងរួចរាល់ជាស្ថាពរនៅ
ដើមឆ្នាំ ២០១៣ខាងមុខនេះ។

ព្រឹត្តិការណ៍កាលពីម្សិលមិញគឺជាការបោះជំហានថ្មីមួយទៀតដែលស្តែងឲ្យឃើញអំពីការប្តេជ្ញាចិត្ត
របស់ Nokia ក្នុងការវិនិយោគទុនរយៈពេលយូរអង្វែងនៅក្នុងទីផ្សារប្រទេសវៀតណាមផ្អែក លើ
បង្គោលយុទ្ធសាស្រ្ត “Connect the next billion” ពោលគឺការផ្តល់ជូនអ្នកប្រើប្រាស់រាប់ពាន់​លាននាក់
​បន្ថែមទៀតនូវ​លទ្ធភាពចូលទៅប្រើប្រាស់អ៊ិនធឺណិត។

គោលជំហររបស់ Nokia នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ មានភាពរឹងមាំ ហើយទូរស័ព្ទ ចល័ត
ដើរតួនាទីយ៉ាងសំខាន់។ រោងចក្រផលិតកម្មថ្មី កំពុងតែត្រូវបានស្ថាបនាឡើងក្នុងគោល បំណងដើម្បី
បំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ផង និងដើម្បីជួយឲ្យ Nokia ផ្តល់ជូននូវបទពិសោធន៍​ទូរស័ព្ទចល័ត
​ទៅដល់អ្នក​ប្រើប្រាស់រាប់ពាន់លាននាក់នៅជុំវិញពិភពលោកផង។

លោក Nguyen NhanChien ប្រធានគណៈកម្មការប្រជាជនប្រចាំខេត្តបាក់និញ បានមាន ប្រសាសន៍
ថា“យើងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Nokia ដែលបានប្រែក្លាយគំរោងសាងសង់
រោងចក្រនៅទីនេះឲ្យក្លាយទៅជាការពិត។ កត្តានចូលរួមចំណែកបង្កើនការវិនិយោគពីបរទេសនៅ
ក្នុងប្រទេសវៀតណាម ជាពិសេសក្នុងខេត្តបាក់និញនេះតែម្តង។ យើង សង្ឃឹមថា នឹងមានលទ្ធផល
ជាវិជ្ជមានចំពោះសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតការងារ និងការលើកកំពស់ចំណេះដឹងនៅ
ក្នុងសហគមន៍ស្តីពីបច្ចេកវិទ្យាព័ត៌មាន”។

លោកស្រី Mary McDowell​ នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែក Mobile Phone
បានមានប្រសាសន៍បញ្ជាក់ថា “ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលវៀតណាម គំរោង
ស្ថាបនា​រោងចក្រនៅវៀតណាមដំណើរការយ៉ាងរលូន។ រោងចក្រថ្មីនេះនឹងផលិត និងផ្គត់ផ្គង់
ផលិតផលទូរស័ព្ទដៃថ្មី តំលៃកាន់តែសមស្រប និងបំពេញតំរូវការប្រើប្រាស់ក្នុងស្រុក ជាពិសេសនៅ
ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍”។

Nokiaកំពុងមានដំណើរការល្អក្នុងការអនុវត្តយុទ្ធសាស្រ្ត “Connect the next billion” របស់ខ្លួន។
កន្លងមក ក្រុមហ៊ុនបានបញ្ចេញផលិតផលជាច្រើនម៉ូដែល ប្រកបដោយការរចនាម៉ូដនិងទំរង់
ទូរស័ព្ទថ្មីៗ មានកម្មវិធីបណ្តាញសង្គម កម្មវិធីកំសាន្ត, Messaging និងសេវាកម្មជាច្រើនទៀត
ទៅក្នុងទីផ្សារដើម្បីផ្តល់ជូនអតិថិជន។

ក្រុមហ៊ុន Nokia បានបើកប្រតិបត្តិនៅក្នុងប្រទេសវៀតណាមលើកដំបូងនៅក្នុងឆ្នាំ ១៩៩៦ ហើយ
បាន​ខិតខំ​ប្រឹងប្រែងយ៉ាងសកម្មក្នុងការសំរបខ្លួនចូលក្នុងសហគមន៍វៀតណាម។ ដូចជាក្រុមហ៊ុន
អន្តរជាតិនានាដែរNokia បានពិនិត្យឃើញថា វៀតណាមគឺជាទីផ្សារកំពុងរីកចំរើន និងពោរពេញ
ទៅដោយសក្តានុពល។

នាពេលបច្ចុប្បន្ននេះ Nokia មានការិយាល័យតំណាងចំនួនពីរនៅប្រទេសវៀតណាម ៖ មួយនៅឯ
ទីក្រុងហូជីមិញ ហើយមួយទៀតនៅទីក្រុងហាណូយ។ ការិយាល័យទាំងពីរនេះគ្រប់គ្រង ប្រតិបត្តិការ
ទីផ្សារលើផលិតផលទូរស័ព្ទដៃ។ កាលពីឆ្នាំ ២០១០ Nokia បានបើកការិយាល័យ​តំណាងបន្ថែម​មួយ
ទីតាំងទៀត​នៅ​ឯរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បង្កើតបានជាទីផ្សារប្រចាំនៅភូមិភាគ
ឥណ្ឌូចិន។



ប្រភព៖ Nokia


Tags: nokia vietnam