នៅក្នុងចំណោមប្រព័ន្ធដំណើរការទាំងបួនឈានមុខគេរបស់ smartphone សម័យបច្ចុប្បន្ន
នេះ Android របស់ Google ត្រូវបានអោយដឹងថាតែងតែជួបនូវបញ្ហាផ្នែក Hardware មាន
កំរិតខ្ពស់បំផុត និងតំរូវអោយក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែតចំណាយប្រាក់រហូតដល់ ២ពាន់
លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗដើម្បីធ្វើការជួសជុល និងប្តូរជូនអតិថិជនរបស់ខ្លួន ។
បច្ចុប្បន្ននេះ Smartphone ទាំងអស់មិនមែនសុទ្ធតែបានបង្កើតឡើងមានកម្មវិធីប្រើប្រាស់
ដូចៗគ្នានោះទេ ហើយដោយឡែកក្រុមហ៊ុន WDS ក៏បានរកឃើញថាមិនមែនរាល់ទូរស័ព្ទ
របស់ Android សុទ្ធតែល្អប្រសើរទាំងអស់នោះដែរ ។ នៅក្នុងរយៈកាលនៃការស្រាវជ្រាវមួយ
អូសបន្លាយរយៈពេលមួយឆ្នាំស្តីអំពីការហៅទូរស័ព្ទផ្នែកសេវាកម្មបំរើដល់អតិថិជន, WDS
បានរកឃើញថា មានទូរស័ព្ទ Android ជាច្រើនបានជួបនូវបញ្ហាផ្នែក Hardware ច្រើនជាង
បើធៀបជាមួយទូរស័ព្ទ iPhone, BlackBerry និង Windows Phone 7 ។ ជាងនេះទៅទៀត
ទូរស័ព្ទ Android ថែមទាំងបាន"ចំណាយប្រាក់"របស់ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណែតអស់
២ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗផងដែរលើការជួសជុលនិងផ្លាស់ប្តូរ ។
លោក Tim Deluca-Smith អគ្គនាយករងផ្នែកទីផ្សាររបស់ WDS បានអោយដឹងថានេះគឺជា
បញ្ហាដែលពិបាកដោះស្រាយបំផុតមួយ របស់ប្រព័ន្ធដំណើរការ Android ។ បញ្ហានេះគឺបាន
បង្ហាញនូវភាពជាក់ស្តែង មានក្រុមហ៊ុនជាច្រើនបានព្យាយាមធ្វើការបោះបង់ចោលនូវបណា្ត
ឧបករណ៍អេឡិចត្រូនិច Android ដែលមានតំលៃទាបជាបណ្តើរៗ ។ ប៉ុន្តែទោះជាយ៉ាងនេះ
ក្តីទូរស័ព្ទតំលៃថោកមិនមែនបានន័យថាជា"ឃាតករ"ចំបងដែលរួមចំណែកដ៏ធំក្នុងការបង្កើន
នូវបរិមាណកំហុសដល់ប្រព័ន្ធដំណើរការ Android នោះឡើយ ។ តាមលោក Deluca-Smith
បានអោយដឹងថាការបើកទូលាយរបស់ប្រព័ន្ធ Android បានធ្វើអោយប្រព័ន្ធដំណើរការមួយ
នេះមានការរីកចំរើនយ៉ាងខ្លាំងមិននឹកស្មានដល់ ។
ការស្រាវជ្រាវខាងលើនេះបានធ្វើការតាមដានទៅលើការហៅទូរស័ព្ទចំនួន ៦០០.០០០ដង
ជំនួយផ្នែកបច្ចេកវិទ្យានិងត្រូវបានធ្វើការដោះស្រាយជូនដោយក្រុមហ៊ុន WDS ។ នៅក្នុង
ការហៅទូរស័ព្ទចេញទាំងអស់របស់ទូរស័ព្ទ Android ក្នុងនោះគឺមាន ១៤% មានកំហុសផ្នែក
Hardware។ ស្ថិតក្នុងលំដាប់ទី ២ គឺទូរស័ព្ទប្រើប្រាស់ Windows Phone ជាមួយកំរិត ១១%
នៃចំនួនសរុបនៃការហៅទូរស័ព្ទ, iOS របស់ Apple ដណ្តើម៧% និង BlackBerry របស់ RIM
មានកំរិតទាបបំផុតគឺត្រឹមតែ ៦% ប៉ុណ្ណោះ។ ប្រការដែលគួរអោយចាប់អារម្មណ៍បំផុតនោះ
គឺប្រព័ន្ធដំណើរការដែលជួបនូវបញ្ហាផ្នែក Hardware មានកំរិតខ្ពស់បំផុតនោះបែជាកើតមាន
ចំពោះក្រុមហ៊ុនដែលមិនធ្វើការផលិត Hardware ទៅវិញ ៕
ប្រភព៖ Digitaltrends
ដោយ៖ រស្មី