បញ្ហាលាក់កំបាំងពីក្រោយការខិតខំប្រឹងប្រែងវក់វី ដើម្បីបញ្ឈប់ការរាតត្បាត ជំងឺ Ebola គឺ គ្មាននរណា ម្នាក់ ដឹងថា មេរោគ នេះមានប្រភពពិតប្រាកដមកពីណា ហើយក៏មិន ដឹងពី វិធីបញ្ឈប់វាកុំឲ មានការផ្ទុះឡើងសារជាថ្មីដែរ។ មេរោគនេះ បានផ្ទុះ ឡើងជាច្រើនដងនៅអាហ្រ្វិច ចាប់តាំងពីឆ្នាំ ១៩៧៦។ វាមានប្រភពមកពីណាមិនដឹង ប្រហែលមកពីសត្វប្រចៀវ ប៉ុន្តែអ្នកជំនាញ ចាំបាច់ត្រូវ រកប្រភពជាក់លាក់របស់មេរោគនេះ។ នោះគឺត្រូវ រង់ចាំរហូតដល់ពួកគេអាចបង្រ្កាបការផ្ទុះឡើង នាពេលថ្មីៗនេះ ដែលបានឆក់យកជីវិតមនុស្សអស់ ១១០០ នាក់នៅក្នុងប្រទេសទាំង៤នោះ។
អ្នកវិទ្យាសាស្រ្ត នៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ សហរដ្ឋអាមេរិក Jonathan Towner បាននិយាយថា៖ ជាដំបូង គឺត្រូវគ្រប់គ្រងការផ្ទុះឡើងនេះសិន បន្ទាប់មកត្រូវស្វែងរកប្រភពពិតប្រាកដ របស់វា។
អ្នកវិទ្យាសាស្រ្តនៃសកលវិទ្យាល័យ Virginia Commonwealth ដែលបានដឹកនាំសង្គមអន្តរជាតិ ប្រឆាំងជំងឺឆ្លង វេជ្ជបណ្ឌិត Richard Wenzel បាននិយាយថា៖ ការស្វែងរកប្រភពពិតប្រាកដនៃមេរោគនេះ ពិតជាមានសារៈសំខាន់ជាខ្លាំង។
តាមរយៈប្រវត្តិសាស្ត្រ ជ័យជំនះលើការប្រឆាំងជំងឺឆ្លងកន្លងមក គឺមិនត្រឹមតែបង្រ្កាបការរាលដាលពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ប៉ុននោះទេ ថែមទាំងស្វែងរក និងគ្រប់គ្រងប្រភពមេរោគទាំងនោះ ថែមទៀតផង។
ចំពោះករណី Ebola អ្នកជំនាញសុខភាពគិតថា ករណីចំបងនៃការផ្ទុះឡើងនេះ បណ្តាលមកពី ការបរិភោគ រឺប្រើប្រាស់សត្វដែល ឆ្លងមេរោគ។ ពួកគេយល់ថា មេរោគនេះប្រហែលជាចេញមកពី សត្វប្រចៀវ នៅអាហ្រ្វិចខាងលិច។ ប៉ុន្តែសត្វប្រចៀវ ប្រហែល មិនមែនជាបញ្ហាទាំងស្រុងដែល រាតត្បាតទៅមនុស្សទេ។
អង្គការ WHO បាននិយាយថា៖ កត្តាចំលងមេរោគនេះ ប្រហែលជាមកពី ពពួកសត្វស្វា ដូចជា ស្វាឳ ស្វាគ្រោង និង ថនិកសត្វម៉្យាងដូចឈ្លូស ហើយនិង កាំប្រម៉ា។ សូម្បីសត្វជ្រូកក៏ជា កត្តាជួយពង្រីកការឆ្លង ដោយសារមានសត្វប្រចៀវនៅក្នុង កសិដ្ឋាន។
អ្នកជំនាញជំងឺឆ្លងនៃសកលវិទ្យល័យ Emory វេជ្ជបណ្ឌិត Robert Gaynes បាននិយាយថា៖ វាមិនទាន់ ប្រាកដថាមកពីសត្វមួយណានោះទេ។ វានឹងត្រូវធ្វើតេស្តសាកល្បងសិន។
ការងឿងឆ្ងល់មួយទៀតគឺថា តើមេរោគនេះមានវត្តមាននៅអាហ្រ្វិចខាងលិចអស់ រយៈពេលយូរ ប៉ុនណា។ ការផ្ទុះឡើងកាលពីមុន កើតឡើងនៅតំបន់កណ្តាល និង ខាងកើតនៃទ្វីបនេះ។
ការផ្ទុះឡើងថ្មីៗនេះ ចាប់ផ្តើមនៅតំបន់ដាច់ស្រយាលក្នុងប្រទេស ហ្គីណេ ហើយ ករណីសង្ស័យ ដំបូងគឺក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ដែលបានស្លាប់នៅអាណាខេត្ត Gueckedou ក្នុងខែធ្នូ។ អ្នកស្រាវជ្រាវ បានសរសេរនៅក្នុងទិន្នានុប្បវត្តិ New England ក្នុង ខែមេសា។ ប៉ុន្តែពួកគេមិនបាន ស្មានមើលថាតើ ក្មេងប្រុសនោះបានឆ្លង តាមរបៀប ណានោះទេ។
អ្នកវិទ្យាសាស្រ្ត ក្នុងសហរដ្ឋអាមេរិក និងសេរ៉ាលីអន បានក្រលេកទៅមើលគំរូឈាមរាប់រយ ដែលត្រូវបានបញ្ជូនទៅមន្ទីរ ពិសោធន៏នៅសេរ៉ាលីអនខាងកើត តាំងពីឆ្នាំ ២០០៦ ទៅ២០០៨ បានរកឃើញជិត៩% មានមេរោគ Ebola។
ការឆ្លងEbola ពីសត្វទៅមនុស្ស ហាក់ដូចជាកំរ។ Towner បានរកឃើញមេរោគតែ៣% ប៉ុននោះនៅ ក្នុងសត្វប្រចៀវដែលគាត់បានពិសោធន៏។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news