ពិតជាលឿនមែន បន្ទាប់ពីពេល Apple បានបង្ហាញណែនាំនាឡិកាឆ្លាតវៃ Apple Watch ភ្លាម នាយក ដ្ឋានដឹកជញ្ជូនចក្រភពអង់គ្លេស បានដាក់ចេញបញ្ជាហាមឃាត់ ប្រើប្រាស់ឧបករណ៍នេះ ក៏ដូចជា បណ្តាប្រភេទនាឡិកាឆ្លាតវៃដទៃផ្សេងទៀតផងដែរ ក្នុងពេលកំពុងបើកបរយានយន្ត។
តាមប្រភពអ្នកនាំពាក្យរបស់នាយកដ្ឋានដឹកជញ្ជូនអង់គ្លេស បានឲ្យដឹងថា: “ការប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍ណាមួយក៏ដោយ ក្នុងពេលកំពុងបើកបរ ដែលធ្វើឲ្យអ្នកបើកបរ មានការធ្វេសប្រហែស គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទន្ទឹមនឹងនោះ វាក៏ជាសកម្មភាពមួយខុសច្បាប់ផងដែរ។ ពួក យើងកំពុងតែធ្វើការក្រើនរំលឹក ដល់រូបភាពនៃការផាកពិន័យដ៏ធ្ងន់ធ្ងរជាងមុនមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់រឿងនេះ។ នៅក្នុងខែសីហា ឆ្នាំមុន ពួកយើងបានបង្កើនកំរិតនៃការផាកពិន័យឡើងដល់ £100 ផោន (162 USD) ចំពោះអ្នកបើកបរទាំងឡាយណា ប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពេលចូលរួមធ្វើចរាចរ នៅលើដងផ្លូវ”។
ដោយសារតែបណ្តានាឡិកាឆ្លាតវៃ មានសមត្ថភាពបង្កើតបានជាការសន្ទនា មើលសារ ទន្ទឹងនឹងនោះ អាចចូលមើលគេហទំព័របាន ដូចការប្រើប្រាស់ទូរស័ព្ទដៃដែរនោះ ដូច្នេះកំរិតផាកពិន័យ ទៅលើការ ប្រើប្រាស់នាឡិកាឆ្លាតវៃ ក្នុងពេលកំពុងបើកបរ ក៏ត្រូវស្មើនឹងកំរិតផាក នៃការប្រើប្រាក់ទូរស័ព្ទដៃ ពេល កំពុងបើកបរដែរ។ ក្រៅពីការផាកពិន័យ £100 ផោន អ្នកបើកបរក៏ត្រូវប្រឈមមុខ នឹងការដក ៣ពិន្ទុ ពិន័យ មានន័យថាកំរិតនៃធានារ៉ាប់រងយានយន្ត ក៏ត្រូវកើនឡើងតាមនោះផងដែរ។ ចំពោះបណ្តា ករណីដែលធ្ងន់ធ្ងរជាងនេះ ពួកគេក៏អាចត្រូវបញ្ជូនឡើងតុលាការ ដកហូតប័ណ្ណបើកបរ និងត្រូវ ប្រឈមមុខជាមួយនឹងចំនួនប្រាក់ផាកពិន័យឡើងដល់ £1000 ផោន (1622 USD)” ទៀតផង។
ជាក់ស្តែង នៅពេលបច្ចុប្បន្ននេះ អ្នកបើកបរនៅតែមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ ដែលមានលក្ខណៈ ពិសេសដោយមិនបាច់ប្រើដៃ (hands free) និងស្វែងរកទីតាំង ពេលកំពុងបញ្ជាមធ្យោបាយធ្វើដំណើរ ហើយលក្ខណៈពិសេសទាំងពីរនេះ សុទ្ធតែមានវត្តមាននៅលើ Apple Watch។ ហេតុដូច្នេះហើយ បញ្ហានេះពិតជាបង្កផលលំបាកមិនតិចឡើយ ដល់ប៉ូលីស ក្នុងការកំណត់ការប្រើប្រាស់ Apple Watch របស់អ្នកបើកបរ ថាខុសច្បាប់ឬក៏អត់នោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Autoexpress, Tinhte