Google បានផ្តោតការសង្ឃឹមទៅលើ Project Ara ថានឹងផ្តល់មកជូននូវ ទូរស័ព្ទដែលមានការរចនាម៉ូត ផ្ទាល់ខ្លួន ដ៏ប្លែកមួយ សម្រាប់មនុស្ស ៦ពាន់លាននាក់ ទូទាំងសកលលោក។ ពួកគេបានចែករំលែក បន្ថែមនូវរូបភាពមួយចំនួន និងថែមទាំងបានកំណត់តំលៃលក់ សម្រាប់ផលិតផលនេះ ជាមួយតំលៃ ដ៏ថោក។
រូបភាព Concept មួយស្តីពី Ara របស់ Google
ជាមួយនឹងតំលៃលក់ចាប់ផ្តើមដំបូង មិនលើសពី ៥០ដុល្លារ អ្នកប្រើប្រាស់នឹងអាចទិញបានទូរស័ព្ទមួយ ជាមួយនឹង Board អេក្រង់ Touch Screen និងតំណភ្ជាប់ Wi-Fi។ Google នឹងបង្កើតស្តង់លក់មួយ ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ អាចទិញបន្ថែម នូវផ្នែកពាក់ព័ន្ធក្នុងទូរស័ព្ទមួយចំនួនទៀត ដើម្បីបំពាក់ បញ្ចូលតួរទូរស័ព្ទ ទៅតាមតម្រូវការ និងលុយកាក់របស់ខ្លួន ដូចជា កាមេរ៉ា, Sensor... ។
បណ្តាម៉ូឌុល ដែលអ្នកប្រើប្រាស់ អាចដំឡើងបញ្ចូលបន្ថែម ក្នុងទូរស័ព្ទ
Paul Eremenko ដែលស្ថិតនៅក្នុងក្រុមអភិវឌ្ឍន៍គម្រោង និងបច្ចេកវិទ្យាកម្រិតខ្ពស់ Google ATAP បាន ឲ្យដឹងថា គំរូសាកល្បង (prototype) ដែលអាចមានដំណើរការបានរបស់ Ara នឹងបង្ហាញខ្លួននៅ ពីរបី សប្តាហ៍ខាងមុខទៀតនេះ។ ចំណែក វើហ្សិនសម្រេចរបស់វា ត្រូវបានរំពឹងថា នឹងបង្ហាញណែនាំខ្លួន នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៥។
Ara គឺជាស្មាតហ្វូនមួយ អាចដោះដូរបាន តាមបំណែកនៃផ្នែកនីមួយៗរបស់ទូរស័ព្ទ ដែលលេចចេញពី គំនិតច្នៃប្រឌិត របស់អ្នករចនាម៉ូត Dave Hakkens ជាមួយនឹងមហិច្ឆិតា បង្កើតបានជាទូរស័ព្ទមួយគ្រឿង ដែលគ្រប់ផ្នែកនៃទូរស័ព្ទទាំងអស់ អាចដោះដូរ ដំឡើងបាន ដែលងាយស្រួលដល់អ្នកប្រើប្រាស់ អាច ផ្លាស់ប្តូរ នូវផ្នែកនីមួយៗនៃទូរស័ព្ទ ពេលចង់អាប់ឌេត។ Motorola បានធ្វើការសហការជាមួយនឹង Hakkens ដើម្បីធ្វើគម្រោង Project Ara ហើយបន្ទាប់ពី Motorola ត្រូវបានលក់ទៅឲ្យ Lenono ពួកគេ បានទុក គម្រោង Ara ដល់ Google។
ផ្នែកខាងក្រោយរបស់ទូរស័ព្ទ Ara
ក្រុមហ៊ុន Google នឹងធ្វើសិក្ខាសាលា បណ្តាអ្នកអភិវឌ្ឍន៍ Ara Developers Conference នៅថ្ងៃទី ១៥ និង១៦ ខែមេសា ខាងមុខនេះ នៅ Mountain View, California (សហរដ្ឋអាមេរិច) ដើម្បីណែនាំ ប្រព័ន្ធ ប្រតិបត្តិការ បណ្តាឧបករណ៍ផ្គត់ផ្គង់ ក្រុមអ្នកជំនាញអភិវឌ្ឍ បណ្តាម៉ូឌុលដល់ Ara។ ពួកគេកំពុង ធ្វើការប្រមូលហៅ បណ្តាអ្នកជំនាញ អ្នកផលិតរចនាម៉ូត (OEM) បណ្តាក្រុមហ៊ុន ចាប់ផ្តើមការងារ (startup) ចូលរួមជាមួយគ្នា ដើម្បីធ្វើឲ្យក្តីស្រមៃមួយនេះ ក្លាយជាការពិត។ បើសិនគម្រោងនេះ ទទួល បាននជោគជ័យនោះ Ara នឹងប្រាកដនឹងក្លាយជាផលិត ដ៏លេចធ្លោបំផុតមួយ គិតចាប់តាំងពីពេល Apple ធ្វើការបង្ហាញណែនាំ iPhone៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress