បន្ទាប់ពីរយះពេល ៥ខែ ក្រោយពីលោក Steve Ballmer បានប្រកាសឈប់ធ្វើជានាយកប្រតិបត្តិ (CEO) របស់ Microsoft មក គណកម្មាការនាយករបស់សាជីវកម្ម Software យក្ស ក៏បានស្វែងរក និងជ្រើសរើសបាន អ្នកមកជំនួស នោះគឺលោក Satya Nadella ជាអ្នកដែលធ្លាប់ធ្វើជា អនុប្រធាន ថ្នាក់ខ្ពស់ ទទួលបន្ទុកផ្នែក Cloud និងសហគ្រាសរបស់ Microsoft។ Nadella គឺជា CEO ទី៣ របស់ សាជីវកម្មនេះ គាត់បានធ្វើការឲ្យ Microsoft អស់ជាង ២ទសវត្សរ៍ ដែលមានជំនាញយល់ដឹងផ្នែក កម្មវិធី Cloud ក៏ដូចជាបណ្តាសេវាកម្មសហគ្រាសមួយចំនួនទៀត និងបានធ្វើការដឹកនាំជំនួញនេះ ទទួលបានជោគជ័យឲ្យ Microsoft។
បើគិតចាប់តាំងពី Steve Ballmer បានប្រកាសឈប់ធ្វើជា CEO កាលពីក្នុងខែសីហា ឆ្នាំមុនមក គណកម្មការនាយករបស់ Microsoft បានធ្វើការជ្រើសរើស តាំងពី ១០០ បេក្ខជន រហូតមកសល់ ត្រឹម ៣ ឬ៤នាក់ ប៉ុណ្ណោះ ដែលមានសមត្ថភាព អាចគ្រប់គ្រងតំណែង ដ៏សំខាន់ជាងគេរបស់ សាជីវកម្មមួយនេះ។ បណ្តាឈ្មោះដែលមានលទ្ធភាពក្លាយជា CEO ថ្មីរបស់ Microsoft ដែលបាន លេចឈ្មោះ កាលពីប៉ុន្មានខែមុន មានដូចជា Stephen Elop (CEO របស់ Nokia), Alan Mullaly (CEO របស់ Ford) និង Tony Bates (CEO របស់ Skype) ប៉ុន្តែចុងក្រោយគឺលោក Satya Nadella ជាអ្នកដែលត្រូវបានគេជ្រើសរើស។
ទន្ទឹមនឹងពេលដែល Nadella ក្លាយជា CEO ថ្មីរបស់ Microsoft នោះ សហស្ថានិកនៃសាជីវកម្មនេះ គឺលោក Bill Gates នឹងឈប់ធ្វើជាប្រធានសាជីវកម្ម ហើយទុកតំណែងនេះទៅឲ្យលោក John Thompson វិញ។
លោក Satya Nadella កើតនៅឆ្នាំ ១៩៦៩ ឯប្រទេសឥណ្ឌា។ លោកធ្លាប់បានសិក្សាជំនាញផ្នែក វិស្វករអេឡិចត្រូនិច នៅមហាវិទ្យាល័យ Mangalore មុនពេលដែលោកផ្លាស់ប្តូរ ទៅអាមេរិច សិក្សាជំនាញផ្នែកកុំព្យូទ័រ នៅមហវិទ្យាល័យ Wisconsin-Milwaukee។ លោក Nadella ធ្លាប់បាន ធ្វើការនៅ Sun Microsystems មុនពេលផ្លាស់ទៅធ្វើការនៅ នាយកដ្ឋានសេវាកម្មលើបណ្តាញ របស់ Microsoft៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte