CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Apple សន្យានឹងធ្វើការដោះស្រាយបញ្ហាថ្មនៅលើ iPhone 4S

កាលពីថ្ងៃម្សិលម៉ិញក្រុមហ៊ុន Apple បានទទួលស្គាល់ជាផ្លូវការស្តីពីបញ្ហាកំហុសឆ្គងមួយ
ចំនួនដែលកើតមានឡើងនៅលើប្រព័ន្ធដំណើរការ iOS 5 របស់ខ្លួនចំពោះបញ្ហាថ្មរបស់
ទូរស័ព្ទថាមានការថយចុះយ៉ាងលឿនដែលអ្នកប្រើប្រាស់ iPhone 4S ភាគច្រើនបានលើក
ឡើង។ ហើយបញ្ហានេះវាមិនត្រឹមតែជះឥទ្ធិពលលើ iPhone 4S ប៉ុណ្ណោះទេ ថែមទាំងកើត
មានឡើងចំពោះបណ្តាផលិតផលផ្សេងៗទៀតផងដែរ ។


តាមប្រភព Macworld ,អ្នកតំណាងរបស់ Apple លោកស្រី Natalie Harrison អោយដឹងថា
បញ្ហានៅលើ iOS 5 បានធ្វើអោយឧបករណ៍អេឡិចត្រូនិចជាច្រើនដែលបានតំឡើងវារួចបាន
ជួបនូវបញ្ហាថ្មមានការថយចុះលឿនខុសពីធម្មតា ។ តាមរយៈនោះ Apple ក៏បានអោយដឹង
ផងដែរថានេះគឺជាកំហុសរបស់ Software មិនមែនជាកំហុសលើការរចនា Hardware លើ
iPhone 4S នោះទេ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកស្រី Natalie Harrison បានអោយដឹង
បន្ថែមថាបច្ចុប្បន្នគឺមានអតិថិជនមួយចំនួនតូចប៉ុណ្ណោះដែលបានលើកឡើងពីបញ្ហាដែលថា
ឧបករណ៍អេឡិចត្រូនិចដែលបានតំឡើង iOS 5 ជួបនូវបញ្ហាថ្មមានការចុះខ្សោយលឿន ។

លោកស្រី Natalie Harrison និយាយថា" យើងខ្ញុំបានរកឃើញនូវបញ្ហាមួយចំនួនដែលជះ
ឥទ្ធិពលយ៉ាងខ្លាំងចំពោះថេរវេលារបស់ថ្ម ហើយយើងខ្ញុំនឹងបញ្ចេញកំណែ Update ថ្មីដើម្បី
ធ្វើការដោះស្រាយនូវរាល់បញ្ហាទាំងនេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ" ។

បើទោះបីជា Apple មិនបានប្រាប់អោយដឹងពីពត៌មានលំអិតស្តីពីកំហុសឆ្គងផ្នែកណាមួយពិត
ប្រាកដ ប៉ុន្តែកន្លងមកមានអ្នកជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីម្នាក់ជាជនជាតិអាមេរិកបានរក
ឃើញនូវមូលហេតុនៃបញ្ហាថ្មចុះខ្សោយដែលកើតមានឡើងចំពោះ iPhone 4S នេះ ។ តាម
អ្នកជំនាញរូបនោះអោយដឹងថា អ្នកប្រើប្រាស់គឺគ្រាន់តែបិទនូវកម្មវិធី Setting Time Zone គឺ
អាចធ្វើអោយរយៈពេលនៃការប្រើប្រាស់ថ្មរបស់ iPhone 4S នេះបានយូរឡើងវិញផងដែរ។

អតិថិជនជាច្រើនបានលើកឡើងពីបញ្ហាថ្មចុះខ្សោយយ៉ាងលឿននៅលើ iPhone 4S នេះត្រឹម
តែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះដែល smartphone ថ្មីរបស់ Apple បានធ្វើចរាចរនៅក្នុងទីផ្សារ ។
ហើយនៅមុនពេលដែល Apple ទទួលស្គាល់ជាផ្លូវការនូវកំហុសឆ្គងមួយចំនួនដែលបាន
លើកឡើងខាងលើនេះ កាលពីចុងសប្តាហ៍មុនបណ្តាអ្នកជំនាញរបស់ក្រុមហ៊ុនក៏បានធ្វើការ
ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនមួយចំនួន ដែលបានជួបនូវបញ្ហាថ្មចុះខ្សោយលឿន
នៅលើ iPhone 4S ក្នុងគោលបំណងជួយដោះស្រាយបញ្ហាទាំងនោះជូនពួកគេផងដែរ ៕

ប្រភព៖ DT
ដោយ៖ រស្មី

Tags: electronicapplesmartphoneiphone 4sios 5