CamNews

ជីវិត និងការងារ 

ក្លាយជាសេដ្ឋី ព្រោះតែស្អប់ ភាពនៅទំនេរដៃ

Luke Johnson តែងនិយាយថា “ខ្ញុំមិនដែលគិតថា ចង់ទំនេរដៃនោះទេ” ហើយប្រការនេះបានជួយ
ឱ្យគាត់ក្លាយជាសេដ្ឋី ដោយរកបានប្រាក់ ១៥០លានផោន (២៤៣លានដុល្លារអាមេរិក) ព្រមជាមួយ និងជោគជ័យផ្នែកជំនួញជាច្រើនផ្សេងទៀត។

Luke Johnson (រូប ៖ Sunday Times)


រូបមន្ដនៃជោគជ័យរបស់ Johnson គឺ ៖ “ស្វែងរកសហការីល្អ គ្រប់គ្រងល្អ ហើយពួកគេត្រូវមាន
ភាពជឿជាក់ មានចំណេះដឹង និងធ្វើការដោយសប្បាយចិត្ត។ ទន្ទឹមនិងនេះ គួរតែទៅរកគម្រោង
ណាមួយដែលកំពុងមានប្រាកដ ប៉ុន្ដែមិនទាន់បានរីកចម្រើន។”

Luke Johnson បច្ចុប្បន្ន គឺជាអគ្គនាយកនៃមូលនិធិវិនិយោគ Risk Capital Partners នៅអង់គ្លេស។
មូលនិធិវិនិយោគ Risk Capital Partners បាន និងកំពុងបណ្ដាក់ទុនទៅលើវិស័យជាច្រើន ដូចជា
ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ធនាគារ និងក្រុមហ៊ុនពិសោធស្រាវជ្រាវ។ Luke Johnson ក៏
ជាអគ្គនាយកនៃមន្ទីរពិសោធមហារីក (ICS) ហើយកំពុងសរសេរសៀវភៅមួយក្បាលស្ដីអំពីជំនួញ។

សេដ្ឋីវ័យ ៥១ឆ្នាំរូបនេះ បានបង្ហើបនៅលើទំព័រ BBC ៖ “ភាពធុញទ្រាន់ អផ្សុក គឺជាសត្រូវរបស់ខ្ញុំ។ ខ្ញុំត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីទប់ទល់នឹងវា។ ដូចទៅនឹងអ្នកជំនួញដទៃ ខ្ញុំជាមនុស្សមិនចូលចិត្ត
អង្គុយនៅស្ងៀមមួយកន្លែង ដូច្នេះ ខ្ញុំស្វែងរកការជំនួញ”។

គួររំឭកថា កាលពីនៅសិក្សា Johnson គ្រោងនឹងក្លាយជាគ្រូពេទ្យម្នាក់ នៅពេលដែលលោកសិក្សា
នៅសកលវិទ្យាល័យ Oxford ។ ប៉ុន្ដែ អ្វីៗទាំងអស់បានប្ដូរផ្លាស់ នៅពេលដែលលោក និងមិត្តម្នាក់
ទៅធ្វើការជាអ្នកគ្រប់គ្រងក្លឹបរាត្រីមួយ។ “យើងបានគិតឃើញវិធីជាច្រើន ដើម្បីប្រមូលប្រាក់ពីអ្នក
ចូលមកកំសាន្ដ។ ពេលនោះ ខ្ញុំបានដឹងថា ខ្លួនចង់ធ្វើអ្វីជាងគេ នៅក្នុងមួយជីវិតនេះ នោះគឺបើក
ក្រុមហ៊ុនផ្ទាល់ខ្លួន”។
 
ក្រោយមក Johnson បានបោះបង់ការសិក្សាផ្នែកវេជ្ជសាស្ដ្រ។ បន្ទាប់មក លោកមកធ្វើជាអ្នកគក់
ជេរផ្នែកមូលបត្រអស់មួយរយៈពេល មុននឹងបង្កើតមុខរបរផ្ទាល់ខ្លួន នៅវ័យ ២៧ឆ្នាំ។

នៅពេលមានប្រាក់មួយចំនួន លោក Johnson និងមិត្តម្នាក់ឈ្មោះ Hugh Osmond បានសម្រេច
ចិត្តរកស៊ី។ ដំបូង លោកទិញយកក្រុមហ៊ុនភីហ្សាតូចមួយនៅក្រុងឡុង ដែលមានឈ្មោះថា Pizza
Express ។

​កាល​ពី​ដំបូងឡើយ ក្រុមហ៊ុននេះ មានសាខាតែ ១២ប៉ុណ្ណោះ ប៉ុន្ដែដោយស្ថិតក្រោមការគ្រប់គ្រង
របស់ Johnson រយៈពេល ៦ឆ្នាំក្រោយ ក្រុមហ៊ុននេះ មានសាខាដល់ទៅ ២៥០ នៅទូទាំងប្រទេស
អង់គ្លេស។ តម្លៃភាគហ៊ុនរបស់ Pizza Express ពេលនោះ បានកើនឡើង ៤០%។

ប៉ុន្ដែ ដោយសារតែចង់មានបទពិសោធថ្មី Johnson ក៏បានលក់ក្រុមហ៊ុននេះ កាលពីឆ្នាំ ១៩៩៩ ហើយទិញយកភោជនីយដ្ឋានជាច្រើនដែលមានឈ្មោះល្បី ដូចជា The Ivy ឬ Le Caprice ជាដើម
ព្រមទាំងបានបើកភោជនីយដ្ឋាន Strada Italian បន្ថែមទៀត។ មកដល់ឆ្នាំ ២០០៥ លោកក៏លក់
ភោជនីយដ្ឋានមួយចំនួន ក្នុងតម្លៃ ៩០លានផោន (ជាង ១៥០លានដុល្លារ)។ កាលពីដើមឆ្នាំនេះ
បណ្ដាញភោជនីយដ្ឋាន Giraffe របស់ Johnson ក៏ត្រូវបានក្រុមហ៊ុន Tesco ទិញយក ក្នុងតម្លៃ ៥០
លានផោន (ជាង ៨១លានដុល្លារ)ផងដែរ។

បរាជ័យដ៏ធំដែល Johnson ធ្លាប់បានជួបប្រទះ នោះគឺការទិញយកហាងលក់សៀវភៅ Borders
ដោយសារលោក មិនបាននឹកស្មានដល់ថា ការរីកចម្រើនរបស់ Amazon, e-book និងផ្សារទំនើប បណ្ដាលឱ្យហាងលក់សៀវភៅបែបបុរាណរបស់គាត់ត្រូវគេបំភ្លេចចោល។

ទោះជាធ្លាប់ជួបបរាជ័យដ៏ធំបែបនេះ ប៉ុន្ដែ សេដ្ឋីរូបនេះ នៅតែជឿថា “បរាជ័យ មិនមែនជាសេចក្ដី
ស្លាប់”។ លោក Johnson លើកទឹកចិត្តដល់អ្នកជំនួញវ័យក្មេងទាំងឡាយ ៖ “ចូរធ្វើទៅចុះ ជីវិតមិន
មែនជាការហាត់រៀន។ សូមកុំទុកឱ្យខ្លួន ត្រូវស្ដាយក្រោយ”៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

គ្រាន់តែដាំចេក ក៏អាចរកបាន ១លានដុល្លារ រៀងរាល់ឆ្នាំ

ពីនារីស្បែកខ្មៅ ក្លាយជាកំពូលទីប្រឹក្សា របស់ប្រធានាធិបតី អាមេរិក

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: millionair busy Pizza Express Risk Capital Partners Luke Johnson UK