រួមជាមួយនឹងស្មាតហ្វូន OPPO N3 ក្រុមហ៊ុនទូរស័ព្ទចិន OPPO ក៏បានបង្ហាញណែនាំនូវស្មាតហ្វូន 64-bit ដំបូងរបស់ខ្លួនផងដែរ នោះគឺ OPPO R5។ បើតាម OPPO នេះគឺជាស្មាតហ្វូនស្តើងជាងគេ បំផុតលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ ជាមួយនឹងកម្រាស់តែ 4,85mm។
ជាមួយនឹងកម្រាស់នេះ OPPO R5 ស្តើងជាងច្រើន បើប្រៀបជាមួយរៀមច្បងរបស់ខ្លួន R3 (6,3mm)។ ស៊ុមនៃស្មាតហ្វូននេះ ត្រូវធ្វើឡើងពីអាលុយមីញ៉ូម និងខាត់ឲ្យរលោងដោយដៃ។
បើនិយាយពីលក្ខណៈសម្បត្តិវិញ OPPO R5 មានអេក្រង់ AMOLED 5.2 inch រីសូលុយហ្សិន Ful-HD ជាមួយកំរិតដង់ស៊ីតែភិចហ្សែល 423 PPI។ នៅក្នុងពិធីបង្ហាញខ្លួន OPPO បានពាណិជ្ជកម្មឲ្យដឹងថា អេក្រង់របស់ស្មាតហ្វូន មានកំរិតពន្លឺភ្លឺច្បាស់ល្អ កំរិតនៃភាពរលោងទាប និងមានសមត្ថភាព បង្ហាញ ពន្លឺពណ៌ បានល្អឥតខ្ចោះ។
ស្មាតហ្វូននេះបំពាក់នូវ CPU 64-bit Snapdragon 615 8 Core របស់ Qualcomm ដែលរួមមាន 4 Core 1.8GHz និង 4 Core 1GHz រួមជាមួយក្រាហ្វិក Adreno 405។ កាមេរ៉ាក្រោយរបស់វាមានទំហំ 13MP ប្រើប្រាស់ Sensor របស់ Sony (IMX214) និងកាមេរ៉ាមុខ 5MP។ ដោយសារតែកម្រាស់នៃតួស្មាតហ្វូន ស្តើងខ្លាំង ដូច្នេះធ្វើឲ្យផ្នែកនៃកាមេរ៉ាក្រោយ រាងលយចេញក្រៅច្រើនគួរសម។
Camera ក្រោយលយចេញក្រៅច្រើនគួរសម
ហើយក៏ដោយសារកម្រាស់ស្តើងនេះ ទើបធ្វើឲ្យ OPPO R5 បំពាក់នូវថាមពលថ្មទាបតែ 2000 mAh ប៉ុណ្ណោះ។
OPPO R5 នឹងមានតំលៃលក់ 499 USD។ បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ឲ្យដឹង ពីពេលវេលាដាក់លក់ស្មាតហ្វូននេះ នៅឡើយទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ GSMarena, Vreview