CamNews

បច្ចេកវិទ្យា 

Xiaomi បង្អួតសមត្ថភាពទប់រំញ័រ ដ៏អស្ចារ្យរបស់ Mi 5 ដែល iPhone 6S, 6S Plus ក៏ចាញ់ដែរ

កាលពីម្សិលមិញ ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិន Xiaomi បានធ្វើការបង្ហាញណែនាំ កំពូល ស្មាតហ្វូនស៊េរីថ្មីមួយរបស់ខ្លួន ដែលមានរូបរាងស្អាតទាក់ទាញ ព្រមទាំងមានលក្ខណៈសម្បត្តិខ្លាំង មិនធម្មតា នោះគឺ Xiaomi Mi 5។ ក្រៅតែពីធ្វើការអាប់ឌេតទៅលើកម្លាំងម៉ាស៊ីន Xiaomi Mi 5 ក៏បាន ផ្តោតសំខាន់ទៅលើការធ្វើប្រសើរឡើងផ្នែកកាមេរ៉ាផងដែរ ពិសេសគឺបច្ចេកវិទ្យាទប់រំញ័រថ្មី 4-axis stabilization តែម្តង ដែលអាចទប់លំនឹងបានយ៉ាងល្អ ពេលថតវីដេអូ។

ជាក់ស្តែងក្រុមហ៊ុន Xiaomi បានធ្វើការតេស្តសាកល្បង នូវសមត្ថភាពទប់រំញ័រដ៏អស្ចារ្យរបស់ Mi 5 ដោយប្រៀបធៀបជាមួយកំពូលស្មាតហ្វូនពីក្រុមហ៊ុន Apple គឺ iPhone 6S និង iPhone 6S Plus នៅក្នុងវីដេអូមួយ ដើម្បីឲ្យយើងបានដឹងកាន់តែច្បាស់ (ត្រង់នេះក៏សូមបញ្ជាក់ដែរថា មានតែ iPhone 6S Plus ប៉ុណ្ណោះ ដែលមានបំពាក់នូវបច្ចេកវិទ្យាទប់រំញ័រ OIS សម្រាប់ iPhone 6S មិនមាននោះទេ)។

 

តាមរយះវីដេអូសាកល្បងនោះ យើងសង្កេតឃើញគេដាក់ស្មាតហ្វូនទាំងបីនៅលើឧបករណ៍ម៉ាស៊ីន គ្រវីមួយ ដោយបើកកម្មវិធីថតវីដេអូនៅលើស្មាតហ្វូនទាំងនោះ។ បន្ទាប់ពីគេបញ្ជាឲ្យម៉ាស៊ីនគ្រវីមាន ចលនាគ្រវីខ្លាំងៗមក យើងសង្កេតឃើញថា សមត្ថភាពទប់រំញ័ររបស់ Xiaomi Mi 5 ពិតជាអស្ចារ្យ ណាស់ ដោយវាអាចទប់រូបភាពឲ្យមានចលនាយឺតៗ មិនញ័រខ្លាំង បើទោះត្រូវម៉ាស៊ីនគ្រវី គ្រវីរង្គើខ្លាំង យ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ រូបភាពវីដេអូក្នុងកាមេរ៉ារបស់ iPhone 6S និង iPhone 6S Plus មានភាពញ័រខ្លាំង ជាមួយនឹងចលនារូបភាពលឿនៗ ទៅតាមកម្លាំងនៃម៉ាស៊ីនគ្រវីនោះ។


ជាក់ស្តែង នេះគ្រាន់តែជាវីដេអូដែលអនុវត្តធ្វើឡើងដោយ ក្រុមហ៊ុន Xiaomi ប៉ុណ្ណោះ។ ពួកយើងនៅ ត្រូវការភស្តុតាងបន្ថែមទៀត ពីបណ្តាអ្នកបច្ចេកវិទ្យាឯករាជ្យផ្សេងទៀត ក្នុងការធ្វើតេស្តសាកល្បង សមត្ថភាពទប់រំញ័ររបស់ Mi 5 ដើម្បីជឿជាក់កាន់ច្បាស់ថា បច្ចេកវិទ្យាទប់រំញ័រថ្មីរបស់​Xiaomi Mi 5 ខ្លាំងអស្ចារ្យដល់កំរិតណា៕


- អានអត្ថបទ៖ Xiaomi Mi 5 បង្ហាញខ្លួនជាផ្លូវការ: រូបរាងស្អាត កម្លាំងខ្លាំងជាមួយនឹងឈីប Snapdragon 820, RAM 4GB
- អានអត្ថបទ៖ Mi 4S ក៏ត្រូវបាន Xiaomi ណែនាំជាផ្លូវការ រួមជាមួយនឹង Xiaomi Mi 5, លក្ខណៈ សម្បត្តិល្អគួរសម

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, VR


Tags: Xiaomi Mi 5 4-axis stabilization Smartphone Hightech