កាលពីពេលថ្មីៗនេះក្រុមហ៊ុននៃកម្មវិធីស្វែងរកដ៏ធំបំផុតក្នុងប្រទេសចិនឈ្មោះថា Baidu
ទើបតែបានធ្វើសេចក្តីប្រកាសមួយស្តីពីការដាក់បន្ថែមនូវមុខងារថ្មីមួយទៀតរបស់ខ្លួន គឺ
ការមើលផែនទីពីផ្កាយរណបជាទំរង់ 3D ដែលប្រហាក់ប្រហែលគ្នានឹង Google Map ដែរ
ចូលទៅក្នុងសេវាកម្មមើលផែនទីរបស់ខ្លួន។
និយាយដល់ Baidu បណ្តាអ្នកដែលតាមដានខាងវិស័យបច្ចេកវិទ្យាប្រាកដជាមិនមានអ្វីដែល
គួរអោយភ្ញាក់ផ្អើលចំពោះឈ្មោះមួយនេះនៅក្នុងប្រទេសចិននោះទេ។ Baidu ក៏ត្រូវបានគេ
ស្គាល់ទៀតផងដែរថាគឺជាឈ្មោះមួយ "ពិបាកលេងចូល" បំផុតដែល Google បានជួបនៅ
ក្នុងទីផ្សារកម្មវិធីស្វែងក្នុងប្រទេសចិន ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្តីប្រសិនជាធ្វើការប្រៀបធៀបគ្នាអំពីឥទ្ធិពលគ្របដណ្តប់នៅក្នុង
ពិភពលោក គឺ Baidu មិនទាន់អាចស្មើនឹង Google នៅឡើយ។ អាស្រ័យដោយហេតុដូច្នេះ
ហើយទើបនៅពេលថ្មីៗនេះ ដើម្បីបង្កើននូវកំលាំងរបស់ខ្លួនអោយកាន់តែខ្លាំងទៀតនោះ
និងដើម្បីធ្វើអោយ Google អស់ឱកាសទាំងស្រុងនៅក្នុងប្រទេសចិន, Baidu បានសំរេចចិត្ត
ដាក់បន្ថែមនូវមុខងារថ្មីរបស់ខ្លួនមួយទៀតគឺការមើលផែនទីពីផ្កាយរណបជាទំរង់ 3D ដែល
ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍យ៉ាងច្រើននាំមុខទាំង Google Map ទៀតផង។
រូបភាពស្វែងរកតាមរយៈកម្មវិធីមើលផែនទីរបស់ Baidu
ជាពិសេសបណ្តារូបភាពពីផ្កាយរណបរបស់ Baidu យកមកប្រើប្រាស់នោះត្រូវបានអោយ
ដឹងថាថ្មីទាំងស្រុងគឺពុំមែនថតចម្លងបន្តពី Google Map នោះឡើយ។ ប៉ុន្តែគួរអោយស្តាយ
ដែល Baidu ផ្គត់ផ្គង់សេវាកម្មនេះត្រឹមតែនៅក្នុងតំបន់ និងប្រើប្រាស់តែភាសាចិន ។
ចាប់កំណើតនៅក្នុងឆ្នាំ ១៩៩៩ និងដំណើរការជាផ្លូវការនៅខែមករា ឆ្នាំ២០០០ ប៉ុន្តែ Baidu
បានប្រែក្លាយជាកម្មវិធីស្វែងរកធំជាងគេនៅក្នុងទីផ្សារបច្ចេកវិទ្យារបស់ប្រទេសចិន និងបាន
នាំមុខទាំង Google និង Yahoo និងឈរក្នុងលំដាប់ទី ៣ នៅក្នុងពិភពលោកអំពីបរិមាណនៃ
អ្នកចូលប្រើប្រាស់ ។
បច្ចុប្បន្ន Baidu កំពុងតែធ្វើការសហការគ្នាជាមូយ Dell ដើម្បីផលិតនូវឧបករណ៍ Tablet និង
smartphone ក្នុងទិសដៅដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាសមិទ្ធផលទាំងឡាយដែល
មានប្រព័ន្ធដំណើរ Android របស់ Google ទៀតផង។ មិនតែប៉ុណ្ណោះ Baidu ក៏កំពុងតែចាប់
ដៃគ្នាជាមួយដៃគូរបស់ខ្លួនគឺ Bing របស់ Microsoft ដើម្បីជំនួយដល់ការស្វែងរកអោយកាន់
តែមានលក្ខណៈប្រសើរឡើងនិងអាចសរសេរជាភាសាអង់គ្លេសផងដែរ ៕
ប្រភព៖ Micgadget
ដោយ៖ រដ្ឋា