CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung នឹងដាក់លក់ Galaxy Note 3 តំលៃទាប នៅដើមឆ្នាំ ២០១៤

អ្នកដែលស្រលាញ់ចូលចិត្ត Galaxy Note 3 ប៉ុន្តែមិនអាចទិញបាន ដោយសារតែ តំលៃលក់ថ្លៃ ពួកគេនឹងមានឱកាស អាចប្រើប្រាស់ស្មាតហ្វូន នេះបាន ដោយសារតែ Samsung នឹងដាក់លក់នូវម៉ូដែល តំលៃទាបរបស់ Note 3 នៅដើមឆ្នាំ ២០១៤ ខាងមុខនេះ។

ម៉ូដែល Note 3 តំលៃទាបជាងមុននេះ មានឈ្មោះថា Note 3 Lite នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងព្រឹត្តិការណ៍ តាំងពិព័រណ៌ Mobile World Congress ឆ្នាំក្រោយ ហើយនឹងត្រូវដាក់លក់ ប្រហែលជានៅខែមិនា ឆ្នាំ២០១៤។

បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានស្តីពីលក្ខណៈសម្បត្តិ (Hardware) នៃម៉ូដែលនេះ នៅឡើយទេ ក្រៅតែពីដឹងថា វានឹងមានពីរពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និងស។ ប៉ុន្តែបណ្តាព័ត៌មានស្តីពីម៉ូដែល SM-N7505 ដែលត្រូវបានចាត់ទុកថាជា Note 3 Lite បានឲ្យឃើញថា Samsung កំពុងតែធ្វើពិសោធ ផលិតផលជាមួយនឹងអេក្រង់ ទំហំ 5,49 inch និង 5,7 inch។ សព្វថ្ងៃ Note 3 មានអេក្រង់ទំហំ 5,7 inch។


បើតាមបណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗនេះ ក៏បានឲ្យដឹងដែរថា Samsung នឹង ប្រើប្រាស់អេក្រង់ LCD ជំនួសឲ្យ SuperAMOLED ហើយកាមេរ៉ារបស់ Note 3 Lite ក៏នឹងត្រូវបន្ថយពី 13 megapixel ចុះមកនៅ 8 megapixel ផងដែរ។ 

បច្ចុប្បន្ន Samsung នៅមិនទាន់បានផ្តល់ព័ត៌មាន ក៏ដូចជាប្រតិកម្មអ្វីទាំងអស់ ស្តីពីការដែលថា នឹងមានបង្ហាញខ្លួន នូវម៉ូដែល Galaxy Note 3 Lite នោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Samsung Galaxy Note 3 Low price Smartphone Hightech