នៅក្នុងពិភពបច្ចេកវិទ្យា អាចនឹងមានការប្តឹងផ្តល់គ្នាដ៏រង្គោះរង្គើមួយទៀត ប៉ុន្តែលើក
នេះតួឯក គឺមិនមែន Apple និង Samsung ទៀតឡើយ គឺ Nokia ជាមួយនឹង HTC។
ការប្តឹងផ្តល់នេះ បើសិនជាមានមែន វាគឺជាការប្តឹងដ៏ចម្លែកមួយក្នុងពិភពបច្ចេកវិទ្យា ព្រោះថា
ទាំង Lumia 820 និង HTC 8X សុទ្ធតែមិនទាន់បង្ហាញខ្លួនជាផ្លូវការ។ ទន្ទឹមនឹងនោះ ប្រព័ន្ធប្រ-
តិបត្តិការដែលស្មាតហ្វូនទាំងពីរប្រើប្រាស់(Window Phone 8) ក៏មិនទាន់មានអ្នកណាបានប្រើ
ដោយផ្ទាល់ដៃនៅឡើយ។
HTC 8X មានការរចនាម៉ូដដូច Nokia Lumia 820
HTC បានបង្ហាញស្មាតហ្វូនប្រើ Windows Phone របស់ខ្លួនកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមាន
ឈ្មោះថា HTC 8X និង 8S នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយដែលមានទាំងវត្តមានរបស់ CEO
Microsoft - Steve Ballmer ទៀតផង។ ក្នុងនោះ HTC 8X មានរូបរាងដូចនឹង Lumia 820 របស់
Nokia ដែលបានដាក់បង្ហាញខ្លួនពីរសប្តាហ៍មុន HTC។
តាមប្រភពដ៏ស្និទ្ធស្នាលរបស់ Nokia បានឲ្យដឹងថាៈ “Nokia កំពុងរង់ចាំការបញ្ជា ហាមដាក់លក់
ស្មាតហ្វូន HTC 8X លើទីផ្សារមួយចំនួន នៅពេលដែលស្មាតហ្វូននេះដាក់លក់ជាផ្លូវការនៅខែ
វិច្ឆិកាខាងមុននេះ។ ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់បានឲ្យដឹងថា អេក្រង់និងការរចនាម៉ូដរាងកោង
នៅផ្នែកនៃជ្រុងទូរស័ព្ទរបស់ HTC 8X គឺបានចំលងពី Lumia 820 របស់ Nokia។
ខាង HTC មិនទាន់មានប្រតិកម្មណាមួយជាមួយពាក្យសំដីខាងលើរបស់ Nokia នៅឡើយទេ។
ក្រុមហ៊ុនទូរស័ព្ទទាំងពីរនេះ នឹងដាក់លក់ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8
របស់ខ្លួននៅខែវិច្ឆិកាខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ Zng